មន្ត្រី​តុលាការ​កំពូល​២​រូប​ដែល​កាត់​រំលាយ​បក្ស​ប្រឆាំង ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​​សមាជិក​​គណៈកម្មការ​កណ្ដាល​បក្ស​កាន់​អំណាច

មន្ត្រី​តុលាការ​កំពូល២​រូប នៅ​ក្នុង​ចំណោម​ចៅក្រម​៩​រូប ដែល​បាន​សម្រេចរំលាយ​អតីត​បក្ស​ប្រឆាំង​នោះ ត្រូវ​បាន​បក្ស​កាន់​អំណាច​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ការងារ​ពិសេស ដើម្បី​ពង្រឹង​សមត្ថភាព​គណបក្ស​នេះ។

ក្នុង​មហាសន្និបាត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ គណបក្សប្រជាជនកម្ពុជា បានសម្រេច​បញ្ចូល​មនុស្ស​ដល់​ទៅ ៣៤២​នាក់​ទៀត ទៅក្នុង​គណៈកម្មាធិការ​កណ្ដាល​នៃ​បក្ស​នេះ ក្នុង​នោះ​មាន​ទាំង​អនុ​ប្រធាន​តុលាការ​កំពូល លោក ជីវ កេង និង​អគ្គ​ព្រះ​រាជ​ លោក​ស្រី ជា លាង ផង​ដែរ។

លោក ជីវ កេង និងលោក ស្រី ជា លាង គឺ​ជាចៅក្រម ២រូប ក្នុងចំណោមចៅក្រម ៧រូបផ្សេងទៀត ដែល​បានចូលរួមជម្រះក្តីសំណុំរឿង ​គ​ណ​បក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់រដ្ឋាភិបាល។

លុះដល់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឌិត មន្ទី  ជាស​មា​ជិកគណៈ​អ​ចិន្ត្រៃ​យ៍​​គ​​ណបក្សប្រ​ជា​ជ​​​​​ន​ក​ម្ពុ​ជាផង​នោះ បានប្រកាសសាលដីកា​ឲ្យរំលាយ ព្រមទាំងហាមមន្ត្រីបក្សប្រឆាំង ១១៨រូប​ទៀត មិនឲ្យធ្វើនយោ​បាយ​រយៈ​​ពេល ៥​ឆ្នាំ​។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន និយាយថា ក្នុងរបបប្រជាធិបតេយ្យ មន្ត្រីក​ម្លាំ​ងប្រ​ដា​ប់​អាវុធ និងមន្ត្រីតុលាការ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលជាសមាជិកបក្ស​នយោបាយ​ណាមួយនោះទេ ដោយលោកថា បើពុំនោះទេ​ ពួកគេនឹ​ងបំពេ​ញ​ការងារ​របស់​ពួកគេ​ដោយ​មិនឯករាជ្យ។

លោក សាម អ៊ីន ឲ្យដឹងទៀតថា ការព្យាយយាមបញ្ចូលមន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ និងតុលាការ ជាមន្ត្រីស្នូលរបស់​គណ​បក្ស​កាន់​អំណាច លោកថា ផែនការយុទ្ធសាស្ត្រនោះ បាន​បង្ហាញ​ពី​ការ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ។

លោកថា៖«នេះវាឆ្លុះបញ្ចាំងថា យើងរំលោភស្មារតីនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាហើយ ហើយខ្ញុំគិតថា គណបក្សប្រជា​ជនក​ម្ពុជា បើលោ​កនៅគិតថា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ គោរពគោលការណ៍​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស នឹងដំ​ណើរដែលគាត់រៀបចំសមាជិកបក្សនេះ គឺគាត់បញ្ច្រសទិសនៃស្មារតីនេះហើយ»។

អ្នកវិភាគនយោបាយលោក​បណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ក្នុងប្រទេសប្រជាធិបតេយ្យ កម្លាំងប្រដាប់អាវុធ និងមន្ត្រីតុ​លា​​ការ មិន​ត្រូវ​ដាក់​បញ្ចូល​ជាសមាជិកបក្សណាមួយនោះ​ទេ ដើម្បីទុកឲ្យស្ថាប័នទាំងនោះ ជាស្ថាប័នឯករាជ្យ បម្រើពលរ​ដ្ឋគ្រប់និន្នា​​ទូទាំងប្រទេស។

លោក ឡៅ ម៉ុងហៃ ពន្យល់ថា មានតែប្រទេសកុម្មុយនីស្តផ្តាច់ការទេ ដែលយកមន្ត្រីក្នុងកងកម្លាំងប្រដាប់​អាវុធ និងតុលាការ​ធ្វើ​ជា​ជាស​មាជិកបក្សរបស់ខ្លួន ដើម្បីយកធ្វើជាឧបករណ៍នយោបាយ។

លោកថា៖«មានន័យយ៉ាងម៉េច គឺទី១ ច្បាប់ត្រូវបានប្រើប្រាស់ជាឧបករណ៍ ដើម្បីបង្ក្រាប ឬកម្ទេច​ខ្លាំង។ ទី២ ច្បាប់ទាំងឡាយ គឺអត់មា​នគោរពសិ​ទ្ធិ​មនុស្សអីច្រើនទេ។ ទី៣ គឺចៅក្រមដែលជាសមាជិកបក្ស ត្រូវគោរពតាមគោលនយោបាយ​របស់បក្ស»។

ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ជ្រើសរើសចៅក្រម និងកងកម្លាំងប្រដាប់អាវុធ​ធ្វើ​​ជា​​ស​មាជិក​បក្ស លោកថា មានធានាដោយច្បាប់ ដោយថា ច្បាប់មិនបានដ​កហូតសិទ្ធិពួកគាត់មិនឲ្យចូលរួម​ជីវិតនយោ​បាយ​ទេ ​ហើយថា ​ក៏មិនមែនលើកទឹកចិត្តចៅក្រមដែលបានរំលាយគណបក្សប្រឆាំងដែរ។

លោកថា៖«ទោះបីមន្ត្រីនគរបាល មន្ត្រីយោធា មន្ត្រីតុលាការ ត្រូវបានបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្តាល​របស់គណ​បក្សប្រជាជនកម្ពុជាក៏ដោយ ក៏អត់មានអ្វីទៅខុសច្បាប់ដែរ។ វាបញ្ហាសំខាន់ គឺនៅលើតួនាទីភារកិច្ច​គាត់នៅពេ​លបំពេញការងា​រហ្នឹង​ស្របទៅតាមច្បាប់កំណត់ឬយ៉ាងម៉េច?។ បើគាត់ធ្វើមិនត្រឹមត្រូវ អាហ្នឹងបានវាខុស តែបើគាត់ធ្វើត្រឹមត្រូវទៅតាមគោ​លការណ៍​ច្បាប់ ដូចជា ច្បា​ប់បោះឆ្នោតអីជាដើម បើគាត់ធ្វើត្រឹមត្រូវ​តាមនីតិវិធីហើយ វាអត់មានបញ្ហាអីទេ»។

រដ្ឋធម្មនុញ្ញមាត្រា១២៨ចែងថាអំណាចតុលាការជាអំណាចឯករាជ្យ។គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួល អំណាចតុលា ការអ្វីបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ