មន្ត្រីនគរបាលខេត្តកោះកុង បានឲ្យដឹងថា កម្មកររាប់រយនាក់នៅរោងចក្រមួយនៅក្នុងខេត្តនេះ បានដួលសន្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃនេះ ប៉ុន្តែថា មិនទាន់ដឹងពីមូលហេតុច្បាប់លាស់នៅឡើយ។
ស្នងការគរបាលខេត្តកោះកុង លោក សំឃិត វៀង ប្រាប់វីអូឌីនៅថ្ងៃនេះថា កម្មការិនីជាង ១០០នាក់នៅរោងចក្រ KKN ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា បានដួលសន្លាប់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យ។
លោកថា លោកមិនទាន់បានដឹងពីមូលហេតុនៃការដួលសន្លប់ក្នុងចំនួនច្រើនបែបនេះនៅឡើយទេ ខណៈសមត្ថកិច្ចរបស់លោកកំពុងស្រាវជ្រាវ។
ដោយផ្អែកទៅតាមការអះអាងរបស់ក្រុមកម្មករមួយចំនួននោះ មន្ត្រីនគរបាលរូបនេះ បានប្រាប់ថា កម្មករទាំងនោះបានដួលសន្លប់ បន្ទាប់ពីពួកគេធុំក្លិនអ្វីម្យ៉ាងភាយចេញពីរោងចក្រនោះ។
របាយការណ៍បេឡាជាតិរបបសន្តិសុខសង្គមឆ្នាំ២០១៧ បង្ហាញថា កម្មការិនី ១១៦០នាក់ បានដួលសន្លប់កាលពីឆ្នាំ២០១៧ ដោយថា ចំនួននេះបានធ្លាក់ចុះបើធៀបនឹងតួលេខឆ្នាំ២០១៦ ដែលមានកម្មការិនីដល់ទៅ ១៦០៣នាក់ ត្រូវបានរាយការណ៍ថា បានដួលសន្លប់។
របាយការណ៍ដដែលនេះបញ្ជាក់ថា ការដួលសន្លប់របស់កម្មការិនី បណ្ដាលមកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រមិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានជីវជាតិ។
របាយការណ៍ដដែលនេះ ឲ្យដឹងថា កម្មករដែលធ្វើការក្នុងវិស័យកាត់ដេរសព្វថ្ងៃមានចំនួន ៨០ម៉ឺននាក់ក្នុងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ជាង១០០០រោងចក្រសហគ្រាស៕