ថៅកែរោងចក្រមួយនៅក្នុងតាខ្មៅ បានប្តឹងសហជីពស៊ីខាវឌូទៅក្រសួងការងារ ដោយចោទសហជីពថានេះ ញុះញង់ឲ្យកម្មករតវ៉ាបិទផ្លូវ ខណៈក្រុមកម្មករនៅតែបន្តតវ៉ាដេកយាមមុខរោងចក្រដើម្បីរង់ចាំដំណោះស្រាយវិវាទការងារ។
ក្នុងលិខិតចុះថ្ងៃទី១៥ ខែមករា ផ្ញើទៅរដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ អ្នកស្រី ឆា ក្បុងហ៊ី ថៅកែរោងចក្ររោងចក្រហ្គាវ័ន្ត បានចោទសហជីពស៊ីខៅឌូថា បានញុះញង់កម្មករឲ្យធ្វើកូដកម្ម។
ថៅកែជាជនជាតិកូរ៉េខាងត្បូងរូបនេះ បញ្ជាក់ប្រាប់លោក អ៊ិត សំហេង ថា វិវាទការងារនៅរោងចក្រនោះ ក្រុមហ៊ុនបានព្យាយាមដោះស្រាយតាមផ្លូវច្បាប់ ប៉ុន្តែ កម្មករនៅតែមិនគោរពតាមការបញ្ជាឲ្យចូលធ្វើការវិញរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងថា តុលាការខេត្តកណ្តាលក៏បានចេញដីកាសម្រេចរក្សាការពារនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយបញ្ជាឲ្យកម្មករនិយោជិតទាំងអស់ចូលធ្វើការវិញផងដែរ។
ក្នុងលិខិតដដែលនោះ អ្នកស្រី ឆា ក្បុងហ៊ី បានចោទថា សហជីពស៊ីខៅឌូមិនគោរពទៅតាមដីការក្សាការពាររបស់សាលាដំបូងខេត្តកណ្ដាល ដោយបន្តញុះញង់ដឹកនាំកម្មករឲ្យបិទទ្វារច្រកចេញ-ចូលរោងចក្រទាំងមុខ និងក្រោយ ហើយមិនឲ្យក្រុមហ៊ុនដឹកទំនិញចូល។
វិអូឌីមិនសុំការឆ្លើយបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេជុំវិញបញ្ហាបណ្តឹងនេះ។
ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ដែលគ្របដណ្ដប់លើសហជីពស៊ីខៅឌូ បានច្រានចោលការចោទប្រកាន់ពីសមណាក់ថៅកែរោងចក្រនេះ ហើយថា រាល់ការតវ៉ាណាមួយរបស់ក្រុមកម្មករ កើតឡើងដោយសារតែពួកគេពុំទទួលបានដំណោះស្រាយជុំវិញវិវាទការងារ។
ផ្ទុយទៅវិញ លោក អាត់ ធន់ ចោទថៅកែរោងចក្រនេះថា មិនគោរពច្បាប់ការងារ ដោយមិនបើកប្រាក់ឈ្នួលឲ្យកម្មករ ហើយថា ករណីកម្មករតវ៉ាបិទផ្លូវដោយសារតែថៅកែនៅជំពាក់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ។
លោកបន្ថែមថា «ខាងក្រសួងក៏ដោះស្រាយបញ្ហានៅរោងចក្រហ្គាវ័ន្ត ហើយសហជីពស៊ីខាវឌូក៏ដោះស្រាយនៅរោងចក្រហ្គាវ័ន្ត អញ្ចឹងយើងបានដឹងច្បាស់ហើយឥរិយាបថរបស់ថៅកែរោងចក្រហ្គាវ័ន្ត ព្រោះគាត់ជាអ្នកបង្កររឿង ដោយមិនបើកលុយឲ្យកម្មករ អញ្ចឹងពេលកម្មករធ្វើការតវ៉ា មិនមានអ្នកណាទៅញុះញង់ទេ។ អញ្ចឹងការប្តឹងរបស់គាត់គ្រាន់តែវិធីសាស្រ្តរបស់ថៅកែដោយគាត់ មិនបានមើលពីកំហុសរបស់ខ្លួនទេ។ អញ្ចឹងខ្ញុំគិតថា ក្រសួងការងារគាត់ដឹងខ្លួនឯងហើយថា តើគាត់ត្រូវធ្វើម៉េចដើម្បីឲ្យថៅកែហ្នឹង បើកលុយឲ្យកម្មករទាន់ពេល វាជារឿងត្រឹមត្រូវ មិនមែនត្រូវទទួលបណ្តឹងហើយចាត់ការតាមបណ្តឹងរបស់ក្រុមហ៊ុនអញ្ចឹងទេ»។
កម្មករផ្នែកដេរអ្នកស្រី ថូ ណៃ យៀប អះអាងថា កម្មករតវ៉ាឈានទៅដល់ការបិទផ្លូវនោះ ដោយសារតែមិនមានដំណោះស្រាយជុំវិញវិវាទការងារ ដោយថា ថៅកែរោងចក្រនោះបានបើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់ កាត់លុយកម្មករខុសកិច្ចសន្យា និងបញ្ឈប់កម្មករខុសច្បាប់ការងារជាដើម។ កម្មកររូបនេះបន្ថែមថា រហូតមកដល់ថ្ងៃទី២៣ ខែមករានេះ ក្រុមកម្មករនៅតែបន្តតវ៉ាដេកយាមមុខរោងចក្រនៅឡើយទេ។
អ្នកស្រីបន្ថែមថា៖ «ការតវ៉ាទាមទារនោះ គឺពួកខ្ញុំធ្វើការទាមទារអត្ថប្រយោជន៍របស់ខ្លួន អត់បានធ្វើតាមការញុះញង់របស់អ្នកណា ឬសហជីពណានោះទេ ព្រោះអាជ្ញាធរថ្នាក់មូលដ្ឋានមិនបានជួយដោះស្រាយមានប្រសិទ្ធិភាពនោះទេ។ ខ្ញុំឲ្យសូន្យចំពោះការដោះស្រាយរបស់គាត់ ព្រោះគាត់អត់បានយកចិត្តទុកដាក់ជាមួយកម្មករនៅក្រោមការគ្រប់គ្រងរបស់គាត់ទេ»។
កាលពីថ្ងៃទី១៨ ខែមករា ក្រុមកម្មករជាង ១ពាន់នាក់នៅរោងចក្រហ្វឺស ហ្គាវ័ន្ត និងហ្គាវ័ន្ត បានដាក់លិខិតសុំអន្តរាគមន៍ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដោះស្រាយវិវាទការងារ ដោយថា ថៅកែជាជនជាតិកូរ៉េ អ្នកស្រី ឆា ក្បុងហ៊ី មិនបានបង់ថ្លៃសេវាគាំពារសុខភាព ប.ស.ស. ជូនកម្មករ បញ្ឈប់កម្មករខុសច្បាប់ការងារ និងគេចវេសមិនចង់ទូទាត់ប្រាក់អតីតភាពការងារ ជូនកម្មករជាដើម៕