ស្រ្តីរងការចោទថាប្រមាថ CPP ប្រឈមការចាប់ខ្លួនពីប្រទេសថៃមកវិញ

អង្គការលើកលែងទោសអន្ដរជាតិ អំពាវនាវទៅអាជ្ញាធរថៃ កុំឲ្យបញ្ជូនស្ដ្រីជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធការចោទថា ប្រមាថថ្នាក់នាំបក្សប្រជាជនកម្ពុជា​(CPP)មកប្រទេសកំណើតវិញ ដោយថា ស្រ្ដីរូបនោះ នឹងទទួលរងការរំលោភសិទ្ធិក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ អង្គការលើកទោសអន្ដរជាតិបានស្នើទៅអាជ្ញាធរថៃ កុំបញ្ជូនស្ដ្រីជនជាតិខ្មែរម្នាក់ឈ្មោះ សំ សុខា ដែលរងការចោទពីរដ្ឋាភិបាលកម្ពុជា ថា បានប្រមាថ និងញុះញង់ឲ្យមានការរើសអើស បន្ទាប់ពីស្ដ្រីរូបនេះ ត្រូវគេមើលឃើញតាមបណ្ដាញសង្គមថា បានយកស្បែកជើងចោលទៅលើស្លាកគណបក្សប្រជាជនកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ជាមួយគ្នានេះ​ អង្គការលើកទោសអន្ដរជាតិក៏ស្នើអាជ្ញាធរថៃ កុំបញ្ជូនគ្រឹស្ដសាសនិក ​ ជាជនជាតិដើមភាគតិចចារ៉ាយម្នាក់ ឈ្មោះ A Ga ឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញផងដែរ ដោយថា បុរសរូបនេះនឹងប្រឈមការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងសាសនា ក្នុងប្រទេសវៀតណាម។​

បើតាម​សេចក្ដីថ្លែងការណ៍ដដែល អ្នកស្រី សំ សុខា បានភៀសខ្លួនពីកម្ពុជាទៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៧ ប៉ុន្ដែ ត្រូវបានអាជ្ញាធរប្រទេសនេះ ឃាត់ខ្លួនកាលពីថ្ងៃទី៦មករាឆ្នាំ២០១៨ ដោយចោទថា ចូលស្នាក់នៅហួសកំណត់ទិដ្ឋាការ និងត្រៀមបញ្ជូនមកប្រទេសកម្ពុជាវិញនាពេលខាងមុខ។

អង្គការលើកទោសអន្ដរជាតិ លើកឡើងថា រដ្ឋាភិបាលថៃ មានកាតព្វកចិ្ចគោរពតាមច្បាប់អន្ដរជាតិ និងកតិកាសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីការប្រឆាំងនិងការធ្វើទារុណកម្ម ដែលហាមមិនឲ្យបញ្ជូនជនភៀសខ្លួន ឬអ្នកសុំសិទ្ធិជ្រកកោន ទៅកាន់ទីកន្លែង ដែលពួកគេងាយប្រឈមការរំលោភសិទ្ធិមនុស្ស។

អង្គការនេះលើកឡើងថា អ្នកស្រី សំ សុខា បានទទួលរងការគំរាមកំហែងពីក្រុមអ្នកគាំទ្របក្សប្រជាជន បន្ទាប់ពីចោលស្បែកជើងលើស្លាកគណបក្សកាន់អំណាច ការបំភិតបំភ័យពីសំណាក់អាជ្ញាធរ។ អង្គការអន្ដរជាតិមួយនេះបន្ថែមថា ថៃត្រូវគោរពគោលការណ៍សកលនៃការមិនបណ្ដេញចេញដោយបង្ខំ (non-refoulement)  ទោះបីជារដ្ឋាភិបាលថៃ បានចុះកិច្ចព្រមព្រៀងស្ដីពីការធ្វើបត្យាប័នជាមួយកម្ពុជា កាលពីឆ្នាំ១៩៩៨ ក៏ដោយ។

តុលាការខេត្ដកំពង់ស្ពឺ បានចេញដីបង្គាប់ឲ្យចាប់ខ្លួន អ្នកស្រី សំ សុខា បន្ទាប់ពីស្ដ្រីរូបនេះ ខកខានមិនបានចូលខ្លួនឆ្លើយបំភ្លឺចំនួន២ដងរួចមកហើយ កាលពីថ្ងៃទី៨មេសា និងថ្ងៃទី១៣មិថុនាឆ្នាំ២០១៧។ តុលាការបានចោទប្រកាន់ស្ដ្រីរូបនេះ ពីបទ «ប្រមាថ» និង «ញុះញង់ឲ្យមានការរើសអើស» អាចនិងមានទោសជាប់ពន្ធនាគារជាង៣ឆ្នាំ ប៉ុន្ដែ អ្នកស្រី សំ សុខាបានរត់ភៀសខ្លួនទៅប្រទេសថៃ រហូតមកទល់ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ