តុលាការ​ផ្ដន្ទា​ទោស​លោក លឺ ឡាយស្រេង ជុំ​វិញ​បណ្ដឹង​បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន

អតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង និងលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

អតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​នៅ​ថ្ងៃ​នេះ ជុំ​វិញ​បណ្ដឹង​​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ និងបណ្ដឹង​បរិហារ​​កេរ្តិ៍​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​មេធាវី​តំណាង​លោក ហ៊ុន សែន ប្ដឹង​ទៅ​តុលាការ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ដោយ​ចោទ​ថា បាន​បរិហារកេរ្តិ៍​លោក​នាយករដ្ឋ​មន្ត្រី។

មេធាវី​​លោក គី តិច ដែល​តំណាង​ឲ្យ​លោក ហ៊ុន សែន នោះ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News ដែល​បាន​និយាយ​ថា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទា​ទោស​លោក ឡឺ ឡាយស្រេង ដោយ​តម្រូវ​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង​ដល់​ទៅ ៥០០​លាន​រៀល ឬ​ស្មើ​នឹង​ ​១២ម៉ឺន​ដុល្លារ។

បណ្ដឹង​ប្រឆាំង​នឹង​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​សំឡេង​សន្ទនា​ឯកជន​របស់​លោក​ជាមួយ​អ្នកស្រី គី លំអង ត្រូវ​បាន​ទម្លាយ​នៅ​លើ​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ជុំ​វិញ​ការ​ជជែក​អំពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

សំឡេង​សន្ទនា​តាម​ទូរសព្ទឯកជន​នោះ ត្រូវ​បាន​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ចាត់​ទុក​ជា​ការ​ប្រមាថ​ទៅ​លើ​ព្រះ​មហាក្សត្រ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ