ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋ កុំឲ្យបរិភោគត្រីក្រពតចំនួន ៣ប្រភេទ បន្ទាប់ពីមានករណីពុលមនុស្ស ៩នាក់ និងម្នាក់ស្លាប់ នៅខេត្តកោះកុង។
ក្រសួងសុខាភិបាល បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា ត្រីក្រពត ៣ប្រភេទនៅក្នុងចំណោម ១០ប្រភេទ ត្រូវបានរកឃើញថា ផ្ទុកទៅដោយជាតិពុល និងអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ។
បើតាមក្រសួងសុខាភិបាល ត្រីក្រពតទាំង ៣ប្រភេទនោះ មានប្រភេទ Tetraodon cochinchinensis, Monotrete leiurus និងប្រភេទត្រី Tetraodon fluviatilis។
ក្រសួងសុខាភិបាល អះអាងបន្ថែមថា ត្រីក្រពតបីប្រភេទនេះ មានជាតិពុលខ្ពស់ អាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្សបាន ដោយថា ជាតិពុលក្នុងខ្លួនត្រីក្រពត នឹងបង្កផលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល និងធ្វើឲ្យស្លាប់តែម្ដង។
ការក្រើនរំលឹករបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមនុស្សម្នាក់ បានស្លាប់ និង ៩នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តកោះកុង បន្ទាប់ពីពួកគេបរិភោគត្រីក្រពត កាលពីថ្ងៃទី២២ ខែមករាថ្មីៗនេះ៕