រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅប៉ុន្មានថ្ងៃមកនេះ បានក្រើនរំឭកមន្ត្រីក្រោមបង្គាប់ ឲ្យបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដែលលោកយោងទៅលើ របាយការណ៍ប្រចាំឆ្នាំ របស់នគរបាលជាតិដែលថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនអ្នកធ្វើដំណើរដោយម៉ូតូ ហើយក្នុងនោះ៧៨%ឥតពាក់មួកសុវត្ថិភាព។
រដ្ឋមន្ត្រីរូបនេះ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ខែមករា ស្តីពី ការបូកសរុបលទ្ឋផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៧ថា ក្រសួងនឹងចុះចែកមួកសុវត្ថិភាពចំនួន៥ម៉ឺនដល់ប្រើប្រាស់ម៉ូតូ។
ជាងនេះទៅទៀតកាលពីដើមខែមករានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានធ្ងន់ៗដល់មន្ត្រីពាក់ព័ន្ធថា ពួកគេអាចនឹងបាត់បង់តំណែង បើមិនអាចទប់ស្កាត់អ្នកបំពានច្បាប់ចរាចរណ៍បាន ។
ពេលនោះលោក ហ៊ុន សែន បង្ហាញការខឹងសម្បារ ទៅនឹងអ្នកបើកបរបញ្ច្រាសទិសនៅម្តុំរង្វង់មូលវិមានឯករាជ្យ ជិតផ្ទះរបស់លោក បង្កឲ្យមានអ្នកស្លាប់។
ជាការកត់សម្គាល់ ក្រោយពីថ្នាក់ដឹកនាំកំពូល បានព្រមាន និងរំឭកបែបនេះ គេសង្កេតឃើញមន្ត្រីជំនាញគ្រប់ផ្នែកបាន ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរចរណ៍ រហូតចាប់បានអ្នកបើកបរ ល្មើសច្បាប់ ច្រើនពាន់នាក់ក្នុងរយៈពេលដ៏ខ្លី។
ច្បាប់ចរាចរណ៍ជើងគោកថ្មី ដែលរដ្ឋសភាបានអនុម័តកាលពីចុងឆ្នាំ ២០១៤ បានបង្កើនការផាកពិន័យយ៉ាងធ្ងន់ធ្ងរដល់អ្នកបើកបរល្មើសច្បាប់។
មន្ត្រីជំនាញរំពឹងថា វិធានការនេះ អាចធ្វើឲ្យអ្នកបើកបរគោរពច្បាប់ និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។ ច្បាប់នេះក៏តម្រូវឲ្យអ្នកបើកបរទាំងអស់ ត្រូវឆ្លងកាត់សាលាបង្រៀនបើកបរ ដើម្បីបានប័ណ្ណបញ្ជាក់ពីសមត្ថភាព បើកបរ មុនពួកគេទៅបញ្ជាគ្រឿងម៉ាស៊ីន ។
ប៉ុន្តែដោយសារច្បាប់ថ្មីនេះ មានការរិះគន់ដ៏ចម្រូងចម្រាសពីសាធារណជន និងដោយសារពេលនោះ មានការប្រកួតប្រជែងផ្នែកនយោបាយ ជិតឈានដល់ថ្ងៃបោះឆ្នោតជ្រើសរើស ឃុំ សង្កាត់ ផងនោះ លោកនាយករដ្ឋមន្ត្រី បានប្រកាសលើហ្វេសប៊ុក របស់លោក មុនរដ្ឋសភាធ្វើវិសោធនកម្មថា អ្នកប្រើប្រាស់ម៉ូតូដែលមានកម្លាំងម៉ាស៊ីន ចាប់ពី១២៥CCចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទេ។
ជាការកត់សម្គាល់មួយទៀត អគ្គស្នងការនគរបាលជាតិ ដែលជាស្ថាប័នជំនាញ បានរកឃើញថា អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៧ មានជាង៧០០០នាក់(៧៣១៩)។
ក្នុងនោះអ្នកស្លាប់១ ៧៨០នាក់ និងអ្នករងរបួស៥ ៥៣៩នាក់ ។តួលេខអ្នកស្លាប់ បានកើនលើសឆ្នាំ២០១៦ ដែលឆ្នាំ២០១៦មានអ្នកស្លាប់១ ៧១៩នាក់។
បើតាមរបាយការណ៍ មូលហេតុចំបងពីរ ដែលបង្គគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿនកំណត់ជាបញ្ហាទី១ និងអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងលំដាប់ទី២។ គ្រោះថ្នាក់ចរាចរណ៍ត្រូវអគ្គស្នងការវាយយតម្លៃថាបានសម្លាប់មនុស្ស ១ថ្ងៃជាមធ្យមពីចន្លោះ៥ទៅ៨នាក់។ តើមានកត្តាអ្វីខ្លះជាគន្លឹះជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍?
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អៀ ចរិយា ពន្យល់ថា មូលហេតុចំបងៗបង្កឲ្យមានគ្រោះថ្នាក់ចរណ៍នោះ លោកថាមកពីពលរដ្ឋមិនសូវយល់ដឹងពីច្បាប់ និងការអនុវត្តច្បាប់របស់សមត្ថកិច្ច នៅមានកម្រិត ដោយថាវិធានការច្បាប់ បានធ្វើឡើងសកម្មតែពេលថ្នាក់ដឹកនាំជំរុញ ឬមានការស្តីបន្ទោស តែក្រោយមកស្ងប់ស្ងាត់ទៅវិញ។
លោកថា៖ «ពីចំណុចសំខានៗហ្នឹងដែលធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍យើងកើនឡើងជារៀងរាល់ឆ្នាំ ហើយ[ចំណុចមួយទៀត]យើងឃើញកាលពីឆ្នាំទៅនឹងរដ្ឋាភិបាលគាត់ដកប័ណ្ណម៉ូតូមិនតម្រូវការឲ្យមានប័ណ្ណបើកបរ អាហ្នឹងជាឧបសគ្គមួយដែលរារាំងក្នុងការលើកកម្ពស់ ឲ្យប្រជាពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍នោះដែរ»។
លោក អៀ ចរិយា និយាយទៀតថា មូលហេតុនៃការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ចេះតែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដូចពេលនេះ លោកវិភាគថា អាចមកពីចំណាត់ការ របស់សមត្ថកិច្ច បានផ្តោតតែទៅលើបញ្ហាតូចតាច តែមិនបានផ្តោតទៅលើបញ្ហធំៗដូចជា ត្រូវទប់ស្កាត់ឲ្យមានប្រសិទ្ធភាពរាល់ពេលបើកបរមិនត្រូវប្រើប្រាស់គ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ជាដើម ។
លោកថា៖ «ការរឹតបន្តឹងច្បាប់ភាគច្រើនបានផ្តោតទៅលើតែមួក កញ្ចក់ ខ្សែក្រវាត់ អីនឹងវាអត់ត្រូវចំនុចសំខាន់ដែលជាមូលហេតុធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ទេ។មូលហេតុដែលធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺមានពីរធំៗគឺទី១ការបើកបរលើសល្បឿនកំណត់ និងទី២គ្រឿងស្រវឹង។ ហើយយើងឃើញថា ការរឹតបន្តឹងទៅលើមូលហេតុទាំងពីរចំណុចហ្នឹង វានៅមានតិចតួចនៅឡើយ។អញ្ចឹងធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានច្រើននៅកម្ពុជាយើង»។
នាយកប្រតិបត្តិមជ្ឈមណ្ឌប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ការទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង ជាបញ្ហាចំបងពីរទៀត បង្ការទប់ស្កាត់ កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ។ ប៉ុន្តែលោកថា រដ្ឋាភិបាល ច្រើនឆ្នាំមកនេះ ហាក់បានបរាជ័យ ក្នុងការជំរុញឲ្យចេញច្បាប់ ស្តីពី ការគ្រប់គ្រងគ្រឿងស្រវឹង។
លោកថា៖ «គ្រឿងស្រវឹងជាច្រកទ្វារឈានទៅរកការប្រើប្រាស់គ្រឿងញៀន ហើយនៅក្នុងរបាយការណ៍របស់សង្គការសុខភាពពិភពលោកក៏ដូចជាអ្នកធ្វើការស្រាវជ្រាវជាច្រើន ទាក់ទងនឹងគ្រឿងស្រវឹង គ្រឿងញៀនហ្នឹង គេរកឃើញថា កាលណាមានក្មេងៗប្រើប្រាស់គ្រឿងស្រវឹង គឺពួកគេអាចឈានទៅប្រើប្រាស់គ្រឿងញៀន។ នេះជាបញ្ហាប្រឈមធំ ហើយបើ[ពួកគេ]បើកបរទៀត រឹតតែគ្រោះថ្នាក់ធំហើយ»។
លោក យង់ គិមអេង វិភាគថា ការមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង អាចជាសក្តានុពលមួយទៀត ជួយជំរុញដល់ការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ បានប្រសើរជាងពេលបច្ចុប្បន្ន។
លោកថា៖ «អ្នកដែលអនុវត្តក្នុងការត្រួតពិនិត្យអាចសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធនោះ វាកាន់តែមានកម្លាំងក្នុងការអនុវត្តច្បាប់ហ្នឹង ក្នុងការកាត់បន្ថយគ្រឿងស្រវឹង។ ហើយម្យ៉ាងវិញទៀតបញ្ហាគ្រឿងស្រវឹង ហ្នឹងវាមិនមែនប៉ះតែចរាចរណ៍នោះទេ វាបង្កជាហិង្សាក្នុងសង្គម ក្នុងគ្រួសារ ដល់សីលធម៌សង្គមអីជាដើម អាហ្នឹងជាបញ្ហាប្រឈមរឿងសុខភាព។ អញ្ចឹងអាហ្នឹងជាបញ្ហាប្រឈម ដែលរដ្ឋត្រូវតែធ្វើ ត្រូវតែជំរុញការចេញច្បាប់[គ្រប់គ្រង់គញរឿងស្រវឹង]ហ្នឹងឲ្យលឿន»។
សរុបជារួម អ្នកតាមដានផ្តល់យោបល់ថា ដើម្បីជំរុញប្រសិទ្ធភាពទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ លុះណាអ្នកប្រើប្រាស់ផ្លូវ យល់ដឹងពីច្បាប់ រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ជាប្រចាំប្រកបដោយតម្លាភាព ត្រូវមានវិធានការតឹងរឹងលើអ្នកបើកបរលើសល្បឿនកំណត់ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ទប់ស្កាត់ការរាលដាលនៃការប្រើប្រាស់គ្រឿងញៀន និងត្រូវជំរុញឲ្យចេញច្បាប់ ស្តីពី ការគ្រប់គ្រងគ្រឿងស្រវឹងជាដើម៕