គណបក្សសិទិ្ធមនុស្សដែលបង្កើតឡើងដោយមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំនាពេលសព្វថ្ងៃនេះ បានសម្រេចរំលាយខ្លួនឯងហើយ ដោយថា បន្ទាប់ពីបក្សនេះ ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី ទៅជាគណបក្សសង្គ្រោះជាតិ។
គណបក្សសិទ្ធិមនុស្ស បានប្រកាសអំពីការរំលាយខ្លួនឯងបែបនេះ នៅក្នុងលិខិតមួយច្បាប់ ដែលត្រូវបានផ្ញើជូនទៅរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃម្សិលមិញនេះ។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក សឺន ស៊ូបែរ្តិ៍ បានប្រាប់វីអូឌីនៅថ្ងៃនេះថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សនេះ បានសម្រេចបែបនេះតាំងពី ៥ឆ្នាំមុនមកម៉្លេះ បន្ទាប់ពីបក្សនេះត្រូវបានច្របាច់បញ្ចូលទៅជាគណបក្សសង្គ្រោះជាតិ។
ឆ្លើយតបនឹងការចោទសួរថា តើហេតុអ្វីបានជាគណបក្សនេះទើបតែប្រកាសរំលាយខ្លួនចំពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលទៅហើយនោះ លោក សឺន ស៊ូបែរ្តិ៍ ប្រាប់ថា គណបក្សនេះនៅមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន នៅមុនការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីឆ្នាំមុននេះ។
លោកថា៖ «អត់មានមូលហេតុអីទេ ព្រោះជាការសម្រេចតាំងពីយូរមកហើយ ដែលគេបានសម្រេចថា គណបក្សសិទ្ធិមនុស្សនៅមានតួនាទី ក្នុងពេលដែលសមាជិកឃុំសង្កាត់ មិនទាន់បានចូលទៅអស់ក្នុងសង្គ្រោះជាតិ។ ម៉្លោះហើយ យើងអស់មានតួនាទីអីទៀតហើយ»។
គណបក្សសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងដោយលោក កឹម សុខា នៅឆ្នាំ២០០៧ ហើយឈ្នះបានអាសនៈចំនួន ៣នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨ មុននឹងឈ្នះបានអាសនៈមួយចំនួននៅក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១២។
គណបក្សនេះ ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី ទៅជាគណបក្សសង្គ្រោះជាតិ នៅក្នុងឆ្នាំ២០១២។
ទោះជាយ៉ាងណា ការប្រកាសរំលាយខ្លួនឯងរបស់បក្សនេះ បានកើតឡើងចំពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន៕