មេធាវីការពារក្ដីឲ្យមេដឹកនាំអតីតបក្សប្រឆាំងកំពុងជាប់ឃុំ បានជំរុញទៅតុលាការឲ្យនាំកូនក្ដីរបស់ពួកគេចូលក្នុងសវនាការនៃបណ្ដឹងឧទ្ធរណ៍សុំនៅក្រៅឃុំនៅដើមខែក្រោយនេះ ដោយថា ដើម្បីឲ្យកូនក្ដីរបស់លោកមានឱកាសក្នុងការឆ្លើយតបជុំវិញការចោទប្រកាន់ថា «ក្បត់ជាតិ»។
សាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះ បន្ទាប់ពីសាលាដំបូងសម្រេចបដិសេធសំណើរបស់ក្រុមមេធាវីមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ កាលពីពាក់កណ្ដាលខែមករានេះរួចមក។
ទោះជាយ៉ាងណា លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឲ្យមានវត្តមាននៅក្នុងសវនាការនានាទាំងនៅក្នុងបណ្ដឹងជំទាស់នីតិវិធីនៃការឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ និងបណ្ដឹងសុំនៅក្រៅឃុំ ចាប់តាំងពីរូបលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំកាលពីដើមខែកញ្ញាឆ្នាំមុនមក។
លោក សំ សុគង់ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានប្រាប់វីអូឌីនៅថ្ងៃនេះថា លោកសង្ឃឹមថា កូនក្ដីរបស់លោក នឹងត្រូវបាននាំយកចូលក្នុងសវនាការនៅពេលខាងមុខនេះ។ លោកបន្ថែមថា វត្តមានកូនក្ដីលោកនៅសវនាការ នឹងផ្ដល់ឱកាសឲ្យកូនក្ដីលោកឆ្លើយបំភ្លឺទៅនឹងការចោទប្រកាន់ថា «ក្បត់ជាតិ»។
លោក សំ សុគង់ ប្រាប់ថា៖ «ជំហរក្រុមមេធាវីនៅពេលនេះ នឹងទៅចូលរួមសវនាការ ប៉ុន្តែ យើងក៏សង្ឃឹមថា កូនក្ដីនឹងមានវត្តមាននៅក្នុងពេលសវនាការផងដែរ។ បើសិនជានៅពេលសវនាការហើយ យើងអត់ឃើញវត្តមាន ឬក៏តុលាការមិនបានបំពេញភារកិច្ច កាតព្វកិច្ចក្នុងការនាំកូនក្ដីមកក្នុងបន្ទប់សវនាការហ្នឹង ក្រុមមេធាវីនឹងមានការពិភាក្សា ឬក៏ជជែកគ្នាម្ដងទៀត តើយើងគួរចូលរួម ឬមិនចូលរួម ប៉ុន្តែជំហរនៅពេលនេះ យើងត្រៀមខ្លួននឹងទៅការពារក្ដី»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ បានឲ្យដឹងថា លោកមិនទាន់ដឹងនៅឡើយទេថា តើតុលាការនឹងនាំរូបលោក កឹម សុខា ចូលក្នុងសវនាការនាពេលខាងមុខនោះ ឬយ៉ាងណានោះទេ ប៉ុន្តែ លោកថា ក្រុមមេធាវីមានសិទ្ធិមិនចូលរួម ឬក៏ដើរចេញពីបន្ទប់សវនាការ ប្រសិនបើកូនក្ដីរបស់ខ្លួនមិនមានវត្តមានក្នុងសវនាការនោះ។
លោកថា៖ «តាមនីតិវិធី ចៅក្រមនៃសភាស៊ើបសួរបានចេញដូចខ្ញុំបានប្រាប់អញ្ចឹង បានទៅតាមនីតិវិធីអស់ហើយ អត់មានអីទេទៅតាមនីតិវិធីច្បាប់ តាមគោលការណ៍អស់ហើយ អញ្ចឹងរង់ចាំមើលថ្ងៃហ្នឹងទៅ»។
មេធាវី លោក ហុង គឹមសួន បានឲ្យដឹងថា ជនត្រូវចោទ នៅមានសិទ្ធិក្នុងការស្ដាប់ និងឆ្លើយតបចំពោះការចោទប្រកាន់នានា នៅក្នុងសវនាការរបស់តុលាការ។ លោកបន្ថែមថា ប្រសិនបើតុលាការមិនអនុញ្ញាតឲ្យជនត្រូវចោទ មានឱកាសចូលបំភ្លឺនៅក្នុងតុលាការទេ លោកថា ជាការរំលោភលើច្បាប់ជាតិ និងអន្តរជាតិ។
លោក ហុង គឹមសួន ប្រាប់ថា៖ «នៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សក៏ដោយ និងក្រមព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌជាតិយើងក៏ដោយជាពិសេសគឺរដ្ឋធម្មនុញ្ញគឺឲ្យសិទ្ធិទៅជនដែលត្រូវចោទ ត្រូវតែមានឱកាសសម្រាប់គេឆ្លើយ សម្រាប់ឲ្យគេដឹង ឲ្យគេលឺឲ្យគេស្ដាប់ការចោទប្រកាន់របស់ព្រះរាជអាជ្ញានោះ។ បើជនជាប់មិនបោះបង់សិទ្ធិចូលរួមទេ អាហ្នឹងត្រូវតែយកគេមក កាលណាមិនយកគេមកអាហ្នឹងរំលោភបំពានទាំងច្បាប់ជាតិហើយ»។
រដ្ឋាភិបាលកម្ពុជា បានរងការថ្កោលទោសជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ខ្លួនជុំវិញអ្វីដែលរដ្ឋាភិបាលលោក ហ៊ុន សែន ចោទថា «ក្បត់ជាតិ»៕