ក្រុមអ្នកអភិរក្សសត្វព្រៃ អះអាងថា បានរកឃើញសំបុកសត្វត្មាតភ្លើងចំនួន ៣សំបុក នៅតំបន់ដែនជំរកសត្វព្រៃមួយកន្លែង ក្នុងខេត្ដព្រះវិហារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃម្សិលមិញ ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន អង្គការ WCS និងប្រជាសហគមន៍ បានរកឃើញសំបុកសត្វត្មាតភ្លើងប្រភេទនេះ នៅដែនជម្រកសត្វព្រៃ «ឆែប» ក្នុងខេត្ដព្រះវិហារ ដោយអ្នកអភិរក្ស ពន្យល់ថា ចំនួនសត្វប្រភេទនេះ កំពុងធ្លាក់ចុះខ្លាំងនៅលើពិភពលោក។
សេចក្ដីប្រកាសព័ត៌មានបន្ដថា ការកាប់បំផ្លាញព្រៃឈើ ការផ្ដល់ជាដីសម្បទានសេដ្ឋកិច្ច និងការកាប់ឆ្ការដីព្រៃ ជាកត្ដាជំរុញឲ្យបាត់បង់ទីជម្រក កន្លែងពងកូន និងចំណីរបស់ហ្វូងត្មាតទាំងនេះ។
ក្រុមអ្នកអភិរក្ស អះអាងថា នៅកម្ពុជា សត្វត្មាតយ៉ាងតិច ៣០ក្បាល ត្រូវបានសម្លាប់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយសារការប្រើប្រាស់ថ្នាំពុលដាក់តាមត្រពាំង ដើម្បីចាប់សត្វស្លាប និងថនិកសត្វតូចៗជាដើម។
ត្មាតភ្លើង ត្រូវបានសហភាពអន្ដរជាតិសម្រាប់ការអភិរក្សធម្មជាតិ (International Union for Conservation of Nature) ចាត់បញ្ចូលទៅក្នុងប្រភេទសត្វព្រៃ ជិតផុតពូជលើពិភពលោក ខណៈនៅកម្ពុជា សត្វប្រភេទនេះ មានប្រមាណតែ ៥០ក្បាលប៉ុណ្ណោះ៕