មន្ត្រីជាន់ខ្ពស់វៀតណាម បានស្នើទៅអាជ្ញាធរកម្ពុជា ឲ្យផ្ដល់លិខិតស្នាមស្របច្បាប់ឲ្យបានឆាប់ៗ ដល់ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមគេហទំព័រនគរបាលជាតិ។
អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រនគរបាលជាតិ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក តូ ឡាំ បានស្នើឡើងបែបនេះ នៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានដកស្រង់សម្ដីដែលថ្លែងថា៖ «ក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ជាមួយឯកឧត្តម តូ ឡាំ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនេះ គឺភាគីវៀតណាមក៏បានសុំឲ្យអាជ្ញាធរកម្ពុជាអនុវត្តការផ្តល់លិខិតស្នាមស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍វៀតណាមឲ្យបានឆាប់ផងដែរ»។
មន្ត្រីជាន់ខ្ពស់វៀតណាមរូបនេះ បានស្នើបែបនេះ តែជាង ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិប័ត្រព័ត៌មានរដ្ឋាភិបាលវៀតណាម VGP News បានចុះផ្សាយថា អំឡុងជំនួបក្រៅវេទិកាមេគង្គ-ឡានឆាងលើកទី២ នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក ដែលបានស្នើមករដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា។
ក្រុមមេដឹកនាំវៀតណាមបានស្នើបែបនេះជាបន្តបន្ទាប់មកភាគីកម្ពុជា ក្រោយពីអាជ្ញាធរកម្ពុជាបានចេញបញ្ជាឲ្យដកហូតឯកសាររដ្ឋបាលមិនប្រក្រតីកាន់កាប់ដោយជនបរទេស ដែលភាគច្រើនលើសលប់កាន់កាប់ដោយជនអន្តោប្រវេសន៍វៀតណាម។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងកាលពីសប្ដាហ៍មុនថា ក្រសួងមហាផ្ទៃគ្រោងស្នើឲ្យកែប្រែច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ ដោយថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន បានប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរកម្ពុជាបានទទួលយកសំណើររបស់ភាគីវៀតណាម ប៉ុន្តែ លោកបញ្ជាក់ថា កម្ពុជានៅពិចារណាទៅលើផ្លូវច្បាប់ដែលមានស្រាប់។
លោកថា៖ «បើសិនជាគាត់គោរពតាមច្បាប់ យើងចេញប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូន ហើយដល់ ៧ឆ្នាំក្រោយ គាត់កាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បានន័យថា គាត់ស្នាក់នៅស្របច្បាប់ហើយ គាត់អាចសុំចូលសញ្ជាតិ ហើយអាស្រ័យទៅលើសមត្ថកិច្ចកម្ពុជាដែរ បើសិនជាគាត់មានប្រព្រឹត្តិអីល្មើសនឹងច្បាប់ ក៏គេមិនឲ្យចូលសញ្ជាតិដែរ។ ខ្ញុំសូមបញ្ជាក់ជូនពីភាពស្របច្បាប់ និងមិនស្របច្បាប់។ មិនស្របច្បាប់យ៉ាងម៉េច ចង់និយាយថា ចូលមកកម្ពុជាស្នាក់នៅលើសទិដ្ឋាការ ចូលមកកម្ពុជាគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ អ្នកបម្រើការងារគ្មានប័ណ្ណការងារ អត់បានពន្យាទិដ្ឋាការ អាហ្នឹង គឺថា ខុសច្បាប់ យើងអនុវត្តច្បាប់ហើយ គឺយើងចាប់បណ្ដេញចេញ»។
បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍រូបនេះ ក្រសួងមហាផ្ទៃគ្រោងនឹងចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍រយៈពេល ២ឆ្នាំ ដល់ជនអន្តោប្រវេសន៍វៀតណាមទាំងឡាយណា ដែលបានដាក់ពាក្យស្នើសុំ និងបំពេញតាមគ្រប់លក្ខណៈវិនិច្ឆ័យរបស់ក្រសួង។
ទោះជាយ៉ាងណា នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានបង្ហាញក្ដីបារម្ភចំពោះការអនុវត្តច្បាប់នៅកម្ពុជា ពាក់ព័ន្ធនឹងការផ្ដល់សិទ្ធិស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាម។
លោកថា៖ «ខ្ញុំគិតថា វាជារឿងមួយឲ្យមានការបារម្ភកាន់តែខ្លាំង។ ខ្ញុំមើលទៅដូចជាប្រទេសវៀតណាមជាដើម គេម្ដងហើយម្ដងទៀតនៅតែទទូចឲ្យកម្ពុជាផ្ដល់សិទ្ធិស្របច្បាប់ក្នុងការរស់នៅក្នុងប្រទេសកម្ពុជា។ អញ្ចឹង ប្រទេសដែលមានព្រំប្រទល់ជាប់គ្នាបែបនេះ គេត្រូវតែមានការប្រយ័ត្នប្រយែងឲ្យបានច្រើនចំពោះការរស់នៅរបស់ជនបទេសដែលមានព្រំប្រទល់ជាប់គ្នា»។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា ជនបរទេសជាង ៧ម៉ឺននាក់ ដែលកំពុងកាន់កាប់ឯកសាររដ្ឋបាលខុសប្រក្រតីនៅក្នុងប្រទេសកម្ពុជា ក្នុងនោះជនជាតិវៀតណាមមានចំនួនដល់ទៅ ៩៩.៤៩ភាគរយ៕