អាជ្ញាធរហៅអ្នកបុរីកីឡាចរចាសំណងបន្ទាប់ពីពលរដ្ឋតវ៉ាមុខផ្ទះអ្នកស្រី ស៊ុយ សុផាន

ពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា៩គ្រួសារដែលសេសសល់មិនទទួលបានសំណង បានបន្តប្រមូលផ្តុំគ្នាតវ៉ាមុខផ្ទះ លោកស្រី ស៊ុយ សុផាន ដើម្បីទារសំណង ខណៈវិវាទដីធ្លីនោះអូសបន្លាយជិត១០ឆ្នាំមកនេះ​។

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់លោកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយកាលណោះក្រុមហ៊ុននេះ ​សន្យាសង់អគារចំនួន១០ជូនពលរដ្ឋវិញ ប៉ុន្តែក្រុមហ៊ុនសង់បានតែ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្ស័យធនដែលបណ្តាលឲ្យពលរដ្ឋមួយចំនួនដែលមិនទទួលបានសំណងតវ៉ារហូតមកដល់សព្វថ្ងៃនេះ។

ពលរដ្ឋម្នាក់លោកស្រី យ៉ិន ស្រិន ប្រាប់វីអូឌីថា នៅថ្ងៃនេះពួកគាត់៩គ្រួសារដែលមិនទាន់ទទួលសំណងបាននាំគ្នាមកតវ៉ាមុខផ្ទះ លោកស្រី ស៊ុយ សុផាន ម្តងទៀតដើម្បីទាមទារសំណង ប៉ុន្តែថា ខណៈពេលកំពុងស្រែកតវ៉ានោះអភិបាលខណ្ឌ៧មករា ហៅឲ្យពួកគាត់ទៅចចារសំណងនៅខណ្ឌថ្ងៃស្អែកនេះ។

អ្នកស្រីបន្ថែមថា «អ្នកស្រី ស៊ុយ សុផាន ហ្នឹងអត់គោរពកិច្ចសន្យា តាមកិច្ចសន្យាសម្តេចឲ្យសាងសង់ចំនួន១០អគារ ប៉ុន្តែអត់ សង់១០អគារសង់បាន៨អគារ ហើយឈូសឆាយផ្ទះពួកខ្ញុំកម្ទេចចោល និងដេញពួកខ្ញុំទៀត។ ដល់ព្រឹកម៉ិញហ្នឹងពេលដែលគាត់ [អ្នកស្រី ស៊ុយ សុផាន]លឺពួកខ្ញុំឌៀលគាត់ គាត់ខល់ទៅខណ្ឌ ខណ្ឌខលមកខ្ញុំទៅដោះស្រាយស្អែកនៅខណ្ឌទៀត»។

អ្នកស្រី ស៊ុយ សុផាន ប្រាប់វីអូឌីនៅថ្ងៃនេះថា បញ្ហាវិវាទដីធ្លីនៅបុរីកីឡា គឺលែងជាប់ពាក់ព័ន្ធជាមួយអ្នកស្រីទៀតហើយ ដោយថា អ្នកស្រីបានប្រគល់រឿងទៅឲ្យសាលារាជធានីភ្នំពេញយូរហើយ។

តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន អះអាងថា បច្ចុប្បន្ននេះ មានពលរដ្ឋប្រមាណ១០០គ្រួសារទៀតទាំងអ្នកធ្លាប់ចេញតវ៉ា និងអ្នកមិនចេញតវ៉ាមិន ទាន់ទទួលបានសំណងពីសាលារាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ