អ្នកឃ្លំាមើលបានអះអាងប្រហាក់ប្រហែលគ្នាថា នៅ៤ខែចុងក្រោយនេះ បទល្មើសព្រៃឈើនៅខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត មានការកើនឡើងខ្លាំង បើទោះជារដ្ឋាភិបាលប្រកាសបិទច្រករបៀងមិនឲ្យឈ្នួញបន្តនាំឈើលក់នៅក្រៅប្រទេសក៏ដោយ។
ក្នុងពិធីមួយ កាលពីថ្ងៃទី២៣ ខែមករានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាឲ្យមន្ដ្រីក្រោមបង្គាប់ បិទឲ្យអស់ច្រករបៀង ដោយថា ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។
នៅថ្ងៃទី២៣មករានោះដែរ អភិបាលខេត្តត្បូងឃ្មុំ លោក លី ឡេង បានប្រាប់ទៅកាន់មន្ដ្រីក្រោមបង្គាប់របស់ខ្លួន ដោយហាមមិនឲ្យមានច្រករបៀងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំឡើយ។ បទបញ្ជារបស់អភិបាលខេត្តត្បូងឃ្មុំដូច្នេះ ធ្វើឡើងក្រោយពីលោកត្រូវបានប្រមុខរដ្ឋាភិបាលស្ដីបន្ទោស និងព្រមានដកចេញពីតំណែង ប្រសិនបើនៅតែកើតមានបទល្មើសឆ្លងដែន ពិសេសបទល្មើសព្រៃឈើ ឆ្លងទៅកាន់ប្រទេសវៀតណាម តាមច្រកត្បូងឃ្មុំទៀតនោះ។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF)និងជាសកម្មជនព្រៃឈើម្នាក់ដែលបានចំណាយពេលជាង២០ឆ្នាំក្នុងការការពារព្រៃឈើ លោក អ៊ូច ឡេងថ្លែងថា ឈ្មួញបានដឹកឈើចេញពីខេត្តមណ្ឌលគិរី រតនៈគិរី ព្រះវិហារ កំពង់ស្ពឺ កំពង់ធំ និងខេត្តផ្សេងទៀត ប្រហែលជា២០រថយន្តយីឌុក ក្នុងមួយម៉ោង ស្ទើរជារៀងរាល់ថ្ងៃ ចាប់ពីខែ១១ ឆ្នាំ២០១៧ ដល់ ថ្ងៃទី៣១ ខែ១ ឆ្នាំ២០១៨នេះ ដោយក្នុងមួយរថយន្តមានឈើប្រហែល ៦០ទៅ៧០ម៉ែត្រគូប។
ករណីនេះ លោក ឡេង យល់ថា វិធានការរបស់រដ្ឋាភិបាល លើបញ្ហាទប់ស្កាត់បទល្មើសព្រៃឈើ និងនាំឈើទៅក្រៅប្រទេសនោះ ហាក់មិនមានប្រសិទ្ធភាពនោះទេ។
លោកមានប្រសាសន៍ថា «បច្ចុប្បន្ន ខ្ញុំសង្កេតឃើញថាមានការកើនឡើងយ៉ាងគំហុក ច្រើនមែនទែន ហើយឆ្នាំនេះ ជាឆ្នាំចុងក្រោយហើយ សម្រាប់សោធនាថកម្មព្រៃឈើ បានន័យថា ក្រោយពីអស់ឆ្នាំនេះទៅ គឺមិនមានពេលណាសម្រាប់កាប់ទៀតទេ វាជាពេលចុងក្រោយសម្រាប់ឈ្មួញ ហើយគេដឹកជញ្ជូនឈើមុខការិយាល័យបរិស្ថានតែម្តង អត់មានអ្នកណាឆែក អត់មានអ្នកណាចាប់ទាំងអស់ ក្រៅអំពីប្រមូលលុយតិចតួចពីឈ្មួញឈើ»។
ចំណែក ប្រជាសហគមន៍ព្រៃឡង់ប្រចំាខេត្តកំពង់ធំ លោក ហឿន សុភាព ឯណោះវិញ បានឲ្យដឹងដែរថា នៅខេត្តកំពង់ធំឈ្មួញបានដឹកឈើក្នុងមួយថ្ងៃ៥ទៅ១០គោយន្ត ដោយមិនខ្លាចអាជ្ញាធរនោះទេ។ ករណីនេះលោកថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធិភាព បាន លុះត្រាតែរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យស្មើភាពគ្នា រវាងអ្នកមាន និងក្រ។
លោកយល់ថា «សុំឲ្យមានការអនុវត្តទៅលើផ្លូវច្បាប់ ឲ្យមានប្រសិទ្ធភាព ឲ្យមានស្មើគ្នាតែម្តង ហើយពិសេសជួយចាត់វិធានការក្នុងការទប់ស្កាត់ កុំឲ្យមន្ត្រីព្រៃឈើមួយចំនួនស៊ីតែលុយពីបទល្មើស ខាងលើ[មន្ត្រីថ្នាក់លើ]គាត់អត់សូវដឹងថាមន្ត្រីថ្នាក់ក្រោមធ្វើម៉េចទេ ខាងក្រោមគឺមានអំពើពុករលួយច្រើនមែនទែន ព្រោះយើងតាមដាន»។
រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កាលថ្ងៃទី១៥ មករា ឆ្នាំ២០១៦ ដោយលោក សៅ សុខា ធ្វើជាប្រធានគណៈកម្មការនោះ។

ប៉ុន្តែ VOD មិនអាចសុំការបំភ្លឺពី លោក សៅ សុខា បានទេនៅថ្ងៃនេះ ដោយជំនួយការអះអាងថា ជាប់រវល់ប្រជុំ។
ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យមន្ត្រីរបស់ខ្លួន ឲ្យពង្រឹងប្រសិទ្ធភាព ទប់ស្កាត់បទល្មើសព្រៃឈើ ដោយថា ការបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»។
លើសពីនេះទៀត លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលលោកថា ជួយកសាងបន្តិចបន្តួច តែបែរជាសង្ខំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញព្រៃនៅតាមខេត្តមួយចំនួនទៅវិញ។
លោក ហ៊ុន សែន រំឭកថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាកដូចបង្ក្រាបឧក្រិដ្ឋជន ជួញដូរគ្រឿងញៀននោះទេ។
បើតាមរបាយការណ៍ ធនាគារពិភពលោក ឲ្យដឹងថា គម្របព្រៃឈើបានធ្លាក់ចុះពីជិត ៦០ភាគរយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤ និងប្រមាណជា ៤៥ភាគរយនៃតំបន់ដីសើមធម្មជាតិកាលពីដើមរបស់កម្ពុជា ត្រូវបានបាត់បង់៕