លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋនៅតាមតំបន់សមុទ្រ និងព្រៃភ្នំ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឲ្យបានល្អ ដោយថាកម្ពុជានឹងរងចំហាយត្រជាក់ខ្លាំងធ្លាក់មក ធ្វើឲ្យអាកាសធាតុមានការប្រែប្រួលខុសពីធម្មតា នៅដើមខែកុម្ភៈនេះ។
ក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះនៅថ្ងៃទី២ ខែកុម្ភៈនេះ បានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជាអាចនឹងប្រឈមចំហាយត្រជាក់ខ្លាំងធ្លាក់មក ដែលធ្វើអោយអាកាសធាតុប្រែប្រួលខុសពីធម្មតា។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ កាលពីថ្ងៃ១ ខែកុម្ភៈនេះ បានឲ្យដឹងដែរថា កម្ពុជារងឥទ្ធិពលជ្រលងសម្ភាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន។ ករណីនេះក្រសួងថា ឥទ្ធិពលនៃបាតុភូតទាំងពីរនេះ នឹងបង្កឲ្យកម្រិតសីតុណ្ហភាពនៅកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀតចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៩ ខែកុម្ភៈនេះ។
ក្រសួងបានបញ្ជាក់បន្ថែមថា នៅចន្លោះពេលនោះ នៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅតំបន់ជួរភ្នំដងរែកសីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៣ ទៅ ១៤អង្សា និងនៅឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៥ ទៅ ១៦អង្សា ខណៈនៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កោះកុង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៧ ទៅ ១៨អង្សា។
ចំណែកនៅភ្នំពេញ កំពុងឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៩ ទៅ ២០ និងខេត្តកែប កំពត និងព្រះសីហនុ សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ២៣ ទៅ ២៤អង្សា៕