បក្ស ​GDP បន្ទោសមេដឹកនាំនយោបាយ​កម្ពុជា​ថា មិនអាចកសាងលទ្ធិប្រជាធិបតេយ្យរួមគ្នា

លោក សម រង្ស៊ី (ស្តាំ) លោក យ៉ង់ សាំងកុមារ និងលោក ហ៊ុន សែន

គណបក្សថ្មីមួយ បានរិះគន់ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ថា មិន​អាច​ធ្វើការ​រួម​គ្នា​ដើម្បី​ជំរុញ​យន្តការ​ប្រជាធិបតេយ្យ​បាន​នោះ​ឡើយ ប៉ុន្តែថា បាន​ធ្វើ​ឲ្យ​ប្រទេស​​កម្ពុជា​វិល​ទៅ​រក​​អតីត​កាល​ទៅ​វិញ។

ក្នុងអត្ថបទមួយមានចំណងជើងថា «ជ្រោងទង់ប្រជាធិបតេយ្យ» ចេញផ្សាយកាលពីម្សិលមិញ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក យ៉ង់ សាំងកុមារ និង​លោក សាម អ៊ីន បាន​រៀប​រាប់​ពី​ស្នាដៃនានា​របស់​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ព្រម​ទាំង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

ប៉ុន្ដែ មេដឹកនាំ​បក្ស​ថ្មី​នេះ ក៏សរសេររិះគន់ថា មេដឹកនាំនយោបាយ​ទាំងបីរូបនេះ មិនអាចធ្វើការរួមគ្នាដើម្បីកសាងប្រព័ន្ធប្រជាធិបតេយ្យល្អមួយសម្រាប់មនុស្សជំនាន់ក្រោយ​នោះ​ឡើយ ប៉ុន្តែ ពួកគេបែរជាធ្វើនយោបាយបែបប្រឈមមុខដាក់គ្នា និងធ្វើឲ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។​

យ៉ាងណាក៏ដោយ គណបក្សមួយនេះជឿជាក់ថា កម្ពុជានៅតែអាចរៀបចំប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញ តាមរយៈការរៀបចំឲ្យមានដំណើរការបោះឆ្នោតមួយមានភាពសេរី និងយុត្ដិធម៌ ការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ និងការជ្រើសរើស​យកគណបក្សមួយ ដែលមានគោលនយោបាយ និងការផែនការដឹកនាំប្រទេសច្បាស់លាស់។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលទស្សនៈយល់ឃើញបែបនេះ ដោយថា រដ្ឋាភិបាលដឹកនាំដោយគណបក្ស​កាន់​អំណាច ធ្វើទៅតាមឆន្ទៈប្រជាពលរដ្ឋ និងច្បាប់កម្ពុជាតែប៉ុណ្ណោះ។

លោកថា៖ «កុំបន្ទោសគណបក្សកាន់អំណាច គណបក្សកាន់អំណាច គឺដឹកនាំប្រទេសតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោតហ្នឹងឯង។ គណបក្សប្រជាជនមានការសោកស្ដាយខ្លាំងណាស់ ដែលគណបក្សប្រឆាំងត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល ពីព្រោះគណបក្សប្រឆាំងគាត់ប្រព្រឹត្ដបទល្មើសដោយខ្លួនឯង»។

បន្ទាប់ពីតុលាការរំលាយអតីតបក្សប្រឆាំងដ៏ធំនៅមុនការបោះឆ្នោត រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានទទួលរងការថ្កោលទោសជាបន្ដបន្ទាប់ពីសហគមន៍អន្ដរជាតិ ដោយពួកគេថា កម្ពុជា​កំពុងឆ្ពោះទៅរករបបផ្ដាច់ការ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។

ប៉ុន្តែ រដ្ឋាភិបាល​លោក ហ៊ុន សែន បានហៅចំណាត់ការរបស់ខ្លួន​ថា ធ្វើឡើងតាមច្បាប់កម្ពុជា និងប្រឆាំងបរទេសឈ្លានពាន។

ទោះជាយ៉ាងណា អតីតគណបក្សសង្គ្រោះជាតិ បានថ្កោលទោសចំណាត់ការទាំងនេះ​ថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងថា គណបក្សកាន់អំណាចកំពុងភ័យខ្លាចចាញ់ការបោះឆ្នោតខាងមុខប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ