អតីមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បន្តរំឭកពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដោយចោទចំៗថា មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់កោះត្រល់របស់ខ្មែរ ឲ្យទៅវៀតណាម តាមរយៈសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨២។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេសនោះ បានបង្ហោះវីដេអូឃ្លីបលើគេហទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃម្សិលមិញថា តាមគណៈកម្មាការព្រំដែនខ្មែរ របស់លោក ស៊ាន ប៉េងសែ មានទីតាំងនៅប្រទេសបារាំង បានបញ្ជាក់ថា សន្ធិសញ្ញាព្រំដែននៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ ជាសន្ធិសញ្ញាកាត់ដីឲ្យទៅវៀតណាម ។ លោកថា ពិសេសកោះត្រល់។
លោកថា៖ «នរណាធ្វើឲ្យបាត់កោះត្រល់គឺ ហ៊ុន សែន។ លោក ឌី ការ៉េត ដែលធ្វើការជាមួយលោក ស៊ាន ប៉េងសែ បានបញ្ជាក់ថា សន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨២ ដែល ហ៊ុន សែន ប្រគល់កោះត្រល់ឲ្យទៅយួន គ្រប់គ្រង ហើយយើងបាត់បង់កោះត្រល់ គឺដោយសារ ហ៊ុន សែន។ ហ៊ុន សែន គឺជាជនក្បត់ជាតិ បងប្អូន!»។
ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែន និងជាប្រធានរាជ្យបណ្ឌិត្យសភា របស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច មិនយល់ស្របទៅនឹងការចោទប្រកាន់បែបនេះរបស់លោក សម រង្ស៊ី នេះឡើយ ដោយលោកចាត់ទុកថា ការនិយាយនេះ ខុសពីការពិត ហើយថា លោក សម រង្ស៊ី កំពុងយកបញ្ហាព្រំដែនសម្រាប់កេងចំណេញនយោបាយ ។
លោកថា៖ «គាត់យករឿងព្រំដែនធ្វើជាលេសនយោបាយ ហើយនៅពេលដែលគាត់មិនច្បាស់ផង ខ្លួនឯងនិយាយអញ្ចឹង។ រឿងកោះត្រល់មិនមែនជារឿងយើងទេ។ សួរគាត់ អាប្រេវីយ៉េហ្នឹង វាកើតសម័យណា? តើអាប្រេវីយ៉េដែលវាស់ឲ្យកូសាំងស៊ីនហ្នឹងចាប់ពីពេលណាទៅ? ហើយហេតុអីក៏យើងនិយាយអាប្រេវីយ៉េ ថាខ្មែរបច្ចុប្បន្ន ទៅកាត់ដីឲ្យនោះ វាអត់ត្រូវរឿងសោះ។ អញ្ចឹងយើងមិនបាច់ប្រតិកម្មជាមួយមនុស្សអញ្ចឹងនាំតែបានចិត្តទេ។ គ្រាន់តែពន្យល់ថា ផែនទីដែលគាត់ថា យកពីបារាំងអស្ចារ្យ ល្អហ្នឹង មកដល់ថ្ងៃហ្នឹង នៅជាប់ [ជំពាក់]ខ្ញុំ២ផ្ទាំងទៀត។ អញ្ជឹង បានន័យថា គ្រាន់តែផែនទីគាត់អត់ច្បាស់ផង។ បើអត់ច្បាស់បែបហ្នឹង បើគាត់ធ្វើព្រំដែន វាត្រូវកាត់ដីនៅម្តុំខេត្តរតនគិរីហ្នឹងឲ្យទៅគេអស់បាត់ទៅហើយ»។
លោក សម រង្ស៊ី បានរំឭកពីការបាត់បង់ទឹកដីនេះ បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិទៅតាមបណ្ដឹងរបស់រដ្ឋាភិបាល នៅមុនការបោះឆ្នោតជាតិឆ្នាំនេះ។
លោក សម រង្ស៊ី បានចោទលោក ហ៊ុន សែន បែបនេះ បន្ទាប់ពីលោកបានបង្កើតចលនាសង្គ្រោះជាតិ ដែលអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ អះអាង ដើម្បីធ្វើយុទ្ធនាការប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន និងដើម្បីទាមទារយកគណបក្សសង្គ្រោះជាតិមកវិញ សម្រាប់ចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
ប៉ុន្តែ លោក ហ៊ុន សែន បានព្រមានកាលពីសប្ដាហ៍មុនថា នឹងចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនបើអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ហ៊ានចូលមកកាន់តំបន់អាស៊ី ដោយចោទថា លោក សម រង្ស៊ី កំពុងតាំងខ្លួនជាមេភេរវករ។
លោកថ្លែងថា៖ «ខ្ញុំសូមផ្តាំ កុំមកក្បែអាស៊ីឲ្យសោះ! បើអ្នកឯងតាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងឲ្យទាល់តែបាន។ ឥឡូវនេះ គេកំពុងតែប្រកាសខ្លួនជាភេរវករ ហើយមិនមែនគ្រាន់តែអង្គការក្រៅច្បាប់ទេ ជាភេរវករតែម្តង ជាអង្គការភេរវកម្ម សុំអញ្ជើញធ្វើចុះ។ ខ្ញុំថា មិនចង់ផ្ញើសារនឹងចេញទៅទេ ព្រោះខ្ញុំចង់ឲ្យវាស្ងប់ ឲ្យវាមក ប៉ិនថា ជ្រុលមាត់ហើយ ថាទៅ កុំឲ្យវាមក»។
សាស្រ្តាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ប្រាប់VODនៅសប្តាហ៍មុនថា បើមេដឹកនាំខ្មែរនៅបន្តឈ្លោះគ្នា លោកថា ប្រទេសជិតខាងជាអ្នកកេងចំណេញទាំងផ្នែកសេដ្ឋកិច្ច និងរំកិលព្រំដែន។
រាល់សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើង រវាងប្រទេសវៀតណាម និងអតីតរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា ត្រូវបានសម្រេចរំលាយចោល បន្ទាប់ពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ត្រូវបានសម្រេចឡើងនៅក្នុងឆ្នាំ១៩៩១។
ទោះយ៉ាងណា អតីតបក្សប្រឆាំង បានចោទលោក ហ៊ុន សែន ថា បានធ្វើឲ្យសន្ធិសញ្ញាចាស់ៗរស់ឡើងវិញ បន្ទាប់ពីកម្ពុជាបានចុះសន្ធិសញ្ញាបំពេញបន្ថែមជាមួយប្រទេសវៀតណាម នៅឆ្នាំ២០០៥៕