សហភាពអន្ដរសភាស្នើផ្ដល់សិទ្ធិជាតំណាងរាស្ដ្រដល់អតីត​មន្ដ្រីបក្សប្រឆាំងទាំងអស់

សហភាពអន្ដរសភា(IPU)ជួបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌​និយាយរឿង​សិទ្ធិតំណាងរាស្រ្ត​

សហភាពអន្ដរសភា (IPU) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិជាតំណាងរាស្ដ្រស្របច្បាប់ដល់អតីតមន្ដ្រី​បក្សប្រឆាំងទាំងអស់ ដែលត្រូវបានតុលាការហាមឃាត់មិនឲ្យធ្វើនយោបាយ ក្រោយរំលាយគណបក្សសង្គ្រោះជាតិ។​

សេចក្តីសម្រេចចេញផ្សាយកាលពីម្សិលមិញនេះ  គណៈកម្មាការនៃសហភាពអន្ដរសភាថ្កោលទោស ចំពោះការរំលាយអតីតបក្សប្រឆាំង មុនការបោះឆ្នោត ការបន្ដឃុំខ្លួនលោក កឹម សុខា និងការហាមឃាត់អតីត​មន្ដ្រីបក្សសង្គ្រោះជាតិ១១៨រូប ក្នុងនោះមានអតីតតំណាងរាស្ដ្រគណបក្សប្រឆាំង៥៥រូបផងនោះ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

បើតាមសេចក្ដីថ្លែងការណ៍ សហភាពអន្ដរសភា IPU បានបង្ហាញក្ដីបារម្ភអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដែលថា ចាំបាច់ត្រូវមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្រោយតុលាការរំលាយ បក្សប្រឆាំង ការបង្រ្កាបរបស់រដ្ឋាភិបាលលើអង្គការសង្គមស៊ីវិល​ និងសារព័ត៌មានឯករាជ្យនៅមុនការបោះឆ្នោត។

សហភាពអន្ដរសភាជំរុញឲ្យរដ្ឋាភិបាលបើកលំហូរប្រជាធិបតេយ្យឡើងវិញ និងផ្ដល់សិទ្ធិជាតំណាងរាស្ដ្រស្របច្បាប់ដល់អតីត​មន្ដ្រី បក្សសង្គ្រោះជាតិទាំង១១៨រូប ដោយថា សកម្មភាពរបស់រដ្ឋាភិបាល និងចំណាត់ការរបស់តុលាការកំពូល បានរំលោភទៅលើសិទ្ធិបុគ្គល និងសិទ្ធិសមូហភាពក្នុងការចូលរួមនយោបាយ និងសិទ្ធិទទួលបានការជម្រះក្ដីដោយយុត្តិធម៌។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ច្រានចោលការអំពាវនាវនេះ ដោយថា សភា IPU មិនអាចលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាបានទេ និងថា ចំណាត់ការប្រឆាំងនឹងអតីតគណបក្សសង្គ្រោះជាតិ គឺជាការអនុវត្តច្បាប់។

លោកថា៖ «យើងមិនអាចទទួលការជ្រៀតជ្រែកពីខាងក្រៅបានទេ រឿងកម្ពុជា ជារឿងផ្ទៃក្នុងរបស់កម្ពុជា IPU គ្មានសិទ្ធិមកជ្រៀតជ្រែកកិច្ចការក្នុងរបស់កម្ពុជាទេ ហើយយើងធ្វើនេះ ទៅតាមច្បាប់របស់កម្ពុជា ត្រឹមត្រូវត្រង់ណា សេរីត្រង់ណា យុត្ដិធម៌ត្រង់ណា គឺត្រឹមត្រូវ សេរី យុត្ដិធម៌ គឺធ្វើតាមច្បាប់»។

អ្នកវិភាគនយោបាយលោក មាស នី យល់ថា ទោះបីការអំពាវនាវរបស់សភា IPU  មិនមានឥទ្ធិពលអ្វីទៅលើរដ្ឋាភិបាល ប៉ុន្ដែ វាក៏ជំរុញឲ្យមជ្ឈដ្ឋានអន្ដរជាតិមើលឃើញការពិត និងស្ថានភាពជាក់ស្ដែងនៅកម្ពុជា។

លោកវិភាគថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន គឺដូចទៅនឹងឆ្នាំ១៩៩៧ ដែលថា កាលនោះ បក្សកាន់អំណាចបានព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីបំបាក់ដៃគូប្រកួតម្ខាងទៀតនៅមុនការបោះឆ្នោត។

លោកវិភាគទៀតថា អតីតបក្សសង្គ្រោះជាតិ ទំនងជាមិនអាចចូលរួមការបោះឆ្នោតនាពេលខាងមុខឡើយ។ ប៉ុន្ដែ លោករំពឹងទៅលើចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី ដែលថា អាចកៀរគរក្រុមអ្នកគាំទ្រ ឲ្យធ្វើពហិការមិនទៅបោះឆ្នោត ហើយនិងធ្វើឲ្យរដ្ឋាភិបាលកើតក្រោយការបោះឆ្នោតនោះ មិនមានការទទួលស្គាល់ពីអន្ដរជាតិ។

លោកថា៖ «ទោះបីជារដ្ឋាភិបាលយើងមិនព្រមទទួលស្គាល់អីយ៉ាងម៉េ​ច ប៉ុន្ដែអានេះ ជាសិទ្ធិរបស់អន្ដរជាតិ។​ ខ្ញុំមើលឃើញថា ស្ថានភាពនេះ មិនខុសពីស្ថានភាពនយោបាយក្នុងឆ្នាំ១៩៩៧។ ខ្ញុំគិតថា មិនទាន់មានសង្ឃឹមទេ ២០១៨ ប៉ុន្ដែបើខ្ញុំមើលពីចលនាសង្គ្រោះជាតិ ដែលទើបបង្កើតថ្មី វាអាចនឹងមានឥទ្ធិពលហើយ បើសិនជាគេធ្វើត្រូវរឿង ឧទាហរណ៍ដូចជា នៅក្នុងពេលបោះឆ្នោត ចលនាសង្គ្រោះជាតិគេប្រកាសអ្នកគាំទ្រទាំងអស់ មិនឲ្យទៅបោះឆ្នោត ឧទាហរណ៍ទេណាស់ ហើយបើកម្លាំងរបស់សង្គ្រោះជាតិ នៅតែមានដល់ពេលនោះ វាអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពបោះឆ្នោត គេហៅថា មិនគ្រប់ ដើម្បីមានការទទួលស្គាល់ពីអន្ដរជាតិ»។

រដ្ឋាភិបាលរបស់លោក ហ៊ុន​ សែន បានទទួលរងការថ្កោលទោសជាបន្ដបន្ទាប់ពីសហគមន៍អន្ដរជាតិ ក្នុងនោះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ បើគ្មានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ