តុលាការជាន់ខ្ពស់ច្រានចោលសំណើរសុំទម្លាក់ការចោទប្រកាន់របស់ស្ត្រីបឹងកក់ អ្នកស្រី ទេព វន្នី ពាក់ព័ន្ធការចោទថា ស្រ្តីរូបនេះប្រើហិង្សាលើសន្តិសុខក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៣។
អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធររាជធានីចាប់ខ្លួនម្តងទៀត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅពេលស្ត្រីរូបនោះចូលរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រី គ.ជ.ប រួមទាំងជំរុញឲ្យរដ្ឋាភិបាលវែកមុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។
ប៉ុន្តែនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿងចាស់កាលពីឆ្នាំ២០១៣ មកចោទប្រកាន់អ្នកស្រី ទេព វន្នី ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំកន្លះ(៣០ខែ)ពិន័យប្រាក់៥លានរៀល និងបង្កាប់ឲ្យបង់ទៅដើមបណ្តឹងជាសន្តិខណ្ឌដូនពេញចំនួន៩លានរៀល។
ឈរនៅវង់ក្រចកសេះ ក្នុងបន្ទប់សវនាការ តុលាការកំពូល នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ អ្នកស្រី ទេព វន្នី បានស្នើទៅចៅក្រមក្រុមប្រឹក្សាជំនំជំរះលោកស្រី គឹម សុត្ថាវី ទម្លាក់ការចោទប្រកាន់លើអ្នកស្រី ដើម្បីឲ្យបានមើលថែម្តាយចាស់ជរា និងកូនពីរនាក់វិញ ដោយថារូបគាត់មិនបានប្រើហិង្សាលើសន្តិសុខខណ្ឌដូនពេញចំនួនពីរនាក់ ឲ្យរងរបួសដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែត្រូវបានក្រុមប្រឹក្សាជំនំជំរះ ច្រានចោលការស្នើសុំនេះ ហើយសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ២ ឆ្នាំ ៦ខែ។
លោកស្រី សាម សុគន្ធា ជាមេធាវីការពារក្តីអ្នកស្រី ទេព វន្នី បានថ្លែងនៅមុខច្រកទ្វារចូលតុលាការថា តុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយមិនមានវត្តមានដើមបណ្តឹងចូលតតាំងក្តីនៅក្នុងសវនាការ និងយោងតាមកំណត់ហេតុរបស់មន្ត្រីនគរបាល គឺមិនមានភស្តុតាងជាក់លាក់នោះទេ។ ករណីនេះ មេធាវីរូបនោះ បានហៅសាលដីកាតុលាការកំពូលនៅថ្ងៃនេះថា ធ្វើឡើងដោយមានភាពអយុត្តិធម៌ដល់កូនក្តី។
លោកស្រីថ្លែងថា «អត់មានភស្តុតាង ហើយរបាយការណ៍មិនច្បាស់លាស់ ពួកគាត់[មន្ត្រីនគរបាល]សរសេរមករៀបតែដាក់បន្ទុក បក្សពួក ដឹកនាំ អត់ច្បាស់លាស់ទំាងអស់ ហ្នឹងហើយដែលគេសង្ស័យថា ហើយបើមានវិមតិសង្ស័យទាំងរដ្ឋធម្មនុញ្ញមាត្រា៣៨ វាក្យខ័ណ្ឌទី៥ ទាំងមត្រា៣៥១នៃ ក្រមនីតិវិធីព្រហ្មទណ្ឌសុទ្ធតែឲ្យចៅក្រមពិចារណា សុទ្ធតែឲ្យចៅក្រមពិចារណា ផ្តល់ផលប្រយោជន៍ទៅជនជាប់ចោទជានិច្ច គោលការណ៍ឯកត្តកម្មទទួលខុសត្រូវព្រហ្មទណ្ឌ ឃើញថាកូនក្តីខ្ញុំត្រូវបានគេដាក់ទោសចំពោះអ្នកណាម្នាក់ដែលបានធ្វើឲ្យមានបានធ្វើឲ្យអ្នកបឹងកក់របួសនៅថ្ងៃហ្នឹងមែនវាអយុត្តិធម៌សម្រាប់គាត់»។
សវនាការថ្ងៃនេះ ក៏មានប្រជាសហគមន៍ដីធ្លីនៅតំបន់បឹងកក់ប្រមាណ៣០នាក់ បានប្រមូលផ្តុំនៅមុខតុលាការកំពូល ដើម្បីសុំឲ្យដោះលែងអ្នកស្រី ទេព វន្នី ផងដែរ។
មន្ត្រីជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត យល់ថា ការសម្រេចបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី ពាក់ព័ន្ធការប្រើហិង្សាលើសន្តិសុខពីរនាក់នោះ ទំនងជាការប៉ុនប៉ងរឹតត្បិតសេរីភាពបញ្ចេញមតិសំឡេងអ្នកជំទាស់ ដោយថា អ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លី និងអ្នកការពារសិទ្ធិមនុស្ស។
លោកថ្លែងថា «ក្នុងបទល្មើសនេះ វាមិនពាក់ព័ន្ធរឿងនយោបាយទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយ ប្រហែលជាដោយសារតែអ្នកស្រី ទេព វន្នី គាត់ជាសកម្មជនការពារដីធ្លីសកម្មក្នុងការធ្វើការតវ៉ាកន្លងមក។
អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ៣ដងមកហើយ នៅពេលដែលសកម្មជនដីធ្លីរូបនោះ ចូលរួមតវ៉ាប្រឆាំងនឹងការបណ្តេញចេញ និងជំរុញឲ្យមានយុត្តិធម៌សង្គម។ ការដែលតុលាការបង្គាប់ឲ្យឃុំខ្លួន ជាលើកទី៣នេះ អ្នកស្រី ទេព វន្នី បានរស់នៅក្នុងពន្ធជិតមួយឆ្នាំកន្លះហើយ បើគិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
រាល់ពេលធ្វើដំណើរដល់តុលាការ អ្នកស្រី ទេព វន្នី តែងថ្លែងថា រូបគាត់មិនបានវាយលើសមត្ថកិច្ចនោះទេ គឺថា រូបគាត់និងសកម្មជនផ្សេងទៀតជាអ្នករងគ្រោះ រងការវាយដំពីសមត្ថកិច្ចទៅវិញ៕