កម្ពុជា​ស្នើ​វៀតណាម​កសាង​ផ្លូវ​ដែក​ភ្ជាប់​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ (លី បេទ្បា)

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង​ដឹក​ជញ្ជូន​កម្ពុជា លោក ស៊ុន ចាន់ថុល បាន​ស្នើទៅភាគីវៀតណាម ឲ្យពិចារណាលើការអភិវឌ្ឍន៍ផ្លូវដែកពីទីក្រុង​បាវិត ភ្ជាប់​ទៅ​ទីក្រុងហូជីមិញ ដោយថា ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។

ទំព័រ​ហេ្វសប៊ុករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា លោក ស៊ុន ចាន់ថុល បានជួបជុំជាមួយអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន​វៀតណាម ​លោក Nguyen Nhat កាលពីថ្ងៃទី៦ ខែកុម្ភៈនេះ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល ស្នើទៅភាគីវៀតណាមឲ្យធ្វើពិចារណាទៅលើការអភិវឌ្ឍន៍ផ្លូវដែកពីក្រុងបាវិត និងទីក្រុងហូជីមិញ  ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវដែកនេះ លោកថា ប្រទេសវៀតណាម និងកម្ពុជាអាចសហការគ្នាដើម្បីធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ចាន់ សំឡេង បន្ថែមថា ការ​ដឹក​ជញ្ជូនឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ នឹង​កាន់​តែ​ងាយ​ស្រួល និង​កាត់​បន្ថយ​ការ​ខូច​ខាត​ផ្លូវ​ផង​ដែរ ប្រសិន​បើ​ផ្លូវ​ដែក​កម្ពុជា-វៀតណាម ត្រូវ​បាន​ត​ភ្ជាប់​នោះ។

លោកថា៖«សំខាន់បំផុតការដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ បច្ចុប្បន្ននេះ យើងប្រើតែឡាន ប្រើឡានផ្លូវខូចច្រើន ដឹកអត់មានភាពប្រាកដប្រជា ដូចរថភ្លើង ព្រោះរថភ្លើងមានភាពប្រាកដប្រជាជាង»។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ភាគី​វៀតណាម ពុំ​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ ជុំ​វិញ​សំណើ​របស់​កម្ពុជា​។

អំឡុង​ជំនួប​ក្រៅ​វេទិកា​មេគង្គ-ឡានឆាង​លើក​ទី​២ នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​មករា​កន្លង​មក នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វុកបានប្រាប់​លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ថា ទំហំពាណិជ្ជកម្មទ្វេភាគី បានមាន​ទំហំ​រហូត​ដល់​ ៣ ​៨០០​លានដុល្លារអាមេរិក ដោយ​បាន​កើន​ឡើង​ ២៥​ភាគរយ បើប្រៀបធៀ​ប​ទៅនឹង​ឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ