សាំងឡើងថ្លៃពី៣០០ទៅ៦០០រៀលអំឡុងពេល៨ខែចុងក្រោយនេះ​

តម្លៃប្រេងឥន្ធនៈ  បានហក់ឡើងថ្លៃខ្ពស់​ជាបន្ត​បន្ទាប់ នៅរយៈពេល​៨ខែចុងក្រោយនេះ ​នាំឲ្យពលរដ្ឋមួយចំនួនត្អូញត្អែរថា ប៉ះពាល់ជីវភាពរបស់ពួកគាត់។​

នៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ​ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ តម្លៃ​ប្រេង​សំាង​​ស៊ុបពែ​​ក្នុង​មួយ​លីត្រ​​ ៤២៥០រៀល សំាងធម្មតាតម្លៃ៣៩៥០ និងប្រេង​ម៉ាសូត​តម្លៃ​ ៣៧៥០រៀល ​ក្នុ​ង​១លីត្រ ​ដោយ​តម្លៃនេះ​ បាន​កើន​ឡើង​ពី ៣០០ ទៅ ៦០០រៀល បើធៀប​នឹង​អំឡុងពេល​៨ខែ​មុន​​។ កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧ ប្រេងសាំងស៊ុបពែ១លីត្រ៣៦៥០រៀល  និង​សាំងធម្មតា៣៦០០រៀល និង ម៉ាស៊ូត៣២៥០រៀល​

អាជីវករនៅម្តុំវិទ្យាល័យសន្ធរមុខ​ លោក សន្ថា វុធ​​ បានត្អូញត្អែរ​ពីការឡើង​ថ្លៃប្រេង​សាំងឡើង​ថ្លៃកាន់តែខ្ពស់​ ដោយ​ថា ធ្វើឲ្យ​ប្រាក់​ចំណេញ​របស់​លោក​កាន់​តែ​រួម​តូច​ និង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​​គ្រួសារ​​។

លោកបន្ថែមថា៖ «​ប៉ះពាល់ច្រើនដែរ…ទីផ្សារក៏វាថ្លៃ ទំនិញ ទិញហូប​ យើងប៉ះពាល់​ដែលរកលុយវាថយមកកាត់​ទៅ​​សាំងវាថ្លៃពេក​​»។

អ្នកប្រកបរបរ​រត់រ៉ឺម៉កកង់បីនៅម្តុំផ្សារថ្មី​ លោក ឈួន បាន​  បានរៀប​រាប់​ថា​ ឥលូវនេះ ​ភ្ញៀវដែល​ជិះ​រ៉ឺម៉កកង់បី​របស់លោក ​ក៏មានចំនួនតិចព្រោះមានអ្នកប្រកបមុខ​របរនេះច្រើន ហើយ​សាំង​ក៏កាន់​តែឡើង​ថ្លៃទៀតនោះ បាន​ធ្វើ​ឲ្យ​​លោករកប្រាក់​ចំណេញ​បានកាន់តែតិច ដោយសារចំណាយលើសាំងអស់ច្រើន។

លោក​ឈួន បាន​ អំពាវនាវទៅ​​រដ្ឋាភិ​បាល​ឲ្យ​​សម្រួល​តម្លៃ​ប្រេង​សាំង​ចុះត្រឹម៣០០០រៀលក្នុង​មួយលីត្រ​ ដោយ​ថា បញ្ហា​​សាំងឡើងថ្លៃនេះ​ មិនមែន​ប៉ះពាល់តែលោក​អ្នក​រត់រ៉ឺម៉កកង់បីនោះទេ ប៉ុន្តែ លោក​ថា វាប៉ះ​ពាល់​ដល់​ពល​រដ្ឋខ្មែ​រ​ទាំង​មូល។

លោកថា៖ «រដ្ឋាភិបាលស្រែកចុះ ចុះបានបន្តិច​ ឡើងសឹមៗ ឥឡូវជិត៤០០០រៀលវិញ ខ្ញុំមើលទៅវាអត់ហ្នឹង ស្រែក​តែ​អ្នក​លក់ ឡើងម៉េច​ឡើងទៅស្រែកតែចិត្ត រដ្ឋាភិបាលស្រែកចេះតែស្រែក​ តែបានតែមួយភ្លែត តម្លៃ​បើ​នៅ​ត្រឹម​៣០០០​រៀល​ក្នុងមួយលីត្រ​បាន កុំថាឲ្យថោកពេក ក្រែងគេអត់ចំនេញ ត្រឹម៣០០០រៀលទៅ ឲ្យតែវាហ្នឹង​»។

VOD មិនអាច​សុំការបំភ្លឺពី​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ បានទេ នៅថ្ងៃនេះ។

ប្រធានសមាគមប្រជាធិប​តេយ្យឯករា​ជ្យនៃសេដ្ឋកិ​ច្ចក្រៅ​ប្រព័ន្ធ​ ហៅកាត់ថា IDEA លោក វន់ ពៅ​ ​លើក​ឡើង​ថា តម្លៃ​សាំង​ឡើង​ថ្លៃស្របពេលដែល​ស្ថាន​ការណ៍នយោបាយ​កម្ពុជាកំពុងឡើងកំដៅ ធ្វើឲ្យឈ្នួញមានឱកាស​កេងចំណេញតាមអំពើចិត្ត។ ករណីនេះលោកថា​ នាំ​ឲ្យ​ប៉ះពាល់​ដល់សេដ្ឋកិច្ចទាំងមូល ជាពិសេសប៉ះដល់​អ្នក​រត់តាក់ស៊ី រឺម៉កកង់បី និងប្រជាពលរដ្ឋធ្ងន់ធ្ងរ ខណៈទំនិញ​ផ្សេងៗ​ក៏ចាប់ផ្តើមឡើងថ្លៃផងដែរ។

លោក វន់ ពៅ មានការងឿងឆ្ងល់ថា ការបង់ពន្ធនាំចូល​ប្រេងឥន្ធនៈហាក់មិនមានការកើនឡើងទេ ប៉ុន្តែសាំងលក់ឡើងថ្លៃជាបន្តបន្ទាប់ ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលដាក់​វិធានការជាក់លាក់ លើការត្រួតពិនិត្យការនាំចូលប្រេងឥន្ធនៈនេះឡើយវិញ​ ទើប​ទទួលបានការសាទរពីប្រជាពលរដ្ឋ​។

លោកយល់ឃើញថា៖«ដើមឆ្នាំ២០១៧រដ្ឋាភិបាលក៏មានដំណោះស្រាយ​ម្តងមកដែរ ដែលមានដាក់កំរិតទៅឲ្យ​អ្នក​ដល់ប្រេង​សាំង​រាយ មិនឲ្យលើសពី៤០០០រៀ​ល​ ខ្ញុំគិតថាក្រសួងសេដ្ឋកិច្ច ហិរញ្ញ​វត្ថុ ក្រសួងពាណិជ្ជកម្ម​ ហើយស្ថាប័ន​ដែលពាក់ព័ន្ធអាចមានវិធានការ​ជាក់លាក់ណាមួយ ដើម្បីបញ្ចុះ​តម្លៃប្រេងឥន្ធនៈនេះ ហើយ​ពិនិត្យមើលសាំងគេចពន្ធ​កុំឲ្យចូល ហើយ​ប្រៀប​ធៀប​ទៅលើតម្លៃ​ប្រេងឥន្ធនៈបរទេស ហើយប្រៀប​ធៀបទៅនឹង​ការនាំចូល​ ពីព្រោះពន្ធ​អត់មាន​ឡើងទេ ហេតុអ្វីបានជាសាំងឡើង​ នេះហើយជាយន្តការលំអិត[ជោគជ័យ]»។

យោងតាម​លិខិតជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១២ ខែកុម្ភៈ ​​ស្តីពី​ថ្លៃលក់ប្រេងឥន្ធនៈនៅ​តាមស្ថានីយ​ទាំង​អស់ សម្រាប់​​លក់រយៈពេល​ ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ ២១ ខែកុម្ភៈ ឆ្នាំ​២០១៨នេះ តម្លៃសាំងធម្មតាត្រូវ​លក់មិនឲ្យ​លើសពី៣,៩៥០រៀលក្នុង១លីត្រ ម៉ាស៊ូតម្លៃ ៣,៧៥០រៀលក្នុង១លីត្រ ដែលនៅក្នុងនោះក្រសួងមិន​បាន​កំណត់​​តម្លៃ​ប្រេង​សំាង​​ស៊ុបពែ​នោះឡើង ខណៈសាំងស៊ុបពែតម្លៃ៤២៥០រៀល ក្នុងមួយលីត្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ