រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អំពាវនាវឲ្យយុវជនស្ម័គ្រចិត្តផ្តល់ឈាមដល់មន្ទីរពេទ្យរដ្ឋ ដោយថាដើម្បីជួយសង្គ្រោះអ្នកជំងឺខ្វះឈាម និងបង្កើតវប្បធម៌ល្អសម្រាប់សង្គម រួមទាំងក្តីស្រលាញ់របស់ប្រជាជនគ្រប់រូប។
លោក ម៉ម ប៊ុនហេង បានថ្លែងបែបនេះនៅចំពោះមុខយុវជន និងយុវតីរាប់រយនាក់ ក្នុងយុទ្ធនាការបរិច្ចាគឈាម នាថ្ងៃទី១៤កុម្ភៈនេះ ដែលជាថ្ងៃ ទិវានៃក្តីស្រលាញ់ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ។
លោកថ្លែងដូចនេះថា «ការផ្តល់ឈាម គឺជាការធ្វើអំពើល្អ និងជាការចែករំលែកនូវសេចក្តីស្រលាញ់ សេចក្តីអាណិតអាសូរដល់ជនរងគ្រោះទាំងអស់ដែលត្រូវការឈាម ក្នុងការព្យាបាល និងជួយសង្គ្រោះជីវិតចលនានៃការចូលរួមរបស់យុវជនយើងក្នុងការបរិច្ចាគឈាមអាចបង្កើតវប្បធម៌ដ៏ល្អមួយសម្រាប់សង្គមរបស់យើង មានន័យថា ឈាមបានផ្សារភ្ជាប់ជិវិត និងសេចក្តីស្រលាញ់របស់ប្រជាជនគ្រប់រូប»។
យុវតី កញ្ញា យ៉ាល់ សោភា បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងផ្តល់ឈាមថា ដើមចមដែលនំាឲ្យគាត់សម្រេចមកផ្តល់ឈាមនេះ ដោយថាដើម្បីជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាម និងដើម្បីចែករំលែកនូវក្តីស្រលាញ់ ក្នុងទិវានៃក្តីស្រលាញ់ ១៤កុម្ភៈនេះផងដែរ។
កញ្ញាឲ្យដឹងថា «ថ្ងៃហ្នឹង ថ្ងៃ១៤កុម្ភៈ ថ្ងៃបុណ្យនៃក្តីស្រលាញ់ ខ្ញុំចង់បរិច្ចាគឈាម ទាន់មានឱកាស និងជាថ្ងៃពិសេសទៀត ដើម្បីជួយដល់អ្នកជំងឺដែលគាត់ខ្វះឈាម»។
យុវជន អូន វណ្ណៈ ដែលផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែរនោះ បានស្នើទៅគ្រូពេទ្យយកឈាមពួកគេទៅជួយសង្គ្រោះជីវិតអ្នកជំងឺ ដោយថាកុំឲ្យយកទៅលក់ ឬធ្វើអាជីវកម្ម នៅពេលដែលអ្នកជំងឺត្រូវការឈាមសង្គ្រោះបន្ទាន់។
យុវជនរូបនោះអំពាវនាវថា «យើងបរិច្ចាគដោយស្មោះត្រង់ ដោយគ្មានការយកលុយ ឬក៏អ្វីផ្សេង ឈាមដែលយើងផ្តល់…ខ្ញុំចង់ជូនទៅដល់អ្នកដែលខ្វះឈាម កុំឲ្យគ្រូពេទ្យគាត់យក ប្រើប្រាស់ក្នុងការ យកឈាមរបស់យើងយកទៅលក់»។
យុវជននិងយុវតីទាំងនោះ ក៏បានអំពាវនាវទៅយុវជនទាំងអស់ដែលមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យរដ្ឋ ដោយថា ដើម្បីជួយសង្គ្រោះអ្នកជំងឺ ដែលខ្វះឈាម និងផ្សារភ្ជាប់ក្តីស្រលាញ់ទៅកាន់ប្រជាជនខ្មែរ និងជាគំរូល្អសម្រាប់សង្គមជាតិ។
ប្រធានសមាគមបណ្តាញយុវជនកម្ពុជា ហៅកាត់ថា (CYN) លោក ទឹម ម៉ាឡៃ សង្កេតឃើញថា ឈាមដែលទទួលបានពីអ្នកបរិច្ចាគនោះ ពេលខ្លះមិនបានចែករំលែកទៅដល់អ្នកជំងឺដោយមិនគិតលុយនោះទេ ដោយលោកថា ធ្លាប់ឮពីអ្នកក្រីក្រ និងបងប្អូនលោកផ្ទាល់ថា នៅពេលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ត្រូវទិញឈាមផងដែរ។ ករណីនេះ លោកថា រដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់វិស័យសុខាភិបាលឲ្យបានល្អ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ និងអន្តរជាតិ។
លោកថា «ប្រសិនជាមន្ទីរពេទ្យយើងក្លាយជាមន្ទីរពេទ្យ ឬក៏សេវាសាធារណៈយើងក្លាយទៅជាសេវាសាធារណៈល្អមានការសរសើរក្រៅពីពលរដ្ឋខ្លួន គឺពីប្រទេសជិតខាងពីប្រទេសលើពិភពលោក គេអាចឈានដល់ការមកប្រើសេវាយើងថែមទៀត ទម្រង់នេះ យើងឃើញថា វាអាចបន្តទៅមុខ ប្រសិនបើមានការកំណែទម្រង់ពិតប្រាកដ»។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ មានប្រជាជន និងយុវជន ចំនួន៧៤១នាក់ បានបរិច្ចាគឈាមជូនស្ថាប័នរដ្ឋ ដោយចំនួននេះ មានការកើនឡើងប្រមាណ២០ភាគរយជារៀងរាល់ឆ្នាំ៕