អង្គការអន្ដរជាតិមួយ ហៅសេចក្ដីព្រាងកែប្រែក្រមព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលកម្ពុជាថា ជាឧបករណ៍ថ្មីមួយទៀត ដើម្បីពង្រឹងអំណាច និងបំបិទសំឡេងប្រឆាំង ប៉ុន្ដែ រដ្ឋាភិបាល ឆ្លើយតបថា នេះជាការចោទប្រកាន់មិនត្រឹមត្រូវ។
កាលពីថ្ងៃពុធម្សិលមិញ សមាជិកសភា ១២៣រូប បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យប្រាក់ពី ១០លាន ទៅ ៥០លានរៀល ប្រសិនបើតុលាការរកឃើញថា មានទោសប្រមាថព្រះមហាក្សត្រ។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) រិះគន់ថា សេចក្ដីព្រាងកែរដ្ឋធម្មនុញ្ញត្រង់មាត្រា ៣៤ មាត្រា ៤២ និងមាត្រា ៥៣ នឹងធ្វើឲ្យប៉ះពាល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិបោះឆ្នោត ដែលច្បាប់នេះ តម្រូវឲ្យពលរដ្ឋគោរពរដ្ឋធម្មនុញ្ញ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
អង្គការអន្ដរជាតិមួយនេះបន្ដថា សេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់អំណាចឲ្យរដ្ឋាភិបាល អាចចាត់វិធានការលើគណបក្សនយោបាយ ដែលខ្លួនគិតថា ធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍ជាតិ និងហាមពួកគេមិនឲ្យទទួលជំនួយពីបរទេស។
បន្ថែមលើសនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ យល់ថា ការធ្វើច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ក៏ជាឧបករណ៍មួយទៀតដើម្បីបំបិទសំឡេងប្រឆាំង ដោយថា ច្បាប់នេះមិនគួរដាក់ទោសអ្នករិះគន់មន្ដ្រីសាធារណៈ និងស្ថាប័នរដ្ឋឡើយ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Brad Adams និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ការធ្វើច្បាប់ទាំងនេះ ជាសញ្ញាបង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងពង្រឹងអំណាចរបស់លោក និងដឹកនាំប្រទេសតាមបែបផ្ដាច់ការ។
ក្នុងសេចក្ដីថ្លែងការណ៍ លោក Brad Adams មានប្រសាសន៍ថា៖ «ជាបណ្ដើរៗ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្កើតប្រព័ន្ធច្បាប់ និងនយោបាយ ដើម្បីធ្វើឲ្យរូបគាត់ក្លាយជាអ្នកកាន់អំណាចតែម្នាក់ឯងនៅក្នុងប្រទេស ដោយមិនមានបក្សប្រឆាំង និងសំឡេងរិះគន់។ វិសោធនកម្មទាំងអស់នេះ គឺជាសញ្ញាថ្មីៗ បង្ហាញអំពីការផ្លាស់ប្ដូរទៅរករបបផ្ដាច់ការ។ របាំងប្រជាធិបតេយ្យ ត្រូវបានបិទហើយ»។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ច្រានចោលការហៅបែបនេះរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដោយថា នេះជារឿងអយុត្តិធម៌សម្រាប់រដ្ឋាភិបាល ដែលកំពុងធ្វើច្បាប់ការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងកិត្តិនាមព្រះមហាក្សត្រ។
លោកថា៖ «ការចោទប្រកាន់នេះ ជាការអយុត្តិធម៌ចំពោះកម្ពុជា ពីព្រោះយើងធ្វើច្បាប់នេះ ដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជា និងផលប្រយោជន៍ប្រជាជនកម្ពុជា ដូច្នេះហើយយើងគ្មានបំណងបំបិទសិទ្ធិសេរីភាពអ្នកណាទេ គ្រប់សកម្មភាពសរសេរ និយាយ ហើយសកម្មភាពផ្សេងៗ ដែលប៉ះពាល់ដល់ព្រះកិត្តិយសព្រះមហាក្សត្រ ចាត់ទុកជាការប្រមាថព្រះមហាក្សត្រ។ ខ្ញុំមិនដែលសម្ដេចនាយករដ្ឋមន្ដ្រីលោក ដែលប្រមាថព្រះមហាក្សត្រម្ដងណា ខ្ញុំមិនដែលឃើញឡើយ»។
អ្នកវិភាគនយោបាយជើងចាស់ លោក ឡៅ ម៉ុងហៃ យល់ស្របជាមួយនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ដោយថា រដ្ឋាភិបាលបច្ចុប្បន្ន គឺជារដ្ឋាភិបាលខុសច្បាប់ បន្ទាប់ពីបាត់បង់អតីតបក្សប្រឆាំងដ៏ធំ និងថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ និងរំលោភសិទ្ធិពលរដ្ឋ។
លោកថា៖ «រដ្ឋសភានេះ អត់ស្របនឹងរដ្ឋធម្មនុញ្ញទេ ដូច្នេះ វិសោធនកម្មដែលធ្វើដោយរដ្ឋសភាអត់ស្របរដ្ឋធម្មនុញ្ញទេ។ របបនេះ អត់ដែលគិតពីរឿងច្បាប់ទម្លាប់ទេ កាលណាតែអត់ស្របរដ្ឋធម្មនុញ្ញហើយ អាហ្នឹងច្បាស់ជាប៉ះពាល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។
រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានស្នើធ្វើវិសោធនកម្មបែបនេះ បន្ទាប់ពីលោក ហ៊ុន សែន និងមន្ត្រីរបស់លោក បានចោទ លោក លឺ ឡាយស្រេង ថា ប្រមាថព្រះមហាក្សត្រ បន្ទាប់ពីសំឡេងសន្ទនាតាមទូរសព្ទរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ ត្រូវបានទម្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយលោកថ្លែងរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់៕