ក្រុមកម្មករ-កម្មការនីបម្រើការងារនៅរោងចក្រ ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានថៅកែរត់ចោលនោះ បានសម្រេចលក់សម្ភារៈរបស់ក្រុមហ៊ុនដើម្បីទូទាត់សំណង បន្ទាប់ពីពួកគេពុំទទួលបានដំណោះស្រាយដែលល្អជាងនេះ។
ក្រុមកម្មករ-កម្មការនីប្រហែល ២ពាន់នាក់នៃរោងចក្រទាំង៤ដែលមានថៅកែចិនតែមួយ បានផ្ទុះការតវ៉ាតាំងពីថ្ងៃទី៨ ខែកុម្ភៈ បន្ទាប់ពីពួកគេបានឃើញការដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រ និងបាត់វត្តមានអ្នកគ្រប់គ្រងក្រុមហ៊ុន។
កម្មការិនីបម្រើការងារនៅរោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាស់ស្រ្ទី អ្នកស្រី សេន សារីម ប្រាប់វីអូឌីនៅថ្ងៃនេះថា កម្មករប្រមាណ៧៧៦នាក់ បម្រើការងារនៅរោងចក្រ អ៊ីហ្វា បានសម្រេចគ្នាផ្តិតមេដៃលក់សម្ភារៈក្រុមហ៊ុន ដើម្បីទូទាត់សំណង ក្រោយពីគ្មានដំណោះពីក្រសួងការងារ។
អ្នកស្រីបន្ថែមថា៖«ដូចជាអស់ជម្រើសអញ្ចឹងហាស! មន្រ្តីក្រសួងគាត់ចុះទៅដោះស្រាយមួយសារហើយមួយសារទៀត ដូចអត់មានលទ្ធផលអី។ ឥឡូវហ្នឹង កម្មករគាត់ផ្តិតមេដៃឲ្យសហជីពលក់សម្ភារៈឡៃឡុង។ ឥឡូវហ្នឹង កម្មករផ្តិតមេដៃរួចហើយ ប៉ុន្តែ វាមិនទាន់បានលក់ ក៏ប៉ុន្តែកម្មករថា ក្នុងលក្ខខណ្ឌពីរប្រភេទ ប្រសិនបើលក់ទៅអាចចែកលុយគ្នាបានរាងច្រើនគាត់លក់ បើបានលក់ទៅចែកគ្នាបានតិចគាត់អត់លក់ទេ គាត់ថា ប្តឹងតាមផ្លូវច្បាប់ទៅ»។
កម្មករម្នាក់ទៀតបម្រើការងារនៅរោងចក្រ យ៉ូដា ហ្គាមេន អ្នកស្រី ទិត ធឿន អះអាងថា កម្មករប្រមាណ ៨៦៩នាក់បម្រើការងារនៅរោងចក្រ យ៉ូដា នឹងឯកភាពគ្នាលក់សម្ភារៈក្រុមហ៊ុនដែលនៅសេសសល់ បើសិនបើលក់បានតម្លៃខ្ពស់អាចទូទាត់សំណងជូនកម្មករបានសមរម្យ។
អ្នកស្រីបន្ថែមថា៖«កម្មករសម្រេចគ្នាថា លក់ ប៉ុន្តែ ទាល់តែតម្លៃសមរម្យ យើងអាចទទួលយកបានទើបលក់។ បើថាតម្លៃទាបពេក កម្មករខ្លះព្រម ខ្លះទៀតអត់ព្រម ដោយថា បើអត់លក់ យើងដាក់សំណើរទៅក្រសួងឲ្យជួយដោះស្រាយទៀត។ ពួកយើងសុំអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធហ្នឹង ជួយដោះស្រាយឲ្យបានឆាប់ៗ កុំឲ្យកម្មករដេករង់ចាំដំណោះស្រាយមួយថ្ងៃហើយមួយថ្ងៃទៀត។ ឥឡូវហ្នឹង កម្មករជួបផលលំបាកច្រើនណាស់ ខ្វះថវិកាសម្រាប់ចាយវាយប្រចាំថ្ងៃ គ្មានលុយឲ្យកូនទៅរៀន»។
អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា ដែលចុះដោះស្រាយផ្ទាល់ បានឲ្យដឹងថា ក្រសួងបានសម្របសម្រួលឲ្យមានដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងតាមផ្លូវច្បាប់។
លោកបន្ថែមថា៖«ករណីថៅកែរត់ចោល ទ្រព្យសម្បត្តិដែលនៅសេសសល់ ជាទ្រព្យសម្បត្តិរបស់បងប្អូនកម្មករនិយោជិត គឺកម្មករនយោជិត គាត់អាចធ្វើពាក្យបណ្តឹងទៅតុលាការបានដើម្បីឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ តែបើគាត់មិនចង់ប្តឹងទេគាត់ធ្វើវិធីក្រៅ ប្រព័ន្ធតុលាការបាន នេះជាសិទ្ធិរបស់បងប្អូនកម្មករនយោជិក»។
សហជីពប្រចាំរោងចក្រ អ៊ីហ្វា និងរោងចក្របីផ្សេងទៀត បានវាយតម្លៃថា សម្ភារៈដែលនៅសេសសល់នៅក្នុងរោងចក្រទាំង ៤នោះ មិនអាចលក់យកលុយសម្រាប់ទូទាត់សំណងឲ្យបានគ្រប់គ្រាន់ដល់កម្មករនោះទេ។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា កាលខែមុនអះអាងថា តាមច្បាប់រាល់ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជាត្រូវតម្កល់ប្រាក់នៅធនាគារជាតិ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវិនិយោគ និងសម្រាប់បើកទូទាត់សំណងជូនកម្មករពេលក្រុមហ៊ុនរត់ចោល ឬបិទទ្វារ។ ប៉ុន្តែមន្រ្តីក្រសួងការងារអះអាងថា ខ្លួនមិនបានដឹងថា រាល់ក្រុមហ៊ុនដែលមករស់នៅស្រុកខ្មែរមានលុយតម្កល់ទុកនោះទេ។
កាលពីថ្ងៃទី៨ខែកុម្ភៈ ស្ត្រីម្នាក់បម្រើការងារផ្នែករដ្ឋបាលនៅរោងចក្រ យូដា ហ្គាមេន ថ្លែងប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រោងចក្រទាំង៤នោះមានកម្មករជិត២ពាន់នាក់។
ក្រុមកម្មករឲ្យដឹងថា ករណីថៅកែរត់ចោលនេះ គឺមិនបានបើកប្រាក់ខែក្រោយឲ្យពួកគេសម្រាប់ខែមករា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទេ និងថា កម្មករម្នាក់ៗបម្រើការងារនៅរោងចក្រទាំងនោះចន្លោះពី ៧ ទៅ ១០ឆ្នាំ៕