អង្គការសហប្រជាជាតិ អះអាងថា សេចក្ដីព្រាងច្បាប់លើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលកម្ពុជា បង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយថាករណីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតឆ្នាំ២០១៨។
កាលពីថ្ងៃទី១៤កុម្ភៈ សមាជិករដ្ឋសភា១២៣រូប បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន ទៅ៥០លានរៀល ប្រសិនបើតុលាការរកឃើញថាមានទោស។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត និងអ្នករាយការណ៍ពិសេសម្នាក់ទៀត លោក David Kaye យល់ថា សេចក្ដីព្រាងច្បាប់កែប្រែរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌនេះ គឺមិនស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្ដរជាតិនោះទេ ដោយថា ប្រការនេះ នឹងរិតត្បិតដល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់បុគ្គល។
បើតាមសេចក្ដីថ្លែងការណ៍ លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ទាំងពីរ ប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់ ដូចជា «តម្កល់ផលប្រយោជន៍ជាតិជាធំ» និងប្រឆាំងដាច់ខាតចំពោះ «ការជ្រៀតជ្រែងពីខាងក្រៅ»។
លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះថា «បទបញ្ញត្តិនៃច្បាប់ព្រះមហាក្សត្រ គឺមិនស្របទៅនឹងកាតព្វកិច្ចរបស់កម្ពុជា ក្រោមច្បាប់សិទ្ធិមនុស្សអន្ដរជាតិទេ ព្រោះច្បាប់នេះដាក់ទោសសេរីភាពក្នុងការបញ្ចេញមតិ។ បន្ថែមលើសនេះ សេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ប្រើប្រាស់វាក្យស័ព្ទទូលំទូលាយពេក ហើយចាំបាច់ត្រូវប្រើពាក្យពេចន៍ច្បាស់លាស់ ដើម្បីស្របតាមបទដ្ឋានអន្ដជាតិ និងចៀសផុតពីហានិភ័យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ»។
កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ក៏បានហៅសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ថាជាឧបករណ៍ថ្មីមួយទៀតរបស់រដ្ឋាភិបាល ដើម្បីបង្ក្រាបបក្សប្រឆាំង និងសំឡេងរិះគន់។ ប៉ុន្ដែ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ទាត់ចោលការចោទប្រកាន់នេះ ដោយថា រដ្ឋាភិបាលកំពុងធ្វើច្បាប់ការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងកិត្តិនាមព្រះមហាក្សត្រ។
ថ្វីបើមានមតិរិះគន់ជាច្រើនក្តី នៅព្រឹកថ្ងៃពុធទី២១កុម្ភៈ ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ៕