តំណាងសហគមន៍កសិករខ្នាតតូចនៅតាមបណ្តាខេត្តនានា ឲ្យដឹងថា តំបន់ខ្លះខ្វះទឹកធ្វើស្រែ និងប្រឈមនឹងកម្ចីប្រាក់ពីធនាគារមានអត្រាការប្រាប់ខ្ពស់ ដោយថា ករណីនេះធ្វើឲ្យប៉ះពាល់ដល់ការធ្វើកសិកម្មរបស់ប្រជាសហគមន៍។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវ ស្តីពី «កសិករខ្នាតតូច និងការពាក់ព័ន្ធក្នុងកសិពាណិជ្ជកម្ម និងឥទ្ធិពលសម្រាប់ការប្រតិបត្តិរបស់សាជីវកម្ម និងផលប៉ះពាល់លើជីវភាពជនបទនៅកម្ពុជា»នៅថ្ងៃនេះ តំណាងសហគមន៍មកពីខេត្តកំពង់ឆ្នាំង លោក ចក់ ធឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងខេត្តរបស់លោក មានកសិករជាង ១ពាន់នាក់ ដាំបន្លែ ចិញ្ចឹមសត្វ និងដាំស្រូវ ប៉ុន្តែ លោកថា នៅមិនទាន់អាចផលិតបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅទីផ្សារនៅឡើយ ដោយសារខ្វះប្រព័ន្ធស្រោចស្រប់ និងថវិកាធ្វើជាដើមទុនជាដើម។
លោកថ្លែងថា៖ «បញ្ហាប្រឈមវាមានបី ទីមួយទឹក ទីពីរ គឺដើមទុនរបស់ពួកគាត់ គាត់ពង្រីកទៅអត់បានទេ ហើយមានដីគេឲ្យជួល អញ្ចឹងគាត់អត់មានលុយទៅជួលដីហ្នឹងទេ ហើយកសិករភាគច្រើនគឺខ្ចីគេ[ធនាគារ]បានតិច ហើយការប្រាក់ខ្ពស់ទៀត មិនបាច់ចាំនិយាយច្រើនទេ និយាយតែដាំត្រកួតក៏សងអត់ចង់គ្រាន់ទៅវិញដែរ ហេតុអី ខ្ចីពីធនាគារមកបានតែមួយខែ អញ្ចឹងមួយខែឡើងទាំងការ អត់ទាន់ទេ គាត់អាចមានបញ្ហា»។
ទីប្រឹក្សាស្រាវជ្រាវឯករាជ្យផ្នែកកសិកម្ម លោក ហៀង សារ៉ាវ័ន្ត យល់ថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់តាមរយៈការជំរុញទៅស្ថាប័នពាក់ព័ន្ធ ឲ្យជួយកសិករខ្នាតតូចឲ្យទទួលបានប័ណ្ណកាន់កាប់ដីធ្លី និងសេវាកម្ចីពីធនាគារទាប ដោយថា ទើបកសិករធ្វើកសិកម្មទទួលបានផលវិជ្ជមានល្អ។
លោកថ្លែងថា៖ «យើងស្នើរាជរដ្ឋាភិបាលយើង រៀបចំប្រព័ន្ធផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់កសិករខ្នាតតូចឲ្យបានល្អ ហើយខាងស្ថាប័នពាក់ព័ន្ធ ខាងធនាគារ ឥណទាន រៀបចំឬក៏ជួយដល់ខាងក្រុមហ៊ុនវិនិយោគខាងកសិកម្ម ជួយផ្តល់ជាកម្ចីដែលមានការប្រាក់ទាប អាចធានាដល់ការទុកចិត្តដល់កសិករ»។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទេនៅថ្ងៃនេះ។
របាយការណ៍វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានឲ្យដឹងថា ក្រុមប្រជាពលរដ្ឋបានចងក្រងសហគមន៍កសិករខ្នាតតូចនៅតាមបណ្ដានានា រួមមាន ខេត្តព្រះវិហារ កំពង់ស្ពឺ កំពត កណ្ដាល និងខេត្តកំពង់ឆ្នាំងជាដើម។
បើតាមរបាយការណ៍ដដែលនេះ នៅតាមតំបន់មានដងស៊ីតេប្រជាជនខ្ពស់ សហគមន៍កសិករខ្នាតតូច អាចដាំដុះដំណាំលើផ្ទៃដីតិចជាង ១ហិកតា ខណៈដែលកសិករអាចដាំដុះលើផ្ទៃដី ១០ហិកតា ឬច្រើនជាងនេះ ឬក៏ចិញ្ចឹមសត្វបាន ១០ក្បាល នៅតាមតំបន់ពាក់កណ្ដាលស្ងួតកក្រោះ។
របាយការណ៍ជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៣ ឲ្យដឹងថា ពលរដ្ឋកម្ពុជាប្រកបរបរកសិកម្មមានចំនួន ១លាន ៨៨ម៉ឺនគ្រួសារនៅទូទាំងប្រទេស និងកាន់កាប់ដីកសិកម្មជាមធ្យម ១.៦៤ហិកតាក្នុងមួយគ្រួសារ ក្នុងនោះគ្រួសារកសិករ ៤៧ភាគរយ កាន់កាប់ដីកសិកម្មតិចជាង ១ហិកតា និង ៤៥ភាគរយទៀត កាន់កាប់ដីកសិកម្មចន្លោះពី ១ ទៅ ៣.៩៩ហិកតា។
របាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០១១ បានបង្ហាញថា ពលរដ្ឋកម្ពុជា ១១លាន ១សែននាក់ រកប្រាក់ចំណូលបាន ២.៣០ដុល្លារ ឬតិចជាងនេះក្នុងមួយថ្ងៃ នៅក្នុងចំណោមប្រជាជនសរុបជាង ១៥លាន ៤សែននាក់៕