មេបក្ស​ភ្លើង​ទៀន​​ថា បក្ស​ធ្វើ​សមាជ​ដើម្បី​ឈាន​ទៅ​រំលាយ​ខ្លួន​ឯង

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល (ណាត សុភាព)

មេដឹកនាំគណបក្សភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី បាន​សម្រេចធ្វើ​វិសោធ​នកម្មកែប្រែប្រការមួយចំនួន​នៃលក្ខន្តិកៈគណបក្ស ដោយថា ​ដើម្បីងាយស្រួល​ស្នើសុំ​ក្រសួង​មហា​ផ្ទៃ​រំលាយ​ខ្លួន​ឯង​ក្នុង​ករណី​ចាំបាច់ ដោយមិនឆ្លងកាត់ការធ្វើសមាជបក្ស​។

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានថ្លែងប្រាប់អ្នកសារព័ត៌មាន​ក្នុង​ទីស្នាក់ការកណ្ដាលបក្សថា ដើមចមដែលនាំឲ្យគណបក្សភ្លើ​ងទៀនធ្វើសមាជនៅថ្ងៃ២៦ ខែកុម្ភៈនេះ ដោយសារ​កន្លងមក​គណបក្សសិទ្ធិ​មនុស្ស​ស្នើសុំ​ក្រសួង​មហាផ្ទៃ ដើម្បីរំលាយខ្លួនឯង ប៉ុន្តែ ត្រូវ​បានក្រសួង​បដិសេធ ហើយតម្រូវ​ឲ្យបក្សនេះធ្វើសមាជ ដើម្បី​សុំការ​អនុម័ត​​តាមសំឡេងគាំទ្រភាគច្រើន ២/៣ នៃ​​សមាជិ​ក​​ដែលមានសិទ្ធិសម្រេច​របស់​អង្គសមាជ​ទាំងមូលជាមុនសិន​។ ករណីនេះ លោកថា បក្សភ្លើងទានសម្រេចធ្វើតាមការលើកឡើងរបស់ក្រសួង ដើម្បី​ងាយ​ស្រួល​រំលាយខ្លួនឯងក្នុងករណីចាំបាច់។

លោកថ្លែងថា៖ «យើងបានឃើញ​គណប​ក្សសិទ្ធិមនុស្សឆ្លងកាត់អំពី​ការដែល[ស្នើសុំ]រំលាយបក្សសិទ្ធិមនុស្ស ខាងក្រសួងមហាផ្ទៃលោកមិនអនុញ្ញាត​​ឲ្យទេ ព្រោះ​អត់បានធ្វើសមាជ។ នៅក្នុង​ប្រការ​ថ្មីរ​បស់​គណ​បក្ស​ភ្លើងទៀន គណបក្សភ្លើងទៀនយើងនឹង​និយាយថា គណបក្សភ្លើងទៀន អាច​រំលាយ​បាន​តាមរយៈការធ្វើសមាជ ឬមួយបើសិនជាក្នុង​ស្ថានភាពនយោបាយមិនអាច​ធ្វើ​សមាជបាន គណៈ​កម្មការ​នាយ​ក​អា​​ច​ធ្វើការសម្រេច​មតិភាគ​ច្រើន ៥០បូក១ អាច​សម្រេ​ចរំលាយ​គណបក្សភ្លើងទៀនបាន​»។

លោក ទាវ វណ្ណុល បានបញ្ជាក់ថា ការធ្វើ​សមាជវិសាមញ្ញរបស់គណបក្សភ្លើងទាននេះ មានសមាជិកចូលរួមប្រមាណ ៦០នាក់ ដែលមក​ពីបណ្តាលរាជធានី ខេត្ត ក្រុង នៅ​​ទូទាំងប្រទេស​។ ក្រោយពីសមាជ លោកមិនទាន់ច្បាស់ថា នឹងស្នើទៅក្រសួងរំលាយនៅថ្ងៃណាពិតប្រាកដនៅឡើយ ខណៈស្ថានការណ៍នយោ​បាយកំពុងឡើងកម្តៅ បន្ទាប់ពី​បក្សសង្គ្រោះជាតិត្រូវ​បានរំលាយ​កាលពី​ពាក់​កណ្តាល​ខែវិច្ឆិកា​​ឆ្នាំមុន។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនចាប់អារម្មណ៍គណបក្សភ្លើងទៀន ដែលធ្វើ​វិសោធ​នកម្មកែប្រែប្រការមួយចំនួន​នៃលក្ខន្តិកៈគណបក្សនោះទេ ដោយថា ក្រសួងតម្រូវ​ឲ្យ​បក្ស​នយោបា​យ​ទាំង​​អស់ត្រូវគោរពតាមច្បាប់ បើចង់ស្នើសុំរំលាយខ្លួនឯង​។

លោកមានប្រសាសន៍ថា៖ «យើងពិនិត្យមើលទៅ ច្បាប់គណបក្ស[នយោបាយ]គេមានឲ្យ…ពូមិនមែនជាអ្នកច្បាប់ទេ ធ្វើម៉េច​អនុវត្តឲ្យបានត្រឹមត្រូវ​តាមច្បាប់របស់គណ​បក្សនយោបាយ​ដែលស្ថិត​នៅជាធ​រ​មាន​ទៅ…មិនឈឺក្បាលវិលមុខអីទេ អ្នកណារំលាយ អ្នកណាជាប់គុក​ជាប់ទៅ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មើលឃើញជាទូទៅថា ទោះមេដឹកនាំបក្សនយោបាយមួយចំនួនព្យាយាមរកហេតុផល ឬកែលក្ខន្តិកៈមួយចំនួន ដើម្បីសុំទៅក្រសួងមហាផ្ទៃ ដើម្បីរំលាយខ្លួនឯង ក៏រដ្ឋាភិបាលមិនព្រមឲ្យរំលាយដែរ ដោយថា ទុកឲ្យនៅហែហម​បក្សកាន់អំណាចរហូត​ដល់ពេលបោះឆ្នោតថ្នាក់ជាតិ។

ទោះជាយ៉ាងណាលោក វិទូ ផ្តល់ជាយោបល់ដូចនេះថា៖«គណបក្សប្រជាជន និយាយឲ្យចំអ្នកមានអំណាច​ គេអត់ចង់ឲ្យសមាជិកនៃគណបក្សទាំងពីរ​ ដោយសារគណបក្សទាំងពីរគាត់​និងរត់​ចូល​ទៅ​គណបក្សប្រឆាំង ព្រោះគេមើលឃើញថា អនាគតគណបក្សប្រឆាំងនឹងរស់ឡើងវិញ ដូច្នេះបានគេទប់ស្កាត់​មិនឲ្យរំលាយ​ ចំណុច​ទីពីរគេចបានឲ្យគណបក្សផ្សេងៗដែលមានច្រើន​ គឺដើម្បីហែហមគណបក្ស[ប្រជាជនកម្ពុជា​]គេ ដើម្បីឲ្យគណបក្សគេ បោះឆ្នោតស្រប​ច្បាប់ទៅ​​»។

គណបក្ស​ភ្លើង​ទៀន គឺ​ជា​អតីត​គណបក្ស​ជាតិ​ខ្មែរ និង​ក្រោយ​មក​គណបក្ស​ សម រង្ស៊ី ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី នៅ​ឆ្នាំ១៩៩៥។ គណបក្ស​នេះ​ឈ្នះ​បាន​អាសនៈចំនួន ២៦​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០០៨។ គណបក្ស​មួយ​នេះ ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស បង្កើត​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១២។

គណបក្ស​សិទ្ធិ​មនុស្ស បាន​ស្នើ​រំលាយ​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ប៉ុន្តែ ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ការ​ប្រកាស​រំលាយ​ខ្លួន​ឯង​បែប​នេះ​ទៅ​វិញ ដោយតម្រូវ​ឲ្យ​បក្ស​មួយ​នេះ​អនុវត្ត​តាម​នីតិវិធី​ពាក់​ព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ មុន​នឹង​រំលាយ​ខ្លួន​ឯង។

ទោះជាយ៉ាងណា ការ​ធ្វើសមាជ​របស់​បក្សភ្លើងទៀន​​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​​រដ្ឋាភិបាល ហើយ​អាសនៈ​ជាប់​ឆ្នោត​ទាំង​អស់​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង ដែល​​មិន​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ និង​ដក​សិទ្ធិ​អតីត​មន្ត្រី​បក្ស​នេះ​១១៨រូប មិនឲ្យធ្វើនយោបាយ​រយៈពេល៥ឆ្នាំផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ