អ្នកតាមដានរិះគន់ថាបោះឆ្នោតព្រឹទ្ធសភាអាណត្តិនេះមិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋ

ការបោះឆ្នោតព្រឹទ្ធសភា

អ្នកតាមដានមួយចំនួន រិះគន់ថា ការបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា អាណត្តិទី​៤នេះ​​ បានងា​កចេញ​ពីគ​ន្ល​ង​​​​ប្រជាធិបតេយ្យ ដោយថា ម្ចាស់ឆ្នោតជិតពាក់កណ្តាលប្រទេស គាំទ្រគណបក្សប្រឆាំង ត្រូវបានគេ​ផាត់​ចោល។

គ.ជ.ប បានបង្ហាញរបាយការណ៍បឋមថា គណបក្សប្រជាជនកម្ពុជា អាចបានអាសនៈទាំង​អស់ ក្នុ​ងស្ថាប័នព្រឹទ្ធ​សភា ចំនួន​៥៨ដែលកើតចេញពីការបោះឆ្នោតអសកល។

ការដែលគណបក្សកាន់អំណាច ដណ្តើមបានអាសនៈទាំងអស់នៅស្ថាប័នព្រឹទ្ធសភានេះ ចំពេលគណបក្សស​ង្គ្រោះ​​ជាតិ ដែល​មានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស គ្មានឈ្មោះចូលរួមប្រកួត ប្រជែង ដោយសារតុ​លាកា​រកំ​​ពូ​​​​ល​ រំលា​យ​​គ​ណ​បក្សនេះ មុនការបោះឆ្នោតមកដល់។

មន្ត្រីអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក​ កន សាវាង្ស លើកឡើងថា បើស្ថាប័នច្បាប់មួយ មានមន្ត្រីតែមួយគណបក្សគ្រប់គ្រងទាំងអស់ដូចអាណត្តិនេះ លោកថា កិច្ចការក្នុងស្ថា​ប័ននេះ នឹ​ងលែងមា​នសំ​ឡេ​​​ងជំទាស់ ហើយថាគណបក្សមួយនឹងដឹកនាំតាមរបៀបជិះសេះលែងដៃ។

លោកថា៖«ការបោះឆ្នោតព្រឹទ្ធសភានេះបើសិនជាគណបក្ស[សង្គ្រោះជាតិ]មិនត្រូវបានរំលាយទេ យើងឃើញថា​ ប​ក្ស​​ប្រឆាំ​ងបាន២៥អាសនៈ គណបក្សកាន់អំណាចបាន៣៣អាសនៈ។ អញ្ចឹ​ងលទ្ធិប្រជាធិបតេយ្យ ក្នុងដំណើរ​ការ​នេះ​​​​មា​​នការល្អណាស់​សម្រាប់ធ្វើការ​ឆែកជាមួយគ្នា។​ប៉ុ​ន្តែ​​ក្រោ​យពី​កា​រស​ម្រេ​​ច [រំលាយ] អញ្ចឹងមក​យើងឃើ​ញថា សំឡេ​ងហាក់ដូចជាមានការខ្វះ​ នូវការសម្រេចចិ​ត្តខាង​មុ​ខ»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី វិភាគថា របត់នយោបាយថ្មីៗនេះ បានជំរុញឲ្យ​ការរៀ​បចំកា​របោះ​ឆ្នោត ធ្វើតាមឆន្ទៈនយោបាយ ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ដោយថាពលរដ្ឋជិតពាក់កណ្តាលប្រទេស ត្រូវបា​នគេមើ​លរំលង។

លោក មាស នី វិភាគថា ការរៀបចំការបោះឆ្នោតបែបនេះ ធ្វើឲ្យអ្នកនយោបាយខ្លះដែលពលរដ្ឋបោះឆ្នោតគាំទ្រ ត្រូ​​​វ​គេ​ផាត់ចេញពីទីលានប្រកួត ចំណែកអ្នកនយោបាយខ្លះដែលម្ចាស់ឆ្នោតមិនគាំទ្រ បែជាមានមុខ​មកអ​​ង្គុ​យ​នៅ​​ស្ថាប័នច្បាប់នេះទៅវិញ។

លោកថា៖«ក្នុងសភាយើងឥឡូវនេះមិនមែនសភាពេញលក្ខណដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ បើយើ​ងនិ​យា​យ​ឲ្យមែនទែនទៅ។ ព្រោះអីសភាក្នុងរដ្ឋធម្មនុញ្ញ គឺសភាហ្នឹងជាតំណាងរបស់រាស្ត្រ ដែលរាស្ត្របោះ​ឆ្នោតឲ្យ អញ្ចឹ​ងចំនួនប៉ុន្មាន​ជិតពាក់​ក​​ណ្តា​លនោះ មិនមែនជាសភាដែលពលរដ្ឋ ជ្រើសរើសទេ គឺជាការចាត់តាំង របស់​បក្សអាហ្នឹងជាបញ្ហា១ នៅក្នុង​រដ្ឋ​ស​ភា។ ហើ​យបើ​យើងមកមើលក្រុមប្រឹក្សាឃុំ ក្រោយពីការបែងចែកអាសនៈហើយនេះក៏យើងឃើញថា គណបក្សកាន់​អំណា​​ចបាន​យកនូវតំណែងភាគច្រើននៃក្រុមប្រឹក្សាឃុំ [របស់បក្សប្រឆាំង]។​ អញ្ចឹងទៅតំណែងក្រុមប្រឹក្សាឃុំហ្នឹង [មក​បោះ​ឆ្នោតព្រឹទ្ធសភា] វាធ្វើឲ្យមិនសមស្របកាន់តែខ្លាំងជាងរដ្ឋសភាទៀត»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ លើកឡើងថា ដំណើរការបោះឆ្នោតមួយ ព្យាយាមទាត់ចោ​លឆន្ទៈព​លរ​ដ្ឋ​ជិតពាក់កណ្តាលប្រទេសលោកថា មិនមែនជាការរៀបចំការបោះឆ្នោតបែបប្រជាធិបតេយ្យ។

លោកថា៖«ដរាបណាការបោះឆ្នោតគ្មានតម្លាភាព វាធ្វើឲ្យការអនុម័តច្បាប់ហើយនឹងការគិតគូពីរឿងច្បាប់ហ្នឹង គឺថា​មិ​ន​​អា​ចធ្វើឲ្យសង្គមហ្នឹងមានតម្លាភាព»។

ប៉ុន្តែ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក របស់​លោ​ក​នៅ​ថ្ងៃនេះ អរគុណសមាជិកសមាជិការគណបក្ស និងប្រជាពលរដ្ឋ ទូទាំងប្រទេស​ ដែលលោ​កថា ​តែងតែ​គាំទ្រ និង​បោះ​ឆ្នោ​ត​​ឲ្យ​គណបក្សប្រជាជន ជារៀងរហូតមក​ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍ​ន៍ប្រទេ​សជា​តិឲ្យ​កាន់​តែរីក​ចម្រើ​ន។

ទោះជាយ៉ាងណា របត់នយោបាយនៅកម្ពុជា ត្រូវបានប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងស​ហភា​ពអឺ​រ៉ុ​ប​​​​ផងនោះ កំពុងដាក់សម្ពាធ ឲ្យស្តា​រប្រជាធិ​បតេយ្យឡើងវិញ តាមរយៈគំរាមលុ​បចោលប្រព័​ន្ធអនុគ្រោះ​ពន្ធ ស​ម្រាប់​​​ទំ​​នាក់ទំ​នងពាណិជ្ជកម្ម និងដាក់ទណ្ឌកម្មសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ