សហភាពអឺរ៉ុបជំរុញឲ្យរដ្ឋាភិបាលវិលរកតុចរចាជាមួយអតីតបក្សប្រឆាំង

លោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន

ក្រុមប្រឹក្សាសហភាពអឺរ៉ុបជំរុញជាថ្មីឲ្យរដ្ឋាភិបាល ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងថា គួរវិលរកតុចរចានយោបាយជាមួយអតីតគណបក្សប្រឆាំង ដើម្បីធានាការបោះឆ្នោតនាពេលខាងមុខឲ្យ​មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមប្រឹក្សាកិច្ចការបរទេសនៃសហភាពអឺរ៉ុប ដែលតំណាងឲ្យ ២៨​ប្រទេស បានចេញសេចក្ដីសន្និដ្ឋានមួយស្ដីពីបញ្ហាកម្ពុជា ដែលមាន ១២ចំណុច ដោយក្រើនរំឭករដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ឲ្យ​ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដូចជា ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍បង្ក្រាបសំឡេងរិះគន់ ដោះលែងប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងការបោះឆ្នោតនាខែកក្កដាឆ្នាំ២០១៨ខាងមុខ។

ក្នុងសេចក្ដីសន្និដ្ឋាន សហភាពអឺរ៉ុបក៏ព្រមានជាថ្មីពីការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ​គយ​ដល់កម្ពុជាផងដែរ ប្រសិន​បើ​រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនព្រមដោះលែង លោក កឹម​​ សុខា និងធានាបរិយាកាសនយោបាយល្អប្រសើរនៅមុនការបោះឆ្នោត។​

ប៉ុន្ដែ ក្រោយការព្រមានរហូតមកដល់ទល់ពេលនេះ ស្ថានការណ៍នយោបាយនៅកម្ពុជា ហាក់នៅជាប់គាំងមួយកន្លែង និងមិនមានការផ្លាស់ប្ដូរ តាមការទទូចរបស់សហគមន៍អន្ដរជាតិឡើយ។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ច្រានចោលការលើកឡើងរបស់អឺរ៉ុបជាថ្មីនេះ ដោយថា គណបក្សសង្គ្រោះជាតិបានស្លាប់ទៅហើយ និងមិនអាចមានបរទេសណា លូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។

លោកថា៖ «ខ្ញុំយល់ថា ច្បាប់កម្ពុជា ជាច្បាប់របស់កម្ពុជា ហើយការអនុវត្តច្បាប់ចំពោះជនល្មើសច្បាប់ គឺបានអនុវត្តរួចទៅហើយ។ គ្មានអំណាចអ្វី ចូលមកគំរាមកំហែង ឬក៏ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ អត់មានទេ គណបក្សប្រឆាំង បានងាប់បាត់ទៅហើយ ដូច្នេះ មិនអាចចរចាបានទេ ពីព្រោះរឿងដែលកើតឡើង មិនមែនដោយសារគណបក្សកាន់អំណាចទេ ឬរដ្ឋាភិបាលកម្ពុជា ធ្វើបានគាត់ទេ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា កម្ពុជា​មិនអាចឱប​ជើងចិន ហើយផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសលោកសេរីបានទេ ដោយថា កម្ពុជា​ជាប្រទេសក្រីក្រនៅឡើយ។ លោកថា បើអឺរ៉ុបដាក់ទណ្ឌកម្មមែន រដ្ឋាភិបាលនឹងជួបបញ្ហាជាច្រើន ដូចជា ភាពអត់ការងារធ្វើរបស់ពលរដ្ឋ អសន្ដិសុខសង្គម និងវិបត្តិផ្ទៃក្នុង។

លោកថា៖​ «សហគមន៍អឺរ៉ុប គេបានព្រមានមកលើយើង វាច្រើនខែមកហើយដែរ ប៉ុន្ដែយើងក៏ប្រកាន់ជំហរមួយ មិនយកគំនិតរបស់គេមកពិចារណា បើយើងមកមើលក្នុងខ្លួនយើងវិញ យើងក៏មិនប្រាកដថា អាចរស់ពឹងទៅលើខ្លួនឯងបាន ហើយនៅពេលដែលយើងកំពុងផ្អែកខ្លួនទៅរកចិន អញ្ចឹងហើយដែលធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងខ្លួនឯង។ រឿងការគាបសង្កត់ផ្នែកពាណិជ្ជកម្ម បើគេដាក់ ក៏នឹងធ្វើឲ្យយើងមានវិបត្តិផ្ទៃក្នុង ប៉ះពាល់ទំនាក់ទំនងផ្ទៃក្នុងរបស់យើងជាមួយពលរដ្ឋ ដែលគាត់ទទួលផងពីផលប្រយោជន៍ពាណិជ្ជកម្មហ្នឹង»។

បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអតីតបក្សប្រឆាំងដ៏ធំចោលនោះ សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានទណ្ឌកម្មទាំងផ្នែកការទូត និងសេដ្ឋកិច្ចលើរដ្ឋាភិបាលកម្ពុជា។

ករណីនេះ ក៏ជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានសម្រេចដាក់ទណ្ឌកម្មទិដ្ឋាការលើកម្ពុជាផងដែរ ដោយថា បានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ និងប្រាស់ចាកពីខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ