លោក ហ៊ុន សែន យកថវិការដ្ឋជាង៤លានដុល្លាផ្ដល់​ទៅ​កម្មករក្រោយ​ថៅកែរត់ចោល

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ (FB: លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល បាន​ប្រកាសផ្តល់ប្រាក់ជាង ៤លានដុល្លា ដើម្បីដោះស្រាយបញ្ហាកម្មករ បន្ទាប់​ពី​ថៅកែរត់ចោល​ដោយ​មិនបានទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជាផ្ទាល់​មាត់​កាលពីថ្ងៃទី២១កុម្ភៈ ទៅក្រសួងពាក់ព័ន្ធឲ្យចុះដោះស្រាយបន្ទាន់បញ្ហាកម្មករដែលថៅកែរត់ចោល ដោយថា មិនត្រូវទុកបញ្ហានេះជាជំងឺរាំរ៉ៃនោះទេ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅថ្ងៃទី២៨កុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន រំឮកទៅក្រសួងពាក់ព័ន្ធជាថ្មីទៀត ឲ្យដោះស្រាយបញ្ហាកម្មករដែលត្រូវថៅកែរត់ចោល ក្នុងនោះលោក​បានប្រកាសផ្តល់ថិវកាប្រមាណ ៤លាន ៦សែនដុល្លារដើម្បីទូទាត់សំណងជូនកម្មករ ៤១០០នាក់។

លោកបន្ថែមថា៖ «ឥលូវធ្វើម៉េចឲ្យលុយហ្នឹងបានទៅដល់កម្មករ-កម្មការនីដែលអត់ការងារធ្វើ ដែលថៅកែរត់ចោល ហើយក្រៅពីនោះ ឆ្លៀតពេលហ្នឹង រកការងារឲ្យក្មួយៗបានធ្វើឡើងវិញ អាហ្នឹងជាការខិតខំដោះស្រាយ​បញ្ហា។ កន្លងទៅ ក្រសួងខិត​ខំ​សម្រួលថា ធ្វើម៉េចឲ្យថៅកែ ឥលូវហ្នឹងយើងដោះស្រាយជាមួយពួកថៅកែហ្នឹងក្រោយ។ យើងចាប់ផ្តើមយកប្រាក់នេះបើកភ្លាម បើកចប់ទេអាទិត្យហ្នឹងទេមើលទៅ? ព្រោះនេះជាតម្រូវការ គ្នាធ្វើការព្រោះថៅកែរត់ចោលបាត់ទៅ។ ចំនួនកម្មករ៤១០០នាក់»។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា កាលពីសប្ដាហ៍​មុន បានសាទរចំពោះយន្តការដោះ​ស្រាយរដ្ឋាភិបាលនេះ ប៉ុន្តែ លោកក៏បានស្នើទៅរដ្ឋាភិបាលឲ្យមានវិធានការផ្លូវច្បាប់ចំពោះថៅកែទាំងឡាយណាដែលបិទទ្វាររត់ចោលអត់ទូទាត់លុយជូនកម្មករ និងត្រូវបង្កើតយន្តថ្មីមួយទៀត ដើម្បីដោះស្រាយបញ្ហាចំពោះមុខជូនកម្មករពេលថៅកែរត់ចោលនោះផងដែរ ដោយថា កំឡុងពេលរងចាំដំណោះស្រាយនោះ គឺកម្មករជួបផលលំបាកច្រើន។

កាលពីម្សិលមិញកម្មករនៅរោងចក្រ២ក្នុងចំណោមរោងចក្រជាច្រើនទៀត ដែលថៅកែរត់ចោល បានរាយការណ៍ប្រាប់វីអូឌីថា រោងចក្រ អ៊ីហ្វា ហ្គាមេន និងរោងចក្រ ជីឡុង មិនទាន់ទទួលបានសំណងទេ បើទោះជា លោក​នាយករដ្ឋមន្រ្តីបញ្ជាទៅមន្រ្តី​ក្រោម​ឱវាទឲ្យចុះដោះស្រាយបន្ទាន់ក៏ដោយ។

កម្មករបម្រើការងារនៅរោងចក្រ អ៊ីហ្វា ហ្គាមេន អ្នកស្រី ហ៊ន សុខឃាង និយាថា ការពន្យាពេលនេះបានធ្វើឲ្យ កម្មករជួបផលលំបាកច្រើន ដូចជា គ្មានលុយបង់ថ្លៃទឹកភ្លើង បន្ទាប់ជួល និងការចាយវាយប្រចាំថ្ងៃជាដើម។

អ្នកស្រីបន្ថែមថា«សម្តេចគាត់ស្រែកប៉ុណ្ណឹងហើយ សូមឲ្យថ្នាក់នាំក្រោមៗស្តាប់គាត់ផង ហើយធ្វើការតាម បញ្ជាគាត់ផង ចុះមកដោះស្រាយឆាប់ៗមក ព្រោះកម្មករលំបាក អត់បានទៅរកការងារធ្វើទៀតទេ ដោយកម្មករនៅតែបន្តដេកយាមរោងចក្រ ហើយកម្មករចង់បានតែប្រាក់ចុងក្រោយទេ ម្នាក់ៗ២០០ជាងហ្នឹង»។

ក្រុម​កម្មករ-កម្មការនី នៅរោងចក្រ ២ ក្នុងចំណោមរោងចក្រ ៤ ដែលថៅកែរត់ ចោលបាន​អះអាងថា ពួកគេសម្រេចលក់សម្ភារៈក្រុមហ៊ុនឡៃឡុងដើម្បីទូទាត់សំណង ខណៈរោងចក្រផ្សេងទៀតបន្តដេកយាមមុខរោងចក្រដើម្បីរងចាំដំណោះស្រាយតាមប្រសាសន៍ លោក ហ៊ុន សែន។

កាលពីដើមកុម្ភៈកម្មករប្រហែល២ពាន់នាក់នៃរោងចក្រ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យដែលមានថៅកែជាជនជាតិចិន​តែ​ម្នាក់​នោះ បានផ្ទុះការតវ៉ាដោយដេកយាមមុខរោងចក្រតាំងពីថ្ងៃទី៨ ខែកុម្ភៈរហូតមកដល់ថ្ងៃនេះ បន្ទាប់ពីថៅកែបិទទ្វារត់ចោលដោយមិនបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។

ក្រៅពីរោងចក្រទាំង៤នេះ គឺមានរោងចក្រ Benoh Apparel ស្ថិតក្នុងខណ្ឌមានជ័យ ក៏ថៅកែរត់ចោលអត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករដែរ ខណៈរោងចក្រ ហ្វឹស ហ្គាវ័ន្តនៅសង្កាត់ចាក់​អង្រែលើ និងរោងចក្រ ហ្គា​វ័ន្ត នៅក្រុងតាខ្មៅ ត្រូវកម្មករដេករោងចក្ររយៈពេលជាង ២ខែហើយរហូតមកថ្ងៃនេះ ដោយសារឃើញថៅកែលួចដឹកឥវ៉ានចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ