លោក ហ៊ុន សែន ប្រតិកម្មថា ការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតជាការ «ឆោតល្ងង់»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗ​ទៅនឹងអ្នកដែលបានអំពាវនាវកុំឲ្យពលរដ្ឋចេញ​ទៅបោះ​ឆ្នោ​ត​ថា ​​ជាមនុស្សឆោត​ល្ងង់ធ្វើយុទ្ធសាស្ត្រវង្វេងទិស ខណៈស​ហគមន៍​អ​ន្តរ​ជា​តិកំពុង​ដាក់​ស​​ម្ពា​ធឲ្យស្តា​រលទ្ធិប្រ​​​​ជា​ធិ​ប​​​​​​តេយ្យឡើងវិញ។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលដ្ឋាននៅក្រៅប្រទេស បានអំពាវនាវទៅ​ប្រជាពលរដ្ឋ កុំឲ្យ​ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ដោយថា បើ​គ្មា​នគ​ណបក្ស​សង្គ្រោះជាតិ​ចូ​លរួមប្រ​កួតប្រ​ជែង។

ក្រុមអ្នកអំពាវនាវ បាន​លើក​ឡើង​ក្នុងលិខិតចំហរមួយ​ថា របបដឹកនាំ​របស់លោក ហ៊ុន សែន ត្រូវ​ការ​ពលរដ្ឋ​​ជា​ង ៥០​ភាគរយ ចេញទៅបោះឆ្នោត ដើម្បី​​បង្ហាញ​ទៅ​​អន្ត​​រ​ជា​តិ​​ថា ពលរដ្ឋ​កម្ពុជា​ពេញ​ចិត្ត​នឹង​របប​ដឹកនាំ​បច្ចុប្បន្ន។

ក្រុមប្រឹក្សាឃ្លាំមើលថា ​បើ​ចំនួន​អ្នកចេញ​ទៅ​បោះ​ឆ្នោត ​តិច​ជាង ៥០​ភាគរយ មានន័យថា ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​របប​ដឹកនាំ​របស់លោក ហ៊ុន សែន ។

ប៉ុន្តែ លោក ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករ​នៅខេត្តកំពង់ស្ពឺ​នាថ្ងៃនេះ បាន​ថ្លែងថា ការអំពាវនាវនេះ ជាទង្វើ​ខុស​ច្បា​​​​ប់ផង និងថា ជាយុទ្ធសាស្ត្រ​បែប«ឆោតល្ងង់»ផង។

លោកថា៖ «អ្នកវង្វេងទិសខ្លះ សូមបន្តរឿងហ្នឹងទៅចុះ បន្តអំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោត សុំអ្នកឯងធ្វើទៅ ប៉ុន្តែ អ្នកឯងគួរគិតទៅ។ អញ្ចឹង​ទេ ខ្ញុំចាំ​តែក្របួចយកតែម្តង អ្នកដែលទៅបោះ[ឆ្នោត]ទាំ​ងប៉ុន្មាន អ្នកទាំងអ​ស់ហ្នឹងស្តាប់ការអំ​ពាវនាវរប​ស់គណ​បក្សប្រជា​ជន។ ដល់ទៅបោះៗឲ្យគណបក្សប្រជាជន អាហ្នឹងយ៉ាង​ម៉េចទៅវិញ? អ​ញ្ចឹងទេ អ្នកឯងអំពាវនាវបានត្រឹមសមាជិក​របស់អ្នកឯងប៉ុណ្ណោះ ឯសមាជិករបស់អ្នកឯង​ទៅបោះក៏មិនបោះ​ឲ្យខ្ញុំ​ឯ​ណា​​? អញ្ចឹងអ្នកឯងគិតឡើងវិញទៅ ក្រែងលោ​ចេះកែសម្រួលខាងយុទ្ធសាស្ត្រ ខ្ញុំប្រាប់ពីយុ​​ទ្ធ​សា​ស្ត្រទៅ​ចុះ។ ខ្ញុំឃើញអាហ្នឹងភ្លាម ខ្ញុំថា អានេះល្ងង់អីក៏ល្ងង់ម្ល៉េះ»។

មន្ត្រីជាន់ខ្ពស់ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស លើក​ឡើង​ថា ច្បាប់បោះឆ្នោតរបស់កម្ពុជា គ្មាន​មាត្រា​ណា​ចែង​កំ​ណត់ ​​​គុណភាពនៃការបោះឆ្នោត តាមរយៈចំនួនអ្នក​ចេញ​ទៅ​បោះ​ឆ្នោត​តិច ឬច្រើននោះ​ទេ ប៉ុ​ន្តែ ​លោក​ថា ​​ប្រទេ​សប្រជាធិប​តេយ្យ គេត្រូវការ លទ្ធផលបោះឆ្នោត កើតចេញពីការប្រកួតប្រជែងមួយ ប្រកប​​ដោ​​​​យតម្ភាភាព សេរី ត្រឹមត្រូវ គ្មានការគំរាមកំហែងផ្នែកនយោបាយ និងមានការ​ទទួល​ស្គា​ល់ ពី​​​អន្តរជាតិ។

លោកថា៖ «អ្វីដែលជាចំណុចល្អ គឺថា កម្លាំងនៃគណបក្សប្រឆាំងហ្នឹង ជាគណបក្សប្រឆាំ​ងដ៏ធំមួយនៅ​ប្រទេស​កម្ពុជាហ្នឹ​ង បើកឲ្យមានការចូលរួមប្រកួតប្រជែង វាចំណុចល្អមួយនៅក្នុងការបោះឆ្នោត។ បើសិនជាអ​ត់មានការចូល​រួមប្រ​កួតប្រជែងទេ​ មា​នន័យថា មានតែគណ​បក្សធំមួយ វាអត់មានកា​រប្រកួត​ប្រជែ​ងស្មើ​ភា​​ពគ្នា​​ទេ។ អញ្ចឹង យើ​ង​នៅ​តែ​ចង់ឃើ​ញ ការប្រកួតប្រជែ​ងមួយ​ ដោយស្មើភាព និងដោ​យត្រឹម​ត្រូវ»។

របត់នយោបាយនៅកម្ពុជា ត្រូវបានសហគមន៍​អន្តរជាតិ ដែល​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​អាមេរិក នៅ​តែ​បន្ត​ទាម​ទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ ដែល​បាន​​រំលាយទៅហើយនោះ បានចូល​រួម​បោះ​ឆ្នោត ​ដោយ​សេរី​ត្រឹម​ត្រូវ និង​​ដោះ​លែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ