អតីត​មេ​បក្ស​ប្រឆាំង​ហៅ​ដីកា​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក​ថា «អាយ៉ង​បក្ស​កាន់​អំណាច»

លោក ហេង សំរិន, លោក សម រង្សុី និងលោក ហ៊ុន សែន (រាប់ពីឆ្វេង)

អតីត​មដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៊ី បាន​ហៅ​វិធានការ​តុលាការ​រឹប​អូស​ផ្ទះ​សម្បែង ឬ​ទីស្នាក់ការ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ថា ត្រូវ​បាន​ធ្វើ​ឡើង​ក្រោ​ម​ហេតុផល​នយោបាយ​របស់​បក្ស​កាន់​អំណាច។

សាលា​ដំបូងរាជ​ធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ ឲ្យ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​លោក សម រង្ស៊ី យក​ទៅ​ដាក់​លក់​ឡៃឡុង ដើម្បី​ទូទាត់​សំណង​ជំងឺ​ចិត្ត​ដល់​​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ចាញ់​ក្ដី​នៅ​ក្នុង​សំណុំ​រឿង​បរិហា​កេរ្តិ៍។

ជា​ប្រតិកម្ម​តប​ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស​នោះ បាន​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​មិន​ភ្ញាក់​ផ្អើល​នឹង​សេចក្ដី​សម្រេច​បែប​នេះ​របស់​តុលាការ​កម្ពុជា​នោះ​ឡើយ។

មិន​ត្រឹម​តែ​មិន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ទេ លោក សម រង្ស៊ី បាន​ហៅ​វិធានការ​បែប​នេះ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ថា ជា​ផ្នែក​មួយ​នៃ​សំណុំ​រឿង​នយោបាយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​រូប​លោក ខណៈ​ដែល​លោក​អះ​អាង​ថា លោក​ចេញ​មុខ​ខ្លាំង​ជាង​គេ​ប្រឆាំង​នឹង​អំណាច​ផ្ដាច់ការ និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​អស់​រយៈ​ពេល ២៥​ឆ្នាំ​មក​ហើយ។

លោកសរសេរថា៖ «ខ្ញុំមិនខ្វល់ពីតុលាការអាយ៉ង​របស់លោក ហ៊ុន សែន និងគណបក្សគាត់ រឹបអូសទ្រព្យសម្បត្តិខ្ញុំទេ ពីព្រោះទង្វើបែបនេះ វាមិនប៉ះពាល់ដល់ជីវភាពរស់នៅ និង​កម្លាំង​ចិត្ត​តស៊ូរបស់ខ្ញុំឡើយ ពីព្រោះ ខ្ញុំមិនដែលមានចិត្តសម្ភារៈនិយម ហើយទ្រព្យសម្បត្តិ លុយកាក់ និងបុណ្យសក្តិ មិនមែនជាអ្វីដែលខ្ញុំស្វែងរកទេ ក្នុងការ​តស៊ូ​របស់​ខ្ញុំ រយៈ​ពេល ២៥ឆ្នាំកន្លងមកនេះ»។

ផ្ទុយ​ទៅ​វិញ អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​លើក​ឡើង​ថា លោក​ខ្វល់​ខ្វាយ​ទៅ​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ ដី​ធ្លី និង​ផ្ទះ​សម្បែងរបស់​ប្រជា​រាស្ត្រ​ស្លូត​ត្រង់ និង​ក្រីក្រ​ទៅ​វិញ។

បន្ទាប់​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ បាន​បង្ហាញ​ប្រតិកម្ម​បែប​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​នៅ​ព្រឹក​ថ្ងៃ​នេះ​ បាន​ថ្លែង​បែប​ឌឺដង​ទំនង​សំដៅ​ទៅ​លោក សម រង្ស៊ី​ ថា អ្នក​ជេរ​លោក នឹង​ទទួល​បាន​លទ្ធផល​ដូច​អតីត​មេដឹកនាំ​ផ្ដាច់​ការ​នៃ​របប​ខ្មែរ​ក្រហម។

លោកថ្លែងបែបនេះថា៖«គេថា ទម្លាក់ ហ៊ុន សែន រំលាយ​ ហ៊ុន សែន​ ប៉ុន្តែ ចាំតែងាយងាប់តើ! អ្នកដែលជេរខ្ញុំខ្លាំងបំផុត​ ស្អប់ខ្ញុំធំបំផុត ប៉ុល ពត ប៉ុន្តែ​ ទីចុងបំផុត លទ្ធផល​របស់​មេដឹកនាំ ប៉ុល ពត ទាំងអស់​ ប៉ុល ពត ខ្លួនឯង ងាប់​រកដីកប់មិនបាន​។ ស៊ុន សេន និងក្រុមគ្រួសារ ងាប់តៃហោង​ ដោយសារ ប៉ុល ពត សម្លាប់​ ឯអ្នកដទៃទៀត ក៏ត្រូវ​ទទួលជោគ​វាសនា លទ្ធផល​នៃការ​ជេរប្រទេច ហ៊ុន សែន​​»។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី យល់ថា ដំណាក់កាលនេះ អ្នកនយោបាយ​ខ្មែរទាំងអស់មិន​គួរយករឿង​ឯកជនរបស់​ខ្លួន ទៅឈ្លោះគ្នាបែបនេះទេ ដោយថា ​អាចធ្វើ​ជា​គំរូអាក្រក់​ដល់​កូ​ន​ខ្មែរ​ជំនាន់ក្រោយ​។

លោកមានប្រសាន៍ថា៖«ពលរដ្ឋទូទៅយល់ថា ការឈ្លោះគ្នាដូចរាល់ថ្ងៃនេះ​ វាអត់បានចំណេញ​អីសម្រាប់​អ្នកដឹកនាំខ្លួនឯងដែរ គ្រាន់តែផ្តល់គំរូ ដែល​វា​ពិបាក​​សម្រាប់យុវជន​ជំនាន់ក្រោយ ក្នុងការយក​តម្រាប់តាម​ បើមេដឹកនាំនៅតែឈ្លោះគ្នា ចងពារគ្នា​មិនចេះចប់​​មិនចេះហើយ​»។

លោក សម រង្ស៊ី បាន​និរទេសដោយខ្លួនឯងកាល​ពី​ចុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​លោក​រង​បណ្ដឹង​ជា​ច្រើន​ពី​​មេដឹកនាំ​គណបក្សប្រជា​ជន​កម្ពុជា ​ដែល​ក្នុង​នោះរាប់​​ទាំង​បណ្តឹង​របស់​ប្រធាន​រដ្ឋ​សភា លោក ហេង សំ​រិន ដែល​ប្តឹង​ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​បណ្តឹង​លោក​ ហ៊ុន​​ សែន​ ដែល​ប្តឹងក្នុង​បទ​ចោទ​ដូច​គ្នា​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ទាំង​ពីរ​រូប​នេះ បាន​ប្ដឹង​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ ដោយ​បាន​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​​សរុប​រហូត​ដល់​ជាង ១​លាន​ដុល្លារ​អាមេរិក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ