មន្ត្រី​សហជីពម្នាក់ប្រឈមបាត់បង់ការងារ ក្រោយផ្តល់បទសម្ភាសជាមួយសារព័ត៌មាន

សមាជិកសហជីពមួយរូបបម្រើការងារនៅក្រុមហ៊ុនកាស៊ីណូ ហ្គ្រែន ដាយអឺម៉ន ស៊ីធី នៅ​ក្រុងប៉ោយប៉ែត កំពុង​ប្រឈម​ទៅ​នឹង​ការបញ្ឈប់ពីការងារ ក្រោយពីរាយការណ៍លក្ខខណ្ឌការងារក្នុងក្រុមហ៊ុនប្រាប់អ្នកសារព័ត៌មានវីអូឌី។

កាលពីថ្ងៃទី១៣ ខែ​កុម្ភៈ សមាជិកសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក អ៊ុំ ឆាយយ៉ា ត្រូវបានថៅកែក្រុម​ហ៊ុន​សម្រេច​ព្យួការងារមួយរយៈ បន្ទាប់ពីសមាជិក​សជីពរូបនេះ បានប្រាប់សារព័ត៌មានវីអូឌីជុំវិញបញ្ហាលក្ខខណ្ឌការងារមួយចំនួនក្នុងក្រុមហ៊ុនកាស៊ីណូ ហ្គ្រែន ដាយអឺម៉ន ស៊ីធី ដែលសហជីពចោទថា កំពុងអនុវត្តលក្ខខណ្ឌការងារផ្ទុយពីច្បាប់។

ក្នុងលិខិតព្យួការងារចុះថ្ងៃទី២៧ ខែ​កុម្ភៈ តំណាងក្រុមហ៊ុនកាស៊ីណូ ហ្គ្រែន ដាយអឺម៉ន ស៊ីធី លោកស្រី ឌួង ផន លើក​ឡើងថា ការរាយការណ៍លក្ខខណ្ឌការងាររបស់លោក អ៊ុំ ឆាយយ៉ា ទៅសារព័ត៌មាននោះ ជារឿងមិន​ពិត ល្មើសនឹងបទបញ្ជាផ្ទៃក្នុង និងប៉ះពាល់ដល់កេរិ៍្តឈ្មោះរបស់ក្រុមហ៊ុន។

ក្នុង​លិខិតដដែល​នោះ លោកស្រី ឌួង ផន បានចាត់ទុកករណីនេះ​ថា មានកំហុសធ្ងន់ធ្ងរ និងរង់ចាំការសម្រេចបញ្ឈប់ពី​សំណាក់អធិការកិច្ចការងារ។

ប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យ លោក រស់ សារុំ មានប្រសាសន៍ថា មន្ទីរការងារខេត្ត ទទួលបានលិខិតពីតំណាងក្រុមហ៊ុនផង និងតំណាងសហជីពផង ដើម្បីសុំអន្តរាគមន៍ដោះស្រាយវិវាទ​នេះ។

លោក រស់ សារុំ បន្តថា នៅពេលនេះ មន្ទីរការងារមិនទាន់អាចសម្រេចយ៉ាងណាងនោះទេ ដោយថា មន្រ្តី​កំពុងពិនិត្យលើផ្លូវច្បាប់ ប៉ុន្តែថា អ្វីដែលមន្ទីរចង់បាននោះគឺ ចង់ឲ្យភាគីទាំងពីរត្រូវគ្នាវិញ។

លោកបន្ថែមថា៖«យើងសួរថា សម្រេចយ៉ាងណា ខ្ញុំអត់ទាន់និយាយកើតទេអាហ្នឹង ព្រោះ វាជានីតិវិធីនៃច្បាប់។ អញ្ចឹង ពេលចូលដល់ដៃអធិការកិច្ច អធិការមិនអាចថា ក្រុមហ៊ុនយ៉ាងម៉េច ឬខាងសហជីពយ៉ាងម៉េចទេ។ អញ្ចឹង ទុកឲ្យក្រុមអធិការកិច្ចការងាររបស់ខ្ញុំ ជាអ្នកធ្វើការងារដោះស្រាយសិន ព្រោះយើងចង់បានការសម្របសម្រួល​កណ្តាលមួយ ឲ្យមានការសះជារវាងនាយកក្រុមហ៊ុន និងអង្គការសហជីព»។

វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានទេជុំវិញវិវាទ​នេះ ដែល​ក្រុមហ៊ុនកាស៊ីណូ​​គ្រោងបញ្ឈប់សមាជិកសហជីពរបស់ខ្លួនពីការងារនេះ។

ប៉ុន្តែ កាលពីថ្ងៃទី១៤ ខែ​កុម្ភៈ លោក ប៉ាវ ស៊ីណា សរសេរលើទំព័រហ្វេសប៊ុកថា ករណីក្រុមហ៊ុនព្យួរការងារសហជីពនេះ គឺធ្វើឡើងទាំងកម្រោល និងខុសច្បាប់ស្តីពីការងារ ហើយថា បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងស្ថិតក្នុងបណ្តឹងរបស់សហជីពពាក់ព័ន្ធរឿងមិនអនុវត្តច្បាប់ការងារនេះផងដែរ។

ប្រធានកម្មវិធីចងក្រងនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) អ្នកស្រី ឆន សុខា បាន​ថ្លែង​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ទី​១៤កុម្ភៈថា សហជីព ឬកម្មករ មានសិទ្ធិរាយការណ៍ទៅគ្រប់ភាគីពាក់ព័ន្ធនូវបញ្ហាលក្ខខណ្ឌការងាររបស់ពួកគេ ប្រសិនក្រុមហ៊ុននោះអនុវត្តផ្ទុយច្បាប់ការងារ។ ប៉ុន្តែ អ្នកស្រីថា កម្មករ ឬសហជីពមិនអាចរាយការណ៍ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនបានឡើយ។

កាលពីថ្ងៃទី១២កុម្ភៈ សហជីពបានចោទក្រុមហ៊ុនកាស៊ីណូ ២ នៅក្រុងប៉ោយប៉ែត គឺក្រុមហ៊ុនកាស៊ីណូហ្គ្រែន ដាយអឺម៉ន ស៊ីធី និងក្រុមហ៊ុន កាស៊ីណូ DNA Star អនុវត្តលក្ខខណ្ឌការងារផ្ទុយពីច្បាប់ការងារ។

កាល​នោះ សហជីពបាន ស្នើទៅមន្ទីរការងារខេត្តបន្ទាយមានជ័យ ឲ្យ​ចុះពិនិត្យមើលអំពីស្ថានភាពលក្ខខណ្ឌការងារនៅ​ក្រុមហ៊ុនកាស៊ីណូទាំងពីរនោះ និងបណ្តាក្រុមហ៊ុនផ្សេងៗទៀត ដែលកំពុងដំណើរការក្នុងខេត្តនេះ ឲ្យអនុវត្តច្បាប់បានត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ