តុលាការ​គ្រោង​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​សប្ដាហ៍​ក្រោយ

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

មេធាវីការពារក្ដីលោក កឹម សុខា បានឲ្យដឹងថា តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីឲ្យ​លោក កឹម សុខា បាន​ប្រាប់វីអូឌីនៅថ្ងៃនេះថា  តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំ​របស់​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ នៅព្រឹក​ថ្ងៃទី​៩ ខែមីនា។

លោកស្រី​បន្ថែម​ថា ក្រុមមេធាវីនឹងទៅចូលរួមសវនាការនៅតុលាការកំពូលខាងមុខនេះ ដើម្បីសុំចៅក្រមអនុញ្ញាតឲ្យកូនក្ដីបាន​នៅក្រៅឃុំ និង​បានទៅព្យាបាលជំងឺ ខណៈដែល​លោក​ស្រី​ថា បញ្ហាសុខភាពលោក កឹម សុខា កាន់តែទ្រុឌទ្រោមជាងមុន។

លោកស្រីថា៖ «ពិតណាស់ ពួកយើងខ្ញុំនឹងទៅចូលរួម ពីព្រោះអីការសុំនៅក្រៅឃុំសំខាន់ ដោយសារ មូលហេតុនៃការ​សុំនៅក្រៅឃុំ ព្រោះបញ្ហាសុខភាពហ្នឹងជាចម្បងតែម្ដង។ ដោយសារ រឿងសុខភាពរបស់គាត់ កូនក្ដីរបស់យើងខ្ញុំ ក៏ទទូចស្នើសុំឲ្យតុលាការធ្វើការ​អនុញ្ញាតឲ្យគាត់បាននៅក្រៅឃុំ ដើម្បីគាត់បានទៅព្យាបាលជំងឺ»។

បើតាមមេធាវីលោក កឹម សុខា លើកឡើងថា កន្លងមកពួកគាត់បានស្នើសុំឲ្យតុលាការកំពូល បើកសវនាការពេលរសៀលវិញ បន្ទាប់ពីមានសំណើរបស់កូនក្ដី ប៉ុន្តែ មិនមានការឆ្លើយតបឡើយ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោក​កាលពីរំលងអធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោម​ការ​ចោទ​ប្រកាន់ពី​រដ្ឋាភិបាល​ថា «ក្បត់ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ