គណបក្សសិទ្ធិមនុស្សថាឈប់ដំណើរការហើយទោះក្រសួងមិនឲ្យរំលាយ​

លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស

មេដឹកនាំគណបក្សសិទ្ធិមនុស្ស បានឲ្យដឹងថា គណបក្សនេះសម្រេច​​​រំលាយ​ខ្លួន​ឯងឈប់ដំណើរការអ្វីទៀតហើយ​ បើទោះជាក្រសួងមហាផ្ទៃ មិនព្រមឲ្យរំលាយ​ក៏ដោយ។

គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​​រំលាយ​ខ្លួន​ឯង តាម​លិខិត​មួយ​ច្បាប់ ដែល​​បាន​ផ្ញើ​ជូន​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង កាល​ពីថ្ងៃ​ទី២៨ ​ខែមករា តែត្រូវ​បានក្រសួងបដិសេធ ដោយ​តម្រូវឲ្យ​​ធ្វើសមាជ​ដោយ​មាន​សំឡេងគាំទ្រភាគច្រើន២/៣ នៃសមាជិករបស់អង្គសមាជទាំងមូលតាមលក្ខន្តិកៈរបស់​គណបក្ស​។

ទោះជាបែបនេះក្តី ប្រធានគណបក្សសិទ្ធិមនុស្ស លោក សឺន ស៊ូបែរ្តិ៍ បានប្រាប់VODនៅថ្ងៃទី០២ ខែមីនា នេះថា គណបក្ស​របស់​លោក​មិន​អាចធ្វើតាម​ការទាមទាររបស់ក្រសួងមហាផ្ទៃបាន​ទេ ដោយលោកថា មន្ត្រី​គណ​ប​ក្សសិទ្ធិ​​មនុស្សបាន​ច្របាច់​បញ្ជូល​គ្នាជាមួយគណបក្សសម រង្ស៊ី កាល​ពីឆ្នាំ​២០​១២  ដើម្បី​បង្កើត​គណ​បក្ស​សង្គ្រោះ​ជាតិ ហើយពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយហើយ។​

ករណីនេះ លោកថា មិនមានសមាជិកបក្ស ដើម្បីធ្វើសមាជឲ្យបានសំឡេង២/៣ នៃសមាជិកអង្គ​សមាជ​ទាំង​មូល តាមការចង់បានរបស់ក្រសួងនោះទេ។

លោកនិយាយថា «យើងសម្រេច​ចឹងហើយ យើងពន្យល់គេ[ក្រសួងមហាផ្ទៃ]សព្វគ្រប់ទៅហើយ យើងសរសេរ​សំបុត្រទៅគេរួច​ហើយថាយើងចប់ហើយ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងមិនចាប់អារម្មណ៍និង​ការសម្រេច​របស់​មេដឹក​នាំបក្សសិទ្ធិមនុស្ស ដែលសម្រេច​​រំលាយដោយខ្លួនឯងនោះទេ ដោយថា ជាសិទ្ធិរបស់មេដឹកនាំបក្សនោះ​។ លោក​មិនបញ្ជាក់ថា តើករណីនេះអាចប្រឈមផ្លូវច្បាប់ឬ​អត់ទេ។​

គណបក្សសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើង​​ដោយ​លោក កឹម សុខា នៅ​ឆ្នាំ២០០៧ ហើយ​ឈ្នះ​បាន​អាសនៈ​ចំនួន ៣​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨។ គណបក្ស​នេះ​ ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​ សម រង្ស៊ី ទៅ​​ជា​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ឆ្នាំ​២០១២។

ទោះជាយ៉ាងណា ការ​ប្រកាស​រំលាយ​ខ្លួន​ឯង​របស់​បក្ស​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល ហើយ​អាសនៈ​ជាប់​ឆ្នោត​ទាំង​អស់​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង ដែល​​មិន​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ និងដកសិទ្ធិអតីតមន្ត្រីបក្សនេះ១១៨រូប មិនឲ្យធ្វើនយោបាយ​រយៈពេល៥ឆ្នាំផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ