លោក ហ៊ុន សែន កំពុង​ឲ្យ​អ្នកជំនាញសិក្សាមេដឹកនាំប្រព្រឹត្តឧក្រិដ្ឋកម្ម​នានាជុំវិញពិភពលោក

រូបពីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោកកំពុង​ឲ្យអ្នកជំនាញសិក្សា​ពី​មេដឹកនាំមួយចំនួន ដែលប្រព្រឹត្ត​ឧក្រិដ្ឋកម្មនានាជុំវិញពិភពលោក ដោយថាដើម្បីប្រៀបធៀប​នឹងរឿង​ដែលកើតឡើងក្នុង​របប​ដឹកនាំរបស់លោកជាង៣០កន្លងទៅនេះ។

ក្នុងពិធីមួយនៅក្នុងខេត្តកំពង់ចាម កាលពីម្សិលមិញលោក ហ៊ុន សែន បានបញ្ជាឲ្យលោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា និង បណ្ឌិតមួយរូបទៀត ឲ្យស្រាវជ្រាវពីឧក្រិដ្ឋកម្មពាក់ព័ន្ធមេដឹកនាំផ្សេងៗកំពុងស្ថិតនៅក្នុងតំណែង។​

លោកថ្លែងថា«អំពីកិច្ចកការបរទេស គេចាត់វិធានការទៅលើថៃយ៉ាងម៉េច​? គេចាត់​វិធានការជាមួយមីយ៉ាន់ម៉ាយ៉ាងម៉េច​? និងបន្តទៅគេនឹងចាត់​វិធាន​ការ​ជាមួយ ឌូដឺតេ យ៉ាងម៉េច​ នៅហ្វីលីពីន​ ដើម្បី​យើង​​យក​ទៅប្រៀបធៀប​ជាមួយនឹងអ្វីដែលបានកើត​សម្រាប់ប្រទេសកម្ពុជា​ បន្ទាប់ពីការសិក្សា​ស្រាវជ្រាវ​របស់បណ្ឌិត កែវ គឹមហឿន នៅមាន​ការសិក្សាមួយ​ទៀត​របស់បណ្ឌិតសភាចារ្យ​ សុខ ទូច​»។

ប្រទេសដែលតុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ​ (ICC) ទទួលបានបណ្តឹងពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងសម្លាប់មនុស្ស រួមមាន ប្រទេសថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈកម្ពុជាក៏ត្រូវ​បានមេធាវីអន្តរជាតិប្តឹងលោក ហ៊ុន សែន ជុំវិញការរំលោភសិទ្ធិមនុស្ស និង​ការសម្លាប់ក្រុមបាតុករផង​ដែរ​។

អ្នកវិភាគនយោបាយ​លោក ឡៅ ម៉ុងហៃ វិភាគថា ដើមចមដែលនាំឲ្យលោក ហ៊ុន សែន បញ្ជាឲ្យមន្ត្រីជំនាញសិក្សាពី​មេដឹកនាំដែលប្រព្រឹត្ត​ឧក្រិដ្ឋកម្មនានាជុំវិញពិភពលោក ដើម្បីប្រៀបធៀប​ជាមួយ​ការ​ដឹក​នាំ​របស់លោកនៅកម្ពុជា​ជាង៣០ឆ្នាំនេះ ទំនងជា​ចង់បង្ហាញ​ទៅសាធារណៈជាតិ និងអន្តរជាតិថា ការដឹកនាំរបស់លោក ហ៊ុន សែន​ នាពេល​បច្ចុប្បន្ននេះល្អជាងប្រទេសដទៃទៀត​។

លោកវិភាគថា«ខ្ញុំយល់ថាប្រហែលជាសំរាប់ប្រៀបធៀប​ច្រើនជាង ហើយដើម្បីបង្ហាញថា សកម្មភាពទង្វើរបស់​លោក[ហ៊ុន សែន]ដូចជា មិនមែន​អាក្រក់​ជាងទង្វើឬសកម្មភាព​របស់​មេដឹកនាំនៅក្នុង​ប្រទេស​​ទាំងប៉ុន្មានដែលលោករៀប​រាប់នោះទេ​​»។​

ចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ ឡើងកាន់អំណាចតាមរយៈការបោះឆ្នោត កាល​ពី​ចុងខែមិថុនា ឆ្នាំ២០១៦  មនុស្សជាង៨០០០នាក់ ត្រូវបានសម្លាប់ពាក់ព័ន្ធបទល្មើស​គ្រឿងញៀន។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ​រដ្ឋអាជ្ញា​តុលាការ​ ឧក្រិដ្ឋកម្មអន្តរជាតិ ICC លោកស្រីហ្វាទូ បេនស៊ូដា (Fatou Bensouda) បានប្រកាស​បើក​ការពិនិត្យ​វិនិច្ឆ័យ​ជាបឋម ​នៅក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ដោយ​ថាប្រធាធិបតីរូ​បនោះ បានប្រព្រឹត្ត​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។​

នៅប្រទេសថៃចាប់តាំងពីរដ្ឋប្រហារខែឧសភាឆ្នាំ២០១៤មក មានការចោទថា លោក ប្រាយុទ្ធ ចាន់អូចា ប្រើអំណាចបង្ក្រាបលើអ្នកការពារសិទ្ធិមនុស្ស បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយ និង​ ក្រុមដែលមាននិន្នាការប្រឆាំង។ នៅប្រទេសមីយ៉ាន់ កំពុងតែមានការថ្កោលទោសថា ពួកយោធាបានធ្វើសកម្មភាពឃោរឃៅសម្លាប់ផ្តាច់ពូជជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​ ​

រីឯកម្ពុជាវិញ មេធាវីអន្តរជាតិ គឺលោក មូរតុន ក្លារ និង​លោក រីឆាត រ៉ូជើរ បាន​ដាក់​បណ្ដឹង​ម្នាក់​មួយ ​កាល​ពី​ឆ្នាំ​២០១៤ ដោយ​ប្តឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដោយសារ​ការ​ជ្រៀតជ្រែក​កិច្ចការ​សាលាក្ដី​ខ្មែរ​ក្រហម ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​រឹប​អូស​ដីធ្លី និង​បង្ខំ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន ​នឹងការ​សម្លាប់​រង្គាល​ទៅលើ​ហ្វូង​​អ្នក​បាតុករលើផ្លូវ​វេងស្រេង កាលពី​ឆ្នាំ​២០១៣ ។​ក្រោយមកទៀត​ នៅខែវិច្ឆិកា ឆ្នាំ២០១៧  មេធាវីទាំងនោះបាន​​​ដាក់ប្តឹងបន្ថែមមួយករណីទៀត ជុំវិញការធ្វើទុក្ខបុកម្នេញមន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​សារ​ព័ត៌មាន ការបាញ់សម្លាប់លោក កែម ឡី និង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិជាដើម។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលច្រានចោលការចោទប្រកាន់នេះ ដោយថាកម្ពុជាអនុវត្តតាមច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ