លោក ហ៊ុន​ សែន ព្រមានអន្តរជាតិកុំឲ្យរៀបចំ​លោកជួបលោក សម រង្ស៊ី​​

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋម​ន្ត្រី ហ៊ុន សែន​ ព្រមានអន្តរជាតិ កុំរៀបចំកម្មវិធីឲ្យលោក ជួបលោក សម រង្ស៊ី និងគូកន ជជែក​ពីបញ្ហានយោបាយនៅកម្ពុជា ដោយថា អ្ន​​​​ក​ទាំង​នោះពាក់ព័ន្ធទោសក្បត់ជាតិ។​

លោក ហ៊ុន សែន ថ្លែង​បែបនេះក្នុង​ពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​​ ​នាព្រឹកថ្ងៃនេះថា លោកនឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីប្រជុំអាស៊ាន-អូស្ត្រាលីនៅថ្ងៃទី១៥ ខែមីនានេះ ។

ករណីនេះលោក ហ៊ុន សែន សង្កត់ធ្ងន់​ថា ដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយគ្នា បរទេសកុំរៀប​ចំឲ្យលោក ជួប​លោក សម រង្ស៊ី និងគូកន ជជែកគ្នាពីនយោបាយនៅកម្ពុជា​ ពីព្រោះ​អ្នកនយោ​បាយបក្សប្រឆាំង១១៨រូប​ពាក់ព័ន្ធ​ទោសក្បត់ជាតិ ខណៈ​លោក សម រង្ស៊ី បង្ហើបថា ចង់ជួបចរចាជាមួយលោក ហ៊ុន សែន​។

លោកព្រមានថា «ខ្ញុំសុំផ្តាំផ្ញើទៅមិត្តភក្តិបរទេស ដែលមានចេតនាណាមួយរៀបចំឲ្យមានការសន្ទនាជាមួយក្រុមក្បត់ជាតិ ខ្ញុំនឹងមិនធ្វើទេ សុំកុំមកនិយាយជាមួយខ្ញុំ ហើយខ្ញុំមិនទទួលនៅការសន្ទនាជាមួយជនបរទេសណាក៏ដោយដែលប៉ុនប៉ងមកធ្វើទាក់ទាញខ្ញុំឲ្យមានការចរចាជាមួយក្រុមនេះ[អតីតមេដឹកនាំសង្គ្រោះជាតិ] បក្សនយោបាយច្រើនណាស់ ដែលបាននឹងកំពុងពង្រឹងខ្លូន ហើយកំពុងបង្កើតថ្មីៗ គេចូលរួមប្រកួតប្រជែងបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ»។

លើសពីនេះទៀត លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា លោក​មិនចង់មាន​កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាលើក​ទីពីរ​នោះទេ។

ភ្លាមៗVOD មិនអាចសុំការ​បំភ្លឺជុំវិញករណីនេះ ពីលោក សម រង្ស៊ី បានទេ។

ប៉ុន្តែ​នៅលើហ្វេសប៊ុកលោក សម រង្ស៊ី បានបង្ហោះកាលពីម្សិលមិញ ឲ្យដឹងថា លោកត្រៀមខ្លួនជានិច្ច ដើម្បី​ជួប​សន្ទនា​ជាមួយលោក ហ៊ុន សែន ដើម្បីរកដំណោះស្រាយ​ជូនប្រទេសកម្ពុជា ប៉ុន្តែលោកបញ្ជាក់ថា ត្រូវ​តែ​មាន​​ការធានាពីអន្តរជាតិ។

ហ្វេសប៊ុក​មានខ្លឹមសារថា «ខ្ញុំត្រៀមខ្លួន​ជានិច្ច ជួបសន្ទនាជាមួយរដ្ឋាភិបាល ហ៊ុន សែន ដើម្បីស្វែង​រកដំណោះ​ស្រាយ​​មួយដោយសន្តិវិធី ចំពោះវិបត្តិដែលមិនដែលមានដូចសព្វថ្ងៃ តែជាដំណោះស្រាយ​មួយ ដែលភាគីទាំងពី​រ​អាច​​ទទួល​យក​បាន ហើយដែលមានការធានាពីអន្តរជាតិផងដែរ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា បើអ្នកនយោបាយខ្មែររួបរួមគ្នាផ្សះផ្សារជាតិ នឹងធ្វើឲ្យមានការគាំទ្រពីអន្តរជាតិទទួលបាលជំនួយ និងធ្វើឲ្យប្រទេសជាតិរីកចំរើន ហើយអ្នកទទួលបានប្រយោជន៍ ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ប៉ុន្តែលោក វិទូ បញ្ជាក់ថា បើអ្នកនយោបាយនៅតែបន្តឈ្លោះគ្នាតាមពាក្យសម្តីវាយប្រហារគ្នាដូចសព្វថ្ងៃនេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់ប្រទេសជាតិ និងមុខ​មាត់រដ្ឋាភិបាលកម្ពុជា​។

លោកវិភាគថា «ការជំរុញនេះមិនមែនត្រឹមតែសង្គ្រោះជាតិទេ អន្តរជាតិក៏គេជំរុញដែរ ប្រសិនជាសម្តេច ឬក៏គណបក្សប្រជាជនកម្ពុជាគាត់មានរឹងត្អឹង ឬគាត់មិនព្រមបើកផ្លូវចរចា វានឹងក្លាយទៅជាសម្ពាធមួយ សម្រាប់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកាន់តែខ្លាំងៗទៅ វាជះឥទ្ធិពលដល់មុខមាត់ប្រទេសជាតិទាំងមូលទៀត ប្រសិនជារដ្ឋាភិបាលមិនព្រមគិតឲ្យបានវែងឆ្ងាយផលអាក្រក់និងប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាខ្លួនឯងទៅវិញទេ»។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​​ប្រហែល ៣​លាន​នាក់ កាលពី​បោះ​ឆ្នោត​ថ្នាក់ជាតិ​​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លងទៅ ហើយមន្ដ្រីអតីត​គណបក្ស​ប្រឆាំង​​ចំនួន ១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ រីឯប្រធានគណបក្សនេះ គឺ​លោក កឹម សុខា ក៏នៅតែជាប់​ក្នុង​ពន្ធនាគារ ក្រោម​ការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ខណៈ​មន្ដ្រី​ជាន់​​ខ្ពស់មួយចំនួន​របស់​បក្ស​ប្រឆាំង​មួយ​នេះ បាន​ចាក​ចេញ​ និង​ធ្វើ​សកម្មភាព​តវ៉ា ឬ​តស៊ូ​មតិ​នៅ​ឯ​​ក្រៅ​ប្រទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ