លោក ហ៊ុន សែន ដាក់បន្ទុកថែមលើមន្ត្រីបក្សប្រឆាំងកំពុងជាប់ឃុំ​

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា ​លោកនឹងបញ្ជូនលិខិតសុំទោសរបស់មន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាការ ទៅកាន់តុលាការដើម្បីប្រើជាភស្តុតាងដាក់បន្ទុកបន្ថែមទៀត។​

ក្នុងពិធីមួយនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទនេះ លោក ហ៊ុន សែន ថ្លែងថា លោកមិនអត់អោនឲ្យអតីតមន្ដ្រីបក្សប្រឆាំង ដែលកំពុងជាប់ឃុំនោះឡើយ ដោយថា ការធ្វើដូចនេះដោយសារអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស លោក សម រង្ស៊ី បានញុះញង់ឲ្យអន្ដរជាតិ និងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ស្អប់ការដឹកនាំរបស់លោក។

មេដឹកនាំគណបក្សកាន់អំណាចរូបនេះ បន្ដថា លោកនឹងយកលិខិតចំនួន ២ច្បាប់ ដែលអតីតមន្ដ្រីបក្សប្រឆាំងជាប់ឃុំ ផ្ញើមកឲ្យលោកនោះ ធ្វើជាភស្ដុតាងបន្ថែម ដើម្បីឲ្យតុលាការផ្ដន្ទាទោស។

លោកថ្លែងថា៖ «ហើយអ្នកឯងនិយាយឲ្យស្រួល ប៉ុន្ដែ ប៉ុន្មានខែអ្នកឯងធ្វើអី អាចុងក្រោយដុតរូបបណ្ដោយ អាអ្នកជាប់គុក ក៏ជាប់បន្ដ កន្លងទៅ ខ្ញុំនឹងបញ្ជូនលិខិតស្នើសុំ សុំសារភាពកំហុសនៅសល់ពីរនាក់ មួយនោះ ខ្ញុំឲ្យរួចហើយ មួយទៀតនោះ តុលាការមិនទាន់រួចទេ។ ប៉ុន្ដែ អ្នកឯងរើក៏លែងរួចដែរ ព្រោះអ្នកឯងបានទទួលសារភាព លិខិតផ្ញើពីរដង ម្ដងផ្ញើមកតាមមនុស្សផ្សេង ម្ដងផ្ញើមកតាមអគ្គរដ្ឋទូតនៃប្រទេសមួយ អ្នកឯងបានទទួលស្គាល់កំហុស ថា អ្នកឯងបានទទួលស្គាល់កំហុស ដូច្នេះ ឲ្យតុលាការកាត់ថែមទៅ ព្រោះគេទទួលស្គាល់ខុសហើយតើ។ ដាក់ មិនអស់ចិត្តទេ ពួកគេបង្ករឿងម្ដងហើយ ម្ដងទៀត»។

ទោះមិនបញ្ចេញឈ្មោះក្ដី ប៉ុន្ដែការថ្លែងរបស់លោកនាយករដ្ឋមន្ដ្រី ទំនងសំដៅទៅអតីតសមាជិកសភាបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅឡើយ គឺ លោក អ៊ុំ សំអាន ជុំវិញការចោទប្រកាន់ពីរដ្ឋាភិបាលថា «ប្រើប្រាស់ឯកសារផែនទីក្លែងក្លាយ» ជាមួយវៀតណាម។

ខុសគ្នាពីលោក អ៊ុំ សំអាន អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូបទៀត លោក ហុង សុខហួរ ដែលសកម្មរឿងរិះគន់បញ្ហាព្រំដែនដែរនោះ ត្រូវបានតុលាការដោះលែងវិញ បន្ទាប់ពីសរសេរលិខិតសុំទោសមួយទៅលោក ហ៊ុន សែន។

មេធាវីម្នាក់របស់គណបក្សសង្គ្រោះជាតិ លោក កែត ឃី សុំមិនធ្វើការអត្ថាធិប្បាយជុំវិញលិខិតសុំឲ្យដោះលែងនោះទេ ប៉ុន្ដែ លោកថា ក្រុមមេធាវី នឹងបន្ដការពារកូនក្ដី បើមានចោទប្រកាន់មែន។

លោកថា៖ «វាជារឿងរបស់បុគ្គល គាត់យល់យ៉ាងណា គាត់ក៏មិនដឹងដែរ តែយើងក៏មិនបានឃើញលិខិតហ្នឹងដែរ។ បាទយើងការពាររហូតមកតើ រាល់ថ្ងៃយើងការពារនៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានលើកពេលសវនាការ វាអាចបន្ដទៅទៀត»។

លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីខែមេសាឆ្នាំ២០១៦ ពាក់ព័ន្ធការចោទប្រកាន់ថា ប្រើប្រាស់ឯកសារផែនទីក្លែងក្លាយ និងមានទោសជាប់ពន្ធនាគារ២ឆ្នាំ៦ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ