លោក កឹម សុខា ស្នើកុំឲ្យនាំលោកចេញពីពន្ធនាគារទាំងយប់ដូចមុនទៀត​

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ ស្នើឲ្យចៅក្រមរៀបចំសវនាការនៅពេលរសៀល ដើម្បីជៀសវាងការនាំខ្លួនលោកចេញពីពន្ធនាការទាំងយប់ដូចមុនទៀតដោយថា​ ពេលនេះសុខភាពលោក​កំពុងចុះខ្សោយខ្លាំង។​

សហមេធាវីការពារក្តីឲ្យលោក កឹម សុខា គឺលោក ផែង ហេង បានឲ្យដឹងនៅថ្ងៃនេះថា កូនក្តីរបស់លោកស្នើឡើងបែបនេះ ដោយសារតែបញ្ហាសុខភាពចុះ​លោកចុះខ្សោយ ហើយពេលធ្វើដំណើរទាំងយប់ ដោយមិនបានសម្រាកនោះកាន់តែធ្វើទុក្ខខ្លាំងថែមទៀត។​ ​

លោក ផែង ហេង បន្តថា រូបលោករួមជាមួយមេធាវីផ្សេងទៀត បានដាក់សំណើនេះទៅតុលាការកំពូលហើយ ប៉ុន្តែរហូតដល់ពេលនេះ មិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ។​

ការស្នើរបស់លោក កឹម សុខា នៅពេលនេះ គឺបន្ទាប់ពីតុលាការកំពូលកំណត់ថ្ងៃទី៩ខែមីនា ខាងមុខនេះ ដើម្បីបើកសវនាការសម្រេចលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក​។​

ពាក់ព័ន្ធរឿងនេះ វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោគ បានទេ។ ប៉ុន្តែអ្នក នាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ចាត់ទុកការស្នើនោះជាសិទ្ធិរបស់មេធាវី ប៉ុន្តែចំពោះការកំណត់ពេលវេលា គឺអាស្រ័យលើតុលាការ។

លោកថា៖ «ខ្ញុំសូមជម្រាបថា ជាគោលការណ៍ការស្នើសុំរបស់ភាគីអាហ្នឹង ជាសិទ្ធិរបស់ភាគី ក៏ប៉ុន្តែការពិចារណា ការសម្រេចក៏ជាសិទ្ធិរបស់តុលាការដែរ ខ្ញុំសូមឆ្លើយប៉ុណ្ណឹង»។

កាលពីថ្ងៃទី១ខែកុម្ភៈ សាលាឧទ្ធរណ៍បានបើកសវនាការសុំនៅក្រៅឃុំលើសំណុំរឿងនេះ ហើយសមត្ថកិច្ចបាននាំខ្លួនលោក កឹម សុខា ចេញពីពន្ធនាគារត្រពាំងផ្លុងតាំងពីរម៉ោង​២យប់ធ្វើដំណើរមកកាន់ភ្នំពេញ។​​ ក្រុមមេធាវីថ្លែងថា ការធ្វើដំណើរទាំងយប់នេះ ធ្វើឲ្យជំងឺទឹកនោមផ្អែម និងជំគៀបសរសៃរបស់លោក កឹម សុខា ធ្វើទុក្ខកាន់តែខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ