ទូតអាមេរិកពន្យល់ករណីផ្ញើលិខិតផ្ដាច់ជំនួយទៅអគ្គនាយកដ្ឋានពន្ធដារ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt (FB: U.S. Embassy Phnom Penh, Cambodia)

ស្ថានទូតអាមេរិកប្រចាំកម្ពុជាពន្យល់ករណីផ្ញើលិខិតផ្ដាច់ជំនួយទៅអគ្គនាយកដ្ឋានពន្ធដារ បន្ទាប់ពីរដ្ឋាភិបាលចោទថា សហរដ្ឋអាមេរិក កំពុងបង្កការភាន់ច្រឡំ និងភូតកុហកពលរដ្ឋ រឿងផ្ដាច់ជំនួយជាច្រើនមកកម្ពុជា។

តាមរយៈសារអេឡិចត្រូនិចមួយឆ្លើយតបនឹង VOD នៅថ្ងៃនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក David Josar ពន្យល់ថា កម្មវិធីកសាងសមត្ថភាព ដែលផ្ដល់ទៅអគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់នៅខែធ្នូឆ្នាំ២០១៦។

ប៉ុន្ដែ លោកថា រដ្ឋាភិបាលកម្ពុជា បានស្នើសុំជាច្រើនដងឲ្យបន្ដសកម្មភាពជំនួយទាំងនេះ និងថា ស្ថិតក្រោមពិចារណានៅឡើយ រហូតដល់សេតវិមានអាមេរិក កាលពីពេលថ្មីៗនេះ បានសម្រេចផ្អាកកម្មវិធីជំនួយអភិវឌ្ឍន៍ជាច្រើន ព្រោះថាកម្ពុជា មិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ក្នុងសារអេឡិចត្រូនិច លោក David Josar បកស្រាយថា៖ «សកម្មភាពកសាងសមត្ថភាព កាលពីពេលថ្មីៗនេះ នៅអគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់នៅឆ្នាំ២០១៦។ យើងបានទទួលសំណើជាច្រើនដងពីរដ្ឋាភិបាលឲ្យបន្ដផ្ដល់សកម្មភាពជំនួយនៅអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតក្រោមការពិចារណារហូតមកទល់ពេលបច្ចុប្បន្ន។ យ៉ាងណាមិញ នៅខែកុម្ភះឆ្នាំ២០១៧​សេចក្ដីថ្លែងការណ៍ពីសេតវិមានគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានព្យួរការផ្ដល់ជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ និងកម្មវិធីជំនួយជាច្រើនផ្សេងទៀតនៅកម្ពុជា»។

ក្នុងលិខិតមួយផ្ញើជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ៍ កាលពីថ្ងៃទី២មីនា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល និយាយថា ការប្រកាសផ្ដាច់ជំនួយរបស់អាមេរិក គឺជាការបំប៉ោងសភាពការណ៍ និងបង្កការភាន់ច្រឡំ ដោយថា ជំនួយទាំងនោះ បានបញ្ចប់តាំងពីខែធ្នូឆ្នាំ២០១៦មកម្ល៉េះ ហើយកាលនោះ មានទាំងការរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសទៀតផង។

ករណីនេះ ក៏ជំរុញឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានរិះគន់លោក វីល្លៀម ហៃដ៍ ថា «មិនចេះធ្វើការ» និងស្នើបកស្រាយករណីនេះ។​

ថ្លែងក្នុងពិធីមួយកាលពីថ្ងៃទី៣មីនា លោក ហ៊ុន សែន បានហៅជំនួយទាំងនោះថាជា «ជំនួយខ្យល់» និងមានភាពលម្អៀងផ្នែកនយោបាយ។

លោកថ្លែងថា៖ «ខ្ញុំទទួលទូរសព្ទពី គង់ វិបុល ស្រាប់តែមានទូតប្រទេសមួយ ខ្ញុំមិនចាំបាច់និយាយ វាហួសចិត្ត គេអត់បានផ្ដល់ជំនួយឲ្យយើងអាហ្នឹង ស្រាប់តែគេប្រកាសផ្ដាច់ជំនួយ ផ្ដាច់ខ្យល់ តើជាកំហុសទូតឬ បានចប់តាំងពីឆ្នាំ២០១៦ មានតាំងអគ្គរដ្ឋទូត មានតាំងស្អី ទៅចូលរួមជាមួយឯកឧត្តម អូន ប៉ុន បំពាក់មេដាយឲ្យអ្នកជំនាញការហ្នឹង ទៅវិញបាត់តាំងពីឆ្នាំ២០១៦ មកប្រកាសផ្ដាច់ជំនួយឆ្នាំ២០១៨ ដើម្បីអី? តើនេះ គឺជាការបំភាន់មតិ ខ្ញុំសូមនិយាយទៅកាន់ប្រជាពលរដ្ឋជាង១៦លាននាក់ យើងមិនបានទទួលជំនួយអាមេរិកទៅលើវិស័យពន្ធដារទេ»។

កាលពីថ្ងៃទី២៧កុម្ភៈ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីតោន បានប្រកាសផ្ដាច់ជំនួយជាច្រើនដល់កម្ពុជា រួមទាំងជំនួយយោធាផង ដោយថា  រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងដឹកនាំផ្ទុយពីគន្លងប្រជាធិបតេយ្យ និងឆ្ពោះទៅរករបបផ្ដាច់ការ ដូចជា ការរំលាយអតីតបក្សប្រឆាំងនៅមុនការបោះឆ្នោត ការបង្ក្រាបលើអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ