លោក ហ៊ុន សែន លើកឡើងជាបន្តបន្ទាប់ថាពលរដ្ឋមិនខ្វល់ពីអ្នកណា«ជាប់គុកទេ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងតាមវេទិកាជាញឹកញាប់មួយរយៈកាលចុងក្រោយនេះថា ប្រជាពលរដ្ឋកំពុងតែរីករាយជាមួយភាពរីកចម្រើន​ និងសន្តិភាពរបស់ប្រទេសហើយថា ពួកគេមិនខ្វល់ពីអ្នកជាប់ពន្ធនាគារ ឬ ការរំលាយគណបក្សនោះទេ។​

ពេលថ្លែងសុន្ទរកថាក្នុងកម្មវិធីនានារយៈពេលចុងក្រោយនេះ ដូចជាសម្ពោធសមិទ្ធផលផ្សេងៗ និងពេលចុះជួបជាមួយកម្មករជាដើម លោក ហ៊ុន សែន មានប្រសាសន៍ថា ពលរដ្ឋមិនចាប់អារម្មណ៍ចំពោះការរំលាយគណបក្សនយោបាយ  ឬ អ្នកនយោបាយជាប់ពន្ធនាគារ ពាក់ព័ន្ធករណីក្បត់ជាតិ ឬ គ្រឿងញៀននោះទេ។​

លោកបន្ថែថា«ឥលូវហ្នឹងប្រជាពលរដ្ឋរបស់យើងអត់ខ្វល់ថា អ្នកណាជាប់គុក អ្នកណាជាប់ច្រវ៉ាក់នោះទេ ក្បាលអ្នកណាសក់អ្នកនោះហើយឥលូវនេះ គាត់និយាយអញ្ចឹងម៉ង សក់អ្នកណា ក្បាលអ្នកនោះ រឿងអីបានជាអ្នកឯងទៅធ្វើទំពីទំពាសអញ្ចឹង   អាអ្នកលក់គ្រឿងញៀនហ្នឹងវាជាប់គុករឿងវាទៅ អាហ្នឹងវាបង្កើតស្ថានភាពខ្លួនវា អ្នកដែលក្បត់ជាតិអាហ្នឹងវាទៅតាមវីរៈនៃរឿងក្បត់ជាតិរបស់វាទៅ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មើលឃើញថា ចាប់តាំងពីឆ្នាំ២០១៣មក ពលរដ្ឋខ្មែរបានតាមដាន និងយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហានានាក្នុងសង្គមជាពិសេសរឿងនយោបាយ ដោយថា ចាប់តាំងពីពេលនោះមក ពលរដ្ឋបានសកម្មទៅប៉ោះឆ្នោត និងតាមដានសន្លឹកឆ្នោតរបស់ពួកគេ។

លោកបន្តថា ប្រសិនជាពលរដ្ឋមិនខ្វាយខ្វល់ជាមួយបញ្ហាសង្គមជាពិសេសរឿងនយោបាយនោះទេ វានឹងធ្វើឲ្យ ប៉ះពាល់ដល់​សង្គម និង ខ្លួនឯងផ្ទាស់តែម្តង។

លោកបន្ថែមថា«អាចមានបញ្ហាច្រើនដូចជាបញ្ហាខ្វះការងារ អាចរើសមេដឹកនាំដែលមិនល្អ ពុករលួយ ផ្តាច់ការជាដើមអាហ្នឹងនៅពេលដែលយើងមិនខ្វល់ពីបញ្ហាសង្កម និងនយោបាយ ទី២គាត់តាមបត់ទាន់អ្នកនយោបាយទេ បើទោះជាអ្នកនយោបាយនោះអាក្រក់យ៉ាងម៉េច? ខូចយ៉ាងម៉េច?ធ្វើយ៉ាងម៉េចក៏គាត់តាមអត់ទាន់ដែរ ចំណុចទី៣ នៅពេលដែលគាត់មិនចាប់អារម្មណ៍ពីរឿងនយោបាយវាធ្វើឲ្យខាតប្រយោជន៏គាត់ច្រើនខាតប្រយោជន៍ខ្លួនឯងផង ប្រយោជន៍ជាតិទាំងមូល ដូចសម័យមុនៗដោយ សារយើងមិនចាប់អារម្មណ៍រឿងនយោបាយ យើងជឿទៅលើពួកខ្មែរក្រម យើងជឿទៅពួកគុម្មុនិស្តផ្តាច់ការយើងស្លាប់មនុស្សអស់ជាង៣លាននាក់»។

បោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ​ទទួល​បាន​សំឡេង​គាំ​ទ្រ​​ប្រហែល៣​លាន​នាក់ ហើយគណបក្សនេះត្រូវ បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពីខែ​វិច្ឆិកា​ឆ្នាំមុន និងអតីតមន្ដ្រីបក្ស​ប្រឆាំង​​ចំនួន ១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំខណៈប្រធានគណបក្សនេះ គឺ​លោក កឹម សុខា កំពុងជាប់​ក្នុង​ពន្ធនាគារក្រោម​ការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ