អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានលើកឡើងពីក្តីបារម្ភមួយចំនួនពិភាក្សាជាមួយប្រធានរដ្ឋសភាលោក ហេង សំរិន ក្នុងរួមមានទាំងការរំលាយគណបក្សប្រឆាំង និង ការបោះឆ្នោតផងដែរ។
នៅព្រឹកនេះ លោកស្រី រ៉ូណា ស្មីតបានជួបជាមួយលោក ហេង សំរិន និងលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ នៅក្នុងជំនួបនោះលោកស្រីថា បានលើកឡើងពីបញ្ហាផ្សេងៗក្នុងនោះរួមទាំងការរំលាយគណបក្សសង្គ្រោះជាតិផងដែរ។
លោកស្រីថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះក្នុងន័យថា៖«បញ្ហាដែលខ្ញុំបានលើកឡើងនៅរដ្ឋសភារួមមានទាំងការរំលាយគណបក្សសង្គ្រោះជាតិដែលយើងកំពុងតាមដាន ដែលជះឥទ្ធិពលដល់ដំណើរការសភា ជះឥទ្ធិពលដល់ដំណើការបោះឆ្នោត ហើយយើងក៏បានលើកឡើងពីការបង្កើតច្បាប់ថ្មីៗដែលប៉ះពាល់ទំនៀមទម្លាប់នៃការគោរពសិទ្ធិមនុស្ស»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានពន្យល់ពីដើមចមដែលនាំឲ្យរំលាយគណបក្សសង្គ្រោះជាតិ និងយកកៅអីរបស់បក្សនេះចែកទៅឲ្យបក្សនយោបាយផ្សេងៗថា ដោយសារមេដឹកនាំគណបក្សប្រឆាំងប្រព្រឹត្តខុសច្បាប់។
យ៉ាងណាក៏ដោយ លោក ឥសាន បញ្ជាក់ថា ទោះជាការបោះឆ្នោតអាណត្តិទី៦នេះ មិនមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងការបោះឆ្នោត ក៏មិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះទេ ដោយសារមានគណបក្សជាង៣០ទៀតកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាច។
លោកថ្លែងថា«អត់មានជះឥទ្ធិពលទេ ពីព្រោះប្រទេសយើងអនុវត្តតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស ឥឡូវនេះ បក្សនៅទូទាំងប្រទេសកម្ពុជា វាមាន៣៥គណបក្ស ហើយខ្ញុំជឿជាក់ថា ក្នុងចំណោម៣៥គណបក្សនយោបាយ នឹងធ្វើការចុះឈ្មោះជាបេក្ខជនប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ មិនមែនបោះឆ្នោតតែឯកបក្ស ដោយគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាចតែម្នាក់ឯងនោះទេ»។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយតាមបណ្តឹងរបស់រដ្ឋាភិបាល កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧។ អាសនៈសភា និង អាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនេះ ត្រូវបានបែងចែងទៅឲ្យគណបក្សផ្សេងទៀត ចំណែកប្រធាន និងមន្ត្រីបក្សមួយចំនួនទៀតកំពុងជាប់ពន្ធនាគារ៕