មេដឹកនាំបក្សកាន់អំណាច បញ្ជាផ្ទាល់មាត់ទៅក្រសួងពាក់ព័ន្ធ ឲ្យបើកការស៊ើបអង្កេតលើអតីតមេដឹកនាំបក្សប្រឆាំង ដោយចោទថា មេដឹកនាំបក្សនេះក្បត់ជាតិ លួចចុះហត្ថលេខា និងសន្យាកាត់ដី ៤ខេត្តឲ្យវៀតណាម ពេលបានឡើងកាន់អំណាច ប៉ុន្តែ មេបក្សប្រឆាំងបានបដិសេធរួចទៅហើយ។
លោក ហ៊ុន សែន បានចេញបញ្ជាបែបនេះ នៅអំឡុងពេលលោកចូលរួមសម្ពោធស្ពានថ្មីមួយនៅក្នុងខេត្តកំពង់ចាម ដោយលោកថា លោកមានឯកសារដែលលោកជឿបានថា មេដឹកនាំបក្សមួយបានចុះហត្ថលេខាជាមួយលោក កុក ស។
លោកថា៖ «កាត់ដីឲ្យគេ ៤ខេត្ត រឿងនេះមិនតូចទេ។ ក្រសួងមហាផ្ទៃកំពុងតែធ្វើកិច្ចការងារនេះ ស្រាវជ្រាវលើសំណុំរឿង ក្បត់ជាតិមួយថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ១តឹក ១ផឹង នៅចរចានៅហ្នឹង ទាំងជាមួយថៃ ជាមួយវៀតណាម ជាមួយឡាវ នៅចរចានៅហ្នឹង ឯគេកាត់យ៉ាងស្រួល ៤ខេត្ត។ ទៅរកឃើញមុខហើយអ្នកឯងចោទ ឥឡូវផុតពីចោទ ក្បត់ជាតិខ្លួនឯងរហូត»។
ជាងនេះទៅទៀត លោក ហ៊ុន សែន ពេលទៅប្រជុំអាស៊ាននៅអូស្ត្រាលីនៅសប្តាហ៍នេះ លោកនឹងសួរមេដឹកនាំវៀតណាម ដែលទៅចូលរួមដូចគ្នា ដើម្បីស្វែងរកឯកសារពាក់ព័ន្ធបន្ថែមទៀត។
លោកថា៖ «បើវៀតណាមស្មោះត្រង់ជាមួយខ្ញុំ ជាមួយកម្ពុជា ពិតប្រាកដ តើពេលដែលលោកហ្នឹង គាត់ទៅទស្សនកិច្ចនៅហាណូយ និងលោកហ្នឹងទៅទស្សនកិច្ចនៅតៃនិញ និយាយពីស្អីខ្លះ?។ ប្រសិនបើវៀតណាមស្មោះត្រង់ជាមួយខ្ញុំ ខ្ញុំនឹងសួរវៀតណាម ថ្ងៃ១៧នេះនឹងជួបគ្នាហើយ ជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម មានកំណត់ហេតុអត់? ខ្ញុំនឹងសួរ»។
ទោះបីជាថ្លែងដោយមិនបានបញ្ចេញឈ្មោះចំៗក៏ដោយ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីទំនងជាសំដៅដល់លោក សម រង្ស៊ី ជាគូប្រជែងនយោបាយរបស់លោក បន្ទាប់ពីវីដេអូមួយ ត្រូវបានបង្ហោះនាពេលថ្មីៗនេះ ទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងប្រព័ន្ធកម្សាន្ត YouTube ពីសំណាក់អ្នកប្រើប្រាស់អ៊ិនថឹណិតផ្សេងៗគ្នា ដែលចោទមេដឹកនាំបក្សប្រឆាំងរូបនេះថា កាត់ដីឲ្យវៀតណាម។
វីដេអូនៃការថ្លែងរបស់លោក សម រង្ស៊ី ត្រូវបានបង្ហោះលើបណ្ដាញ YouTube មួយហៅថា Global Knowledge Supply ដោយមានទាំងភ្ជាប់មកជាមួយនូវសំឡេងអធិប្បាយបន្ថែមថា អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ បានចុះហត្ថលេខាជាមួយប្រធានមូលនិធិម៉ុងតាញ៉ា លោក កុក ស កាលពីឆ្នាំ២០១៣ និងសន្យាកាត់ខេត្តខ្មែរចំនួន ៤ ឲ្យទៅក្រុមម៉ុងតាញ៉ាវៀតណាម ប្រសិនបើអតីតបក្សប្រឆាំងឈ្នះការបោះឆ្នោត ឈានទៅរៀបចំរដ្ឋាភិបាល។
ទោះជាយ៉ាងណា លោក សម រង្ស៊ី ដែលបច្ចុប្បន្ននេះជាប្រធានចលនាសង្គ្រោះជាតិនៅឯបរទេសនោះ បានថ្លែងក្នុងវីដេអូនោះជាភាសាអង់គ្លេសដែលមានន័យថា លោកថ្លែងអំណរគុណដល់ជនជាតិភាគតិចដែលបានបោះឆ្នោតឲ្យបក្សប្រឆាំង។
ក្នុងវីដេអូដដែលនោះ មេបក្សប្រឆាំងរូបនេះថ្លែងថា លោកធានាថា ក្រុមជនជាតិភាគតិចម៉ុងតាញ៉ា គឺជាផ្នែកមួយនៃពលរដ្ឋកម្ពុជា ដែលពួកគេទាំងនោះរស់នៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ។
លោក សម រង្ស៊ី ថ្លែងថា៖ «ពេលយើងបង្កើតរដ្ឋាភិបាលថ្មីមួយ យើងនឹងធានាថា ក្រុមជនជាតិភាគតិចម៉ុងតាញ៉ា នឹងរស់នៅដោយសេរីនៅក្នុងប្រទេសកម្ពុជា។ ដីរបស់ពួកគេ ព្រៃឈើរបស់ពួកគេ ភ្នំរបស់ពួកគេ នឹងត្រូវប្រគល់ទៅឲ្យពួកគេវិញ ក្នុងនាមពួកគេជាម្ចាស់ស្រុក»។
ជាងនេះទៅទៀត លោក សម រង្ស៊ី ក៏បានបដិសេធការចោទប្រកាន់នេះរួចមកហើយ នៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី០៨ ខែមីនានេះ ដោយលោកបានប្រាប់ថា ឯកសារដែលលោកចុះហត្ថលេខាជាមួយលោក កុក ស នោះ គឺជាការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ជនជាតិភាគតិចម៉ុងតាញ៉ាដែលរស់នៅតាមបណ្ដាខេត្តភាគឦសានប្រទេសកម្ពុជា។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា បញ្ហាព្រំដែនជារឿងរសើបមួយ ដែលអ្នកនយោបាយខ្មែរ តែងតែយកមកចោទប្រកាន់គ្នាទៅវិញទៅមក ដើម្បីកេងចំណេញនយោបាយ។ ប៉ុន្តែ លោកថា បញ្ហានេះ ពលរដ្ឋ រស់នៅតាមបន្ទាប់ព្រំដែន ដឹងច្បាស់ជាងគេថា ទឹកដីនៅតាមព្រំដែន ពេលនេះបានបាត់បង់ ឬបន្តនៅគង់វង់។
លោកថា៖ «ប្រជាពលរដ្ឋ គាត់ដឹងអស់ហើយពីការដែលយកបញ្ហាព្រំដែនមកវាយប្រហារគ្នានេះ វាគ្រាន់តែជាកេរ្តិ៍មួយដើម្បីជាការកេងចំណេញផ្នែកនយោបាយ។ ដូច្នេះ អ្នកនយោបាយត្រូវតែដឹងអំពីលក្ខខណ្ឌនេះ ហើយព្យាយាមកែប្រែឲ្យទាន់ពេលវេលា។ ដូចយើងដឹងហើយថា ប្រទេសជាតិយើង យើងដើរក្រោយគេមែនទែន បើប្រៀបធៀបថៃ និងវៀតណាម គឺយើងត្រូវតែរត់ឲ្យបានខ្លាំងមែនទែន បើមិនដូច្នោះទេ យើងនឹងជួបវិបត្តិធំមួយ ប្រសិនបើនយោបាយគាំង បញ្ហាសិទ្ធិមនុស្ស មិនត្រូវបានដោះស្រាយ អន្តរជាតិនៅតែដាក់សម្ពាធ។ ខ្ញុំគិតថា កម្ពុជានឹងដើរថយក្រោយ»។
លោក ហ៊ុន សែន បានបញ្ជាឲ្យស៊ើបអង្កេតលើអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ជាង ៥ខែក្រោយពីមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនទៅតាមអ្វីដែលរដ្ឋាភិបាលចោទប្រកាន់ថា «ក្បត់ជាតិ»៕