ក្រសួងប្តឹងលោក សម រង្ស៊ី ពីអំពើ «ក្បត់ជាតិ» ក្រោយលោក ហ៊ុន សែន បញ្ជា​ផ្ទាល់​មាត់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

នគរបាល​ជាតិ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចោទ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា «ក្បត់​ជាតិ»។

កាលពីព្រឹកម្សិលមិញ ក្នុងពិធីសម្ពោធស្ពាន​នៅឯ​ខេត្តកំពង់ចាម លោក ហ៊ុន សែន បញ្ជាផ្ទាល់មាត់​ទៅ​ក្រសួ​ងម​ហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌ ឲ្យ​បន្តស៊ើបអង្កេត​លើ​លោក សម រង្ស៊ី ដោយ​លោក​ចោទ​អតីត​មេ​បក្ស​​ប្រឆាំង​រូប​នេះ​ថា បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក កុក ស និង​សន្យា​កាត់​ខេត្ត​ខ្មែរ​ចំនួន ៤ ទៅ​ឲ្យ​វៀតណា ប្រសិន​បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​ឈាន​ទៅ​រៀបចំ​រដ្ឋាភិបាល។

លោកថា៖«កាត់ដីឲ្យគេ ៤ខេត្ត រឿងនេះមិនតូចទេ។​ក្រសួងមហាផ្ទៃកំពុង​តែធ្វើកិច្ចការងារនេះស្រា​វជ្រាវលលើសំ​ណុំ​រឿ​ង​ក្បត់​​ជាតិមួយថែមទៀត។ ខ្ញុំ​ព្រះ​ករុណាខ្ញុំ ១តឹក ១ផឹង នៅចរចានៅហ្នឹង ទាំងជាមួយថៃ ជាមួយវៀតណាម ជា​មួ​​យ​ឡាវ នៅ​ចរចា​នៅហ្នឹង ឯគេ​កា​ត់​យ៉ាងស្រួល ៤ខេត្ត។ ទៅរកឃើញមុខហើយ អ្នកឯងចោទ ឥឡូវផុតពីចោទ ក្ប​ត់​ជាតិខ្លួនឯងរហូត»។

តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​បញ្ជា​ផ្ទាល់​មាត់​បែប​នេះ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ប្រឆាំង​នឹង​លោក សម រង្ស៊ី កាល​ពី​រសៀល​ម៉ោង ៣​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​ពាក្យ​បណ្ដឹង​នោះ នគរបាល​ជាតិ រៀបរាប់​ថា៖ «សំណើ​សុំ​បញ្ជូន​សំណុំ​រឿង ០១​ករណី ស្ដី​ពី​អំពើ​ក្បត់​ជាតិ ឃុប​ឃិត​កាត់​ទឹក​ដី​ឲ្យ​ជន​បរទេស​ រវាង​ឈ្មោះ សម រង្ស៊ី និង​បរទេស ប៉ះ​ពាល់​ដល់​អធិបតេយ្យភាព​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។

ពាក្យបណ្តឹងដដែលក៏បានយោងទៅលើឯកសារមួយចំនួនទៀតដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គម រួមទាំ​ង​វីដេអូ​ឃ្លីប​នៅ​ប្រព័ន្ធ YouTube ​ដែល​បង្ហាញ​លោក សម រង្ស៊ី និយាយជាភាសារបរទេសអំឡុងកិច្ចប្រជុំនាពេលនោះ។

ប៉ុន្តែ លោក សម រង្ស៊ី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មីនា ដោយ​ហៅ​ការ​ចោទ​ប្រកាន់​នោះ​ថា ខុសពីការពិត និងបានថ្លែងវា​យប​កវិ​ញថា ​អ្នក​ដែ​ល​​កា​ត់​ទឹកដី​ឲ្យ​ទៅ​វៀតណាម គឺ​គណ​បក្សកំពុងគ្រងអំណាច។

លោកថា៖ «អ្នកដែលកាត់ទឹកដីប្រទេសកម្ពុជាឲ្យទៅយួនហ្នឹង តាមសន្ធិសញ្ញាព្រំដែន១៩៧៩ ១៩៨២ ១៩៨៥ តើ​អ្នក​ណា​ដែល​ចុះ​ហត្ថលេខា​កាត់ទឹកដីខ្មែរឲ្យទៅយួន យើងបាត់បង់កោះត្រល់ ដែលធ្វើឲ្យយើ​ងខូចខាតផល​ប្រ​យោ​​​​ជ​ន៍ជាតិ​យ៉ាងសន្ធឹកសន្ធាប់​អ្នកហ្នឹងហើយដែលជាជនក្បត់ជាតិ អ្នកហ្នឹងហើយដែ​លកំ​ពុ​ង​កាន់​អំណាចសព្វថ្ងៃ»។

យ៉ាងណាក៏ដោយអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី យល់ថា បើ​អ្នក​នយោបាយ​ខ្មែរ នៅតែបោះដុំភ្លើងដាក់គ្នា​ដូចបច្ចុប្បន្ន លោកថា សញ្ញាណនៃ​ការបែកបាក់ជា​តិកាន់តែ​ខិត​ជិ​តមកដល់ ហើយថា អ្នកដែលចំណេញពីជម្លោះផ្ទៃក្នុងរបស់កម្ពុជា គឺប្រទេសជិតខាងមាន វៀតណាម និងថៃ​ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ