អង្គការលើកលែងទោសអន្ដរជាតិស្នើលើកយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសអូស្ដ្រាលី ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនោះផងដែរ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១៤មីនា ថា ខណៈការបោះឆ្នោតកាន់តែជិតមកដល់ រដ្ឋាភិបាលកម្ពុជា បានរឹតត្បិតសិទ្ធិសេរីភាព និងបង្ក្រាបលើក្រុមអ្នកការពារសិទ្ធិមនុស្ស តាមរយៈការធ្វើច្បាប់គ្មានមូលដ្ឋាន ការធ្វើទុក្ខបុកម្នេញ និងប្រើហិង្សាលើសកម្មភាពតវ៉ាដោយសន្ដិវិធី។
អង្គការអន្ដរជាតិមួយនេះ ស្នើទៅបណ្ដាមេដឹកនាំ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី លើកយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ទៅពិភាក្សានៅកិច្ចប្រជុំនេះ រួមទាំងបញ្ហាសិទ្ធិមនុស្សនៅប្រទេសថៃ ម៉ាឡេស៊ី និងការកាប់សម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី១៤មីនាកន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) បានលើកឡើងដែរថា អូស្ដ្រាលីមិនត្រូវគិតតែពីការរឹតចំណងសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកអាស៊ានពេក ហើយភ្លេចគិតពីបញ្ហាសិទ្ធិមនុស្សជាមួយកម្ពុជា ថៃ វៀតណាម ហ្វីលីពីន និងមីយ៉ាន់ម៉ា នោះទេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ក៏ស្នើលើកយកបញ្ហាសិទ្ធិមនុស្សកម្ពុជាទៅពិភាក្សាផងដែរ ដូចជា ការរំលាយអតីតប្រឆាំង ការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១៧និង១៨មីនាខាងមុខនេះ។ ប៉ុន្ដែ វត្តមានរបស់មេដឹកនាំកម្ពុជារូបនេះ ហាក់បានញាំងឲ្យប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីមួយចំនួន ដែលស្អប់ការដឹកនាំរបស់លោក បានប្រកាសត្រៀមធ្វើបាតុកម្មប្រឆាំងរូបលោកនៅទីនោះ៕