សាលាឧទ្ធរណ៍លើកពេលសវនាការ​​រឿង​វាយ​​តំណាងរាស្ត្រ​បក្ស​ប្រឆាំង២រូប

តំណាងរាស្រ្ត លោក គង់ សភា និង​លោក ញ៉យ ចំរើន រងរបួស​ដោយ​ក្រុមមនុស្ស​មួយក្រុម​វាយ​​ កាលពីពេលកន្លងមក (រូបថតផ្តល់ឲ្យ​)

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការលើ​សំណុំ​រឿង​វាយ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២ រូប ប៉ុន្តែត្រូវបានលើកពេលទៅថ្ងៃក្រោយវិញតាមសំណើរមេធាវី។​

ការលើកពេលនេះ  បន្ទាប់ពីមេធាវីការពារក្ដីឲ្យអតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ  លោក គង់ សភា និង​លោក ញ៉យ ចំរើន បានស្នើឡើងក្នុងពេលសវនាការ ដោយសំអាងថា ក្រុមមេធាវីមិនបានទទួលលិខិត អញ្ជើញពីសាលាឧទ្ធរណ៍ឲ្យចូលរួមសនាការនៅថ្ងៃនេះ។

ក្រោយស្តាប់សំណើប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍​បានប្រកាសលើកពេលសវនាការទៅថ្ងៃក្រោយវិញ។

មេធាវីការពារក្ដីឲ្យលោក គង់ សភា និង​លោក ញ៉យ ចំរើន គឺ លោក សំ សុគង់ ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកនេះថា  សាលាឧទ្ធរណ៍ចេញដីកាកោះហៅកូនក្ដីមានរយៈពេលខ្លី ហើយក្រុមមេធាវីក៏មិនបានទទួលលិខិតអញ្ជើញពីតុលាការឲ្យចូលរួមសវនាការនាថ្ងៃនេះដែរ។

លោកថា៖«ក្រុមមេធាវីការពារក្ដីបានទទួលដីកាកោះហៅកូនក្ដីមានរយៈពេលខ្លីពេកប្រហែលជា៣ – ៤ថ្ងៃ  មុនទេ។ ទី២ ខាងសាលាឧទ្ធរណ៍មិនបានធ្វើលិខិតអញ្ជើញក្រុមមេធាវីការពារក្ដីឲ្យឯឧត្ដមទាំង២នាក់ហ្នឹង ចូលរួមសវនាការ ដោយសារ មិនបានកោះហៅហ្នឹង ធ្វើឲ្យមេធាវីមិនមានពេលក្នុងការសិក្សាសំណុំរឿង មិនមានពេលជួបពិគ្រោះយោបល់ជាមួយកូនក្ដី ដោយសារ កូនក្ដីគាត់នៅក្រៅប្រទេសផងដែរ»

កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសបុរស៣នាក់ ពាក់ព័ន្ធនិងការវាយលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាការ ម្នាក់ៗ៤ឆ្នាំ  តែ​អនុវត្ត​ទោស​ត្រឹម​ ១ ​ឆ្នាំ ចោទ​ពី​បទ​ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​» អ្នកទាំង ៣ នាក់នោះ មានឈ្មោះ ចាយ សារិទ្ធ​, ម៉ៅ ហឿន និង​ សុក វណ្ណនី ​។

បុរស ៣ ​នាក់ ដែលវាយអតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំងនៅ​ច្រក​ចេញ​ចូល​ខាង​ត្បូង​នៃ​វិមាន​រដ្ឋសភា​កាលពី​ឆ្នាំ២០១៥  ត្រូវបានគេស្គាល់ថា ​ជា​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ