លោក សម រង្ស៊ី ចង់បានការចរចា​ដោយ​គ្មានលក្ខខណ្ឌជាមួយបក្សកាន់អំណាច

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស បានលើកឡើងជាថ្មីអំពីលទ្ធភាពចរចានយោបាយដោយគ្មានលក្ខខណ្ឌជាមួយបក្សកាន់អំណាច ប៉ុន្ដែ ការលើកឡើងនេះ ត្រូវបាន​បក្ស​កាន់​អំណាច​ច្រានចោលជាថ្មីទៀត។

លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ​នា​ពេល​បច្ចុប្បន្ន បានសរសេរលើបណ្ដាញសង្គម Twitter កាលពីថ្ងៃម្សិលមិញថា លោកនៅតែជឿជាក់លើវប្បធម៌សន្ទនាជាមួយគណបក្សប្រជាជន​កម្ពុជា​របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប៉ុន្ដែ លោកថា ការចរចាណាមួយនោះ ចាំបាច់ត្រូវផ្ដោតលើផលប្រយោជន៍ជាតិ និងត្រូវអនុវត្តដោយភាពស្មោះត្រង់ គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែងឡើយ។​

អតីតមេដឹកនាំ​បក្សប្រឆាំងរូបនេះ ក៏ចោទសួរពីមូលហេតុដែលជប៉ុនបន្ដជួយគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល ហើយដែលប្រទេសលោកសេរីយល់ថា ការបោះឆ្នោតនាខែកក្កដាខាងមុខ នឹងមិនអាចទទួលយកបានទេ បើគ្មានអតីតបក្សប្រឆាំងចូលរួម។

អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រានចោលការលើកឡើងជាថ្មីនេះរបស់លោក សម រង្ស៊ី ដោយថា វប្បធម៌សន្ទនា បានស្លាប់ទៅហើយ ហើយ​លោក​បន្ទោសទៅ​លើ​ទង្វើរបស់អតីតបក្សប្រឆាំងខ្លួនឯង។

លោកថា៖ «ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី វាគ្រាន់តែជាការចង់បានអំណាច។ អាហ្នឹងជាឧបាយកលនៅក្នុងការឃោសនា​នយោបាយរបស់ទណ្ឌិត សម រង្ស៊ី តាំងពីដើមមក តែងតែបំភាន់មតិសាធារណៈ​ជាតិ ចិត្តគំនិត និងគោលដៅរបស់គាត់ គឺចង់បានអំណាច [] វប្បធម៌សន្ទនានេះ ត្រូវបាន សម រង្ស៊ី បំផ្លាញចោល ក៏ប៉ុន្ដែ ក្រោយមក សម រង្ស៊ី បានឱប​ចាប់ដៃ ហើយជាន់ជើង ដែលធ្វើឲ្យវប្បធម៌សន្ទនានេះ មិនអាចបន្ដទៅមុខបាន»

មន្ដ្រីជាន់ខ្ពស់ផ្នែកអង្កេតនៅអង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា នឹងប្រឈមមុខ​នឹង​ទណ្ឌកម្ម ឬការដាក់សំពាធបន្ថែមទៀតពីសហគមន៍អន្ដរជាតិ បើស្ថានការណ៍នយោបាយ មិនមានភាពធូរស្រាលទេនោះ។

ប៉ុន្ដែ លោកបង្ហាញសុទិដ្ឋិនិយមថា អ្នកនយោបាយខ្មែរ នឹងអាចរកដំណោះស្រាយសមស្របណាមួយ នៅមុនការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។

លោកថា៖ «វាធ្វើឲ្យសហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង លោកនឹងអាចមានប្រតិកម្ម ឬផែនការផ្សេងៗទៀត ដែលដាក់មកលើកម្ពុជាយើង បើសិនមិនអាចសម្រួលសភាពការណ៍បែបនេះ។ ដោយមាន​ការចូលរួមពីជប៉ុនទេ យើងថា ប្រហែលជានឹងមានស្អីបន្ថែមទៀត ប៉ុន្ដែ​ យើងក៏មិនដឹងច្បាស់លាស់ទេ។ សម្រាប់ខ្ញុំ ខ្ញុំនៅតែមានសង្ឃឹមអំពីលទ្ធភាពក្នុងការចរចាដដែល ទោះបីយើងឃើញភាពរឹងមាំនៃគណបក្សកាន់អំណាច ជាពិសេសសម្ដេចថា លោកដាច់អហង្កាយ៉ាងណាក៏ដោយ ប៉ុន្ដែ ខ្ញុំគិតថា អាចនឹងមានការសម្របសម្រួលណាមួយ មានច្រកណាមួយផ្សេងទៀត ដែលអាចដោះស្រាយទៅរួច»

បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិចោលនោះ លោក សម​ រង្ស៊ី បានលើកឡើងដដែលៗ អំពីសេនារីយូ ដែលអាចឲ្យអតីតបក្សប្រឆាំង វិលមកចូលរួមការបោះឆ្នោតឡើងវិញ ប៉ុន្ដែ ការយល់ឃើញបែបនេះរបស់លោក សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសទាត់ចោល ដោយថា លោកមិនចរចាជាមួយអ្នកធ្វើខុសច្បាប់នោះឡើយ។

កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ប្រទេសចំនួន៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរួមគ្នាថ្កោលទោស​រដ្ឋាភិបាលកម្ពុជា ជុំវិញស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅមុនការបោះឆ្នោត។

ប៉ុន្តែ ជប៉ុន គឺជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេស៤៧ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមិនបានចូលរួមដាក់សម្ពាធ​កម្ពុជា។

ករណីនេះ ក្រុមអ្នកវិភាគយល់ថា ជប៉ុន​កំពុងប្រើវិធីសាស្ដ្រទន់ភ្លន់ និងដើរតួជាអ្នកសម្របសម្រួល ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ងាកមកដើរតាមគន្លងប្រជាធិបតេយ្យ។​

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា កាលពីថ្ងៃទី២៣ មីនា តំណាងនាយករដ្ឋមន្ដ្រីជប៉ុន លោក កេនតារ៉ូ សូនូរ៉ា (Kentaro Sonoura) បាន​រំឭក​ទៅ​ប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យ​វិលទៅ​រកតុចរចាជាមួយអតីតបក្សប្រឆាំង​ ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខ អាចទទួលយកបានពីគ្រប់ភាគី។

ប៉ុន្ដែ សំណើនេះ នៅតែត្រូវបានលោក ហ៊ុន សែន បដិសេធចោល ដោយលោក ហ៊ុន សែន ថា លោកទទួលបរាជ័យក្នុងការចរចាជាមួយអតីតបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ