មន្ត្រីរុញការទទួលខុសត្រូវដាក់គ្នាករណីមិននាំលោក កឹម សុខា ចូលរួមសវនាការ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)

អាជ្ញាធរបានបកស្រាយខុសគ្នា ពាក់ព័ន្ធនិងការមិននាំខ្លួនលោក កឹម សុខា​ មកចូលរួមសវនាការកាលពីម្សិលមិញ   ខណៈ តុលាការ អះអាងថា ខ្លួនបានចេញ​ដីកាកោះ​ឲ្យ​នាំខ្លួន​លោក កឹម សុខាតាមនីវិធីច្បាប់រួចហើយ។

កាលពីម្សិលមិញ សាលាឧទ្ធរណ៍ បានបើកសវនាការលើ​​​បណ្តឹង​​ប្រឆាំង​នឹង​ការ​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​របស់មេធាវីការពារក្ដី ឲ្យលោក កឹម សុខា ប៉ុន្តែសវនាការនោះមិនមានវត្តមានលោក កឹម សុខា ចូលរួមឡើយ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ ប្រាប់វីអូឌីនៅថ្ងៃនេះថា អគ្គព្រះរាជអាជ្ញា​បានចេញដីកាកោះ​ឲ្យមន្ត្រីពន្ធនាគារ នាំខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង(ម៣) មកកាន់ចូលរួមសវនាការនៅ​ថ្ងៃទី​២៧ ខែមីនា រួចហើយ។ លោកបន្តថា  សាលាឧទ្ធរណ៍ក៏មិនបានដឹងពីមូលហេតុដែលមន្ត្រីពន្ធនាគារមិននាំខ្លួនលោក កឹម​ សុខា មកដែរ។

លោកថា៖«ចេញដីកាតាមនីតិវិធីអស់ហើយ  ដែលចៅក្រមគាត់ចេញឲ្យដើម្បីចូលរួមនៅក្នុងសវនាការក៏ប៉ុន្តែអវត្តមានរបស់គាត់ អាហ្នឹងជារឿងរបស់ខាងអគ្គនាយកដ្ឋានពន្ធនាគារក្នុងការដឹកជញ្ជូនមក»។

ទោះជាយ៉ាងណាប្រធានពន្ធនាគារត្រពាំងផ្លុងខេត្តត្បួងឃ្មុំ លោក ភិន យ៉ាន មានប្រសាសន៍ថា លោកមិនបានទទួលដីកាកោះពី សាលាឧទ្ធរណ៍ដើម្បីនាំខ្លួនលោក កឹម សុខា​ ទៅចូលរួមសវនាការនោះទេ ហើយខាងពន្ធនាគារក៏មិនបានដឹកលោក កឹម សុខា ចេញពីពន្ធនាគារដែរ។

លោកថា៖«ទាល់តែជួបជាមួយអ្នកនាំពាក្យរបស់អគ្គ [អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ] ព្រោះខ្ញុំអត់ បានទទួលឯកសារផង»

លោក សំ សុគង់ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា មានប្រសាសន៍ថា គិតមកដល់ថ្ងៃនេះ ក្រុមមេធាវីនៅមិនទាន់ដឹងពី មូលហេតុដែលឆ្មាំពន្ធនាគារមិនបញ្ជូនកូនក្ដីរបស់លោកមក ចូលរួមសវនាការនៅឡើយទេ។ លោកបន្តថា ការមិននាំខ្លួនកូនក្ដី មកនេះ  ក្រុមមេធាវីក៏បានសួរទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅពេលសវនាការដែរ ប៉ុន្តែចៅក្រមឆ្លើយថា ក៏មិនបានដឹងពី រឿងនេះទេ។

លោកថា៖«ពុំមានវត្តមានអាហ្នឹងជាការងាររបស់ក្រុមសមត្ថកិច្ច អាហ្នឹងតាមការលើកឡើងរបស់ក្រុមប្រឹក្សាជំនុំជម្រះ ក៏ដូចជាតំណាងមហាអយ្យការសាលាឧទ្ធរណ៍។ ក្រុមមេធាវីនឹងរៀបចំគម្រោងទៅជួបឯកឧត្ដម កឹម សុខានៅក្នុងពន្ធនា គារត្រពាំងផ្លុង ដើម្បីយើងពិគ្រោះ យោបល់ផ្នែកច្បាប់ ហើយហ្នឹងជូនព័ត៌មានអំពីលទ្ធផលសវនាការថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៨ នេះ ហើយយើងនឹងរៀបចំបណ្ដឹង សាទុក្ខ ទាក់ទងសាលដីកាម្សិលមិញផងដែរអញ្ចឹងយើងនឹងទៅជួបគាត់ហើយសួរ ពីបញ្ហា[មិននាំខ្លួនកូនក្ដី]ហ្នឹងដែរ»។

អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយដ្ឋាន​ពន្ធនាគារក្រសួងមហាផ្ទៃ លោក សន កែវ មានប្រសាសនថា លោក​មិនបានដឹងរឿងនេះច្បាស់ ដោយលោកបង្វែរសំណួរនេះឲ្យសួរលោក ប៉េ សៀឡេង អគ្គនាយករងនៃអគ្គដ្ឋានពន្ធនាគារវិញ។

លោកថា៖«ខ្ញុំសូមអធ្យាស្រ័យជាមុន ដោយសារ ម្សិលមិញខ្ញុំម្សិលខ្ញុំអត់បាននៅ កន្លែងធ្វើការខ្ញុំជាប់ប្រជុំនៅខាងក្រៅ ២ ថ្ងៃ ពេញហើយ និយាយឲ្យខ្លីខ្ញុំក្ដាប់អត់បានផង រឿងហ្នឹង អត់ដឹងថាត្រូវមានសវនាការរឿងផង អញ្ចឹងទេ ប្រហែលជាខ្ញុំបង្វែរឲ្យទៅសួរជំនាញផ្ទាល់តែម្ដងទៅណាស់គាត់ទទួលជំនាញផ្ទាល់អញ្ចឹងតេទៅគាត់»

ប៉ុន្តែលោក ប៉េ សៀឡេង លើកឡើងថា លោក មិនដឹងរឿងនេះទេ។ លោកថា៖«រឿងហ្នឹង ខ្ញុំក្ដាប់អត់បានទាក់ទងទៅឯកឧត្ដម សន កែវ សូមអរគុណ សុំទោសបាទ»។

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ បានស្នើជាច្រើនដង ឲ្យតុលាការដោះលែងឲ្យ​កូនក្តីនៅ​ក្រៅ​ឃុំ ប៉ុន្ដែ ត្រូវបាន​តុលាការ​បដិសេធ​រហូត បើទោះបី​ជា​ក្រុម​មេធាវី​អះ​អាង​ថា កូន​ក្ដី​របស់​ពួកគេ​កំពុង​មាន​បញ្ហា​សុខភាព និង​ត្រូវការ​ការព្យាបាល​ក៏​ដោយ។

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួនលោក កឹម សុខា ៦ ខែបន្ត​ទៀត ក្រោយ​​លោក​ត្រូវ​បានជាប់ឃុំរយៈពេលជាង ៦​ខែ​មក​ហើយ​នោះ ចាប់​តាំង​ពី​ថ្ងៃ​ទី​០៣ខែ​កញ្ញា​ឆ្នាំ​មុន។

លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង «ឃុប​ឃិត»ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ