ក្រុមមេដឹកនាំនៃបណ្ដាប្រទេសនៅក្នុងតំបន់អាងទន្លេមេគង្គ គ្រោងជួបពិភាក្សាគ្នានៅក្នុងប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ មិនដល់មួយសប្ដាហ៍ផងក្រោយពីកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គនៅទីក្រុងហាណូយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក ព្រមទាំងតំណាងរដ្ឋាភិបាលចិន និងភូមា គ្រោងចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ នៅខេត្តសៀមរាប នៅថ្ងៃទី៥ ខែមេសានេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ក្រុមមេដឹកនាំនៃបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ គ្រោងនឹងចេញសេចក្ដីថ្លែងការណ៍រួម ដែលក្រសួងការបរទេសថា ដើម្បីបង្ហាញការប្ដេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់របស់មេដឹកនាំប្រទេសទាំងនេះ។
ក្រៅពីកិច្ចប្រជុំកំពូលហើយ ក្រុមមេដឹកនាំបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ និងអគ្គលេខាធិការអាស៊ានថ្មី លោក លឹម ចូកហួយ ក៏គ្រោងជួបជជែកដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្រុមមេដឹកនាំនៃបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ បានជួបប្រជុំគ្នាជាថ្មីទៀត មិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីជំនួបរបស់ពួកគេនៅឯកិច្ចប្រជុំកំពូលនៃមហាអនុតំបន់ទន្លេមេគង្គនៅទីក្រុងហាណូយ កាលពីចុងសប្ដាហ៍កន្លងមកនេះ៕