អតីតឧបនាយករដ្ឋមន្ត្រីរំឭកឲ្យយាងព្រះមហាក្សត្រធ្វើជាអាជ្ញាកណ្តាលផ្សះផ្សាជាតិ

ព្រះមហាក្សត្រ​ ព្រះបរមនាថ នរោត្តមសីហមុនី កាលពីកន្លងទៅ

អ្នកនយោបាយជើងចាស់ ដែលកំពុងនិរទេសខ្លួន លោក លឺ ឡាយស្រេង អំពាវនាវទៅអ្នកនយោបាយវិលទៅរកតុចរចា ដោយ​មា​ន​ព្រះ​​ហា​​​​ក្ស​​ត្រ​ធ្វើ​​​ជា​អាជ្ញាកណ្តាលដើម្បីផ្សះផ្សាជាតិ ខណៈសម្ពាធពីប្រទេសលោកសេរីកាន់តែកើនឡើង​ជំរុញឲ្យ​ស្តា​​​​​រល​​​​ទ្ធិ​​​​​ប្រ​​​​​​​ជា​​​​ធិប​​​តេ​យ្យ​ឡើងវិញ ។

ការចាប់ឃុំខ្លួន លោក កឹម សុខា  និងការរំលាយគណបក្សប្រឆាំងមានអ្នកបោះឆ្នោតគាំទ្រជិត៣លានសំឡេងនោះ ត្រូវបានអ្ន​ក​ឃ្លាំមើល ដាក់ការព្រួយបារម្ភថា ជាសញ្ញាណនៃការបែកបាក់ជាតិ។

អតីតឧបនាយករដ្ឋមន្ត្រីលោក លឺ ឡាយស្រេង បានថ្លែងតាមវីដេអូឃ្លីប លើទំព័រហ្វេសប៊ុករបស់លោក នាថ្ងៃនេះថា មេដឹក​នាំបក្ស​កាន់អំណាច លោក ហ៊ុន សែន ​មិ​ន​គួរទុកឲ្យស្ថានការណ៍នយោបាយ ឈានទៅជាប់ទណ្ឌកម្មសេដ្ឋកិច្ច ពីប្រទេ​សលោ​​ក​សេ​​រី​នោះទេ លោកថា ព្រោះទណ្ឌកម្មនោះ អាចនឹងធ្វើឲ្យពលរដ្ឋអត់ការងារធ្វើ ប្រឈមនឹងជីវភាពរស់នៅ។

លោក លឺ ឡាយស្រេង រំឭកថា គណបក្សប្រឆាំងវិញ ក៏មិនត្រូវពឹងតែលោកសេរី ហើយបណ្តោយឲ្យ​ប្រជាតិធ្លាក់​ក្នុងការហ៊ុំព័​ទ​​សេ​​​​ដ្ឋ​កិច្ចពី​ប្រទេសលោកសេរីដែរ។ លោកថា មេដឹកនាំគួតែវិលទៅរកតុចរចា ដោយយាងព្រះមហា​ក្សត្រមកធ្វើ​​ជាអាជ្ញា​​​កណ្តា​ល ស្វែ​ងរកដំណោះស្រាយ ដើម្បីបញ្ចៀសវិបត្តិរបស់ជាតិនៅពេលខាងមុខ។

លោកថា ៖ អន្តរជាតិចូលមកសង្កត់ហើយ ងើបអត់រួចទេ អស់លោកកុំអាងចិនឲ្យសោះ យើងអាងខ្មែរវិញ កុំថាសង្គ្រោះជាតិអាងលោកខាងលិច សម្តេច ហ៊ុន សែន អាងចិន ឥឡូវឈប់អាង។ទាំងពីរនាក់ហ្នឹងត្រូវអាងព្រះករណាជីវិតតម្កល់លើត្បូង​​របស់យើង យាងចេញមកដោះស្រាយ»។

លោក លឺ ឡាយស្រេង បានគេចខ្លួនចេញទៅក្រៅប្រទេស អំឡុងចុងឆ្នាំ២០១៧ ក្រោយមេធាវី លោក គី តិច តំណា​ងរបស់​នាយ​​​ករដ្ខមន្ត្រី ប្តឹងពីបទប្រមាថព្រះមហាក្សត្រ ក្រោ​​​យ​ពីលោក រិះគន់ព្រះមហាក្សត្រ ដែលព្រះអង្គ បាន​ឡាយព្រះ​​​ហស្ត​លេ​​ខា លើ​​ច្បា​ប់​ដ៏ចម្រោងសម្រាសមួយចំនួន បើកផ្លូ​វឲ្យរំលាយ​គណ​បក្ស​សង្គ្រោះជាតិនោះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន​ បានច្រានចោលករណីនេះ ដោយថា គណ​បក្សកា​ន់អំណាច មិនលំអៀងទៅរកប្រទេសចិនទេ ហើយថាស្ថានការណ៍នយោបាយ​ពេលនេះ ពលរដ្ឋកំ​ពុងសប្បា​​យរីករា​យ​ថ្ងៃចូ​លឆ្នាំ​ថ្មីជិ​តមកដល់ ហើយថា ក៏គ្មានការប្រឈបនិងបែកបាក់ជាតិ ដូចការលើកឡើងនោះទេ។

លោកថា៖«យើងមិនគួរំខានអីព្រះមហាក្សត្រទេ អ្នកណាប្រព្រឹត្តិល្មើសច្បាប់អ្នកហ្នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។មិនអាចទៅរកព្រះរាជតួនាទីរបស់ព្រះរាជា មកកាន់ជើងអ្នកប្រឆាំងដែលធ្វើខុសច្បាប់នោះបានទេ»

VOD មិនអាចសុំការអត្ថាធិប្បាយពីលោកសម រង្ស៊ី ជុំវិញការលើកឡើងរបស់លោក លឺ ឡាយស្រេងនេះបានទេ។ ប៉ុន្តែគណ​ប​ក្សនេះ​​ធ្លាប់រិះគន់ថា ការរំលាយគណបក្សខ្លួនថា ជាការដើផ្ទុយពីលទ្ធិប្រជាធិបតេយ្យ និងរដ្ឋធន្មនុញ្ញ ។

របត់នយោបាយនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំមុខគេផ្តាច់ជំនួយដល់ គជប និងគំរាមបន្ថែ​មទៀតពីល​ទ្ធិភា​ពដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើរដ្ឋាភិបាលកម្ពុជាមិនធ្វើឲ្យស្ថានការណ៍វិលទៅរកសភាពដើមវិញ ធានាឲ្យគណបក្សសង្គ្រោះ​ជាតិដែ​លបានរំលា​យទៅហើយនោះ បានចូលរួមប្រកួតការបោះឆ្នោតឡើងវិញ។

អ្នកវិ​ភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់ប្រាប់VODកាលពីសប្តាហ៍មុនថា យន្តការក្នុងស្រុក មានព្រះមហាក្សត្រ ជា ​តួ​​អ​ង្គសំខាន់ក្នុងការបង្រួបបង្រួមជាតិ ដែលលោកថាមានធានាដោយរដ្ឋធម្មនុញ្ញ ។

រដ្ឋធម្មនុញ្ញមាត្រា២ចែងថា«ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ ព្រះ​​​​មហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធាណៈ​ ​ឲ្យមានភាពទៀងទាត់»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ