ពលរដ្ឋអាមេរិកដើមកំណើតខ្មែរដល់ទៅ ៤៣នាក់ទៀត ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃនេះ ទៅតាមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស់មួយរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងក្រុងវ៉ាស៊ីងតោនកាលពីជាង ១៦ឆ្នាំមុន។
សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយថា ពលរដ្ឋអាមេរិកដើមកំណើតខ្មែរ ៤៣នាក់ ក្នុងនោះមានទាំងស្ត្រី ៣នាក់ផងដែរ ត្រូវបានបញ្ជូនតាមយន្តហោះមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ៧កន្លះព្រឹកថ្ងៃនេះ។
VOD មិនអាចសុំព័ត៌មានកំអិតពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន បានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
កាលពីឆ្នាំ២០០២ កម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នា (MoU) ជាមួយសហរដ្ឋអាមេរិក ដោយយល់ព្រមទទួលយកពលរដ្ឋអាមេរិកដើមកំណើតវិញ បើពួកគេទៅរស់នៅទីនោះ ហើយបានប្រព្រឹត្តិល្មើសទៅនឹងច្បាប់របស់សហរដ្ឋអាមេរិកនោះ។
ប៉ុន្តែ កន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្លាប់រិះគន់អាមេរិកជុំវិញការបញ្ជូនពលរដ្ឋអាមេរិកដើមកំណើតខ្មែរទាំងនោះ មកកាន់កម្ពុជាវិញ ថា ជារឿងអមនុស្សធម៌មួយ នៅពេលពួកគេទទួលទោសចប់ហើយ ប៉ុន្តែ ពួកគេត្រូវបែកចេញពីក្រុមគ្រួសារថែមទៀត។
លោក ហ៊ុន សែន ធ្លាប់ជំរុញឲ្យអាមេរិកឲ្យពិចារណាក្នុងនាមប្រទេសមហាអំណាច គោរពសិទ្ធិមនុស្ស ធ្វើវិសោធនកម្មកែប្រែ កិច្ចព្រមព្រៀងនេះឡើងវិញ៕